នៅតែមានមនុស្សជាច្រើន ដែលមានចម្ងល់ថា ជំងឺផ្លូវចិត្តមិនមែនជាជំងឺផ្លូវកាយ ចុះហេតុអ្វីបានជាត្រូវលេបថ្នាំ? ដូច្នេះថ្ងៃនេះ វេជ្ជ. ងិន រតនរមនា ឯកទេស វិកលវិទ្យា នឹងធ្វើការបកស្រាយលម្អិតប្រាប់អ្នកទាំងអស់គ្នា ជាមួយនឹង វចនា-Vachana ដូចខាងក្រោម៖
ជាទូទៅមនុស្សជាច្រើនគឺមានបញ្ហាផ្លូវចិត្ត ប៉ុន្តែនៅក្នុងសភាពធម្មតាដែលយើងអាចលទ្ធភាពក្នុងការដោះស្រាយបញ្ហាទាំងអស់នោះ ដោយប្រើប្រាស់បទពិសោធន៍ ឬក៏ចំណេះដឹងរបស់ខ្លួន ឬក៏យើងអាចសួរនាំពីមនុស្សជុំវិញខ្លួន ដែលធ្វើឲ្យយើងអាចដោះស្រាយបាន។
ប៉ុន្តែនៅពេលដែលបញ្ហានោះវាធំធេងខ្លាំងពេក វាអូសបន្លាយយូរពេក ក្លាយទៅជាជំងឺផ្លូវចិត្ត ដែលវាប៉ះពាល់ទៅដល់ជីវិតរបស់យើងប្រចាំថ្ងៃ ដូច្នេះការប្រើប្រាស់ថ្នាំពិតជាមានសារៈសំខាន់ ព្រោះសារធាតុថ្នាំអាចជួយសម្របសម្រួលសារធាតុគីមីនៅក្នុងខួរក្បាល ហើយក៏ទៅសម្របសម្រួលដំណើរការជីវសាស្រ្តនៅក្នុងខ្លួនផងដែរ ហើយវាអាចដោះស្រាយនូវរោគសញ្ញាផ្លូវកាយមួយចំនួន ដែលបង្ករមកពីបញ្ហាផ្លូវចិត្ត។
ឧទាហរណ៍៖ បញ្ហាដំណេក បញ្ហាក្នុងការញ៉ាំអាហារ បញ្ហាក្រពះពោះវៀន ឬក៏បញ្ហាក្នុងការដកដង្ហើម ថប់ៗជាដើម
ហើយនៅក្នុងជំងឺផ្លូវចិត្តមួយចំនួន ការប្រើប្រាស់ថ្នាំពិតជាមានសារៈសំខាន់បំផុត ដោយសារអ្នកជំងឺមានអាការៈរវើរវាយ គាត់ស្តាប់លឺសម្លេងចម្លែកៗ ទាំងមិនមានមនុស្សនៅទីនោះ ឬក៏គាត់មើលឃើញរូបភាពចម្លែកៗ ដែលជាអមនុស្ស ឬជាខ្មោច ដែលវាប៉ះពាល់ទៅដល់ការរស់នៅរបស់គាត់ខ្លាំង នោះការប្រើប្រាស់ថ្នាំ នឹងទៅបញ្ចុះសារធាតុគីមី ដែលវានៅក្នុងខ្លួនរបស់គាត់ ពេលដែលវាឡើងលើសពេក ឲ្យត្រឡប់មកមានតុល្យភាពវិញ ចឹងមានន័យថា អ្នកជំងឺគាត់អាចនឹងបាត់បង់សម្លេងដែលរំខាន់គាត់ ឬក៏គាត់លែងមើលឃើញនូវរូបភាពដែលធ្វើឲ្យប៉ះពាល់ជីវិតគាត់ផងដែរ។
យ៉ាងណាក៏ដោយ ការប្រើប្រាស់ថ្នាំតែម៉្យាងវាមិនគ្រប់គ្រាន់ទេ វាក៏ផ្គុំដោយការព្យាបាលដោយចិត្តសាស្រ្ត ចឹងការព្យាបាលទាំងពីរនេះបើវាបូកបញ្ចូលគ្នា ហើយនៅក្នុងរយៈពេលមួយ អ្នកជំងឺអាចនឹងឈានទៅរកភាពធូរស្រាល និងឈានទៅដល់ការជាសះស្បើយផងដែរ។