ខ្ញុំធ្លាប់ផ្ញើសេចក្តីសុខខ្លួនឯងនៅនឹងអ្នកផ្សេងច្រើនលើកច្រើនសារ រួចមកហើយ តែចុងបញ្ចប់ ខ្ញុំខ្លួនឯងមានតែភាពគ្រាំគ្រា និងខកចិត្ត។ ខ្ញុំធ្លាប់គិតថាគេជាសុភមង្គលខ្ញុំ គេជាដង្ហើមចេញចូលរបស់ខ្ញុំ មានគេ ខ្ញុំមានក្តីសុខ តែការពិតនោះជារឿងខុសធ្ងន់បំផុតក្នុងជីវិតខ្ញុំ ដែលអនុញ្ញាតឲ្យគេមានឥទ្ធិពលលើជីវិតខ្ញុំច្រើនជាងខ្ញុំខ្លួនឯងទៀត។
ពេលគេសប្បាយចិត្ត គេល្អដាក់ខ្ញុំ ខ្ញុំរីករាយ តែដល់ពេលគេមិនសប្បាយចិត្ត គេមិនខ្វល់ពីខ្ញុំ គេរករឿងខ្ញុំ ខ្ញុំក៏ដេកយំ ដេកខូចចិត្តតែឯង។ ជីវិតខ្ញុំត្រូវបានស្ថិតលើមាត់គេ គេចង់និយាយឲ្យខ្ញុំសើច ខ្ញុំក៏សើច គេចង់និយាយឲ្យខ្ញុំទឹកភ្នែក ខ្ញុំក៏ទឹកភ្នែក។ ត្រឡប់ទៅគិតរឿងនេះ ខ្ញុំអស់សំណើចនឹងខ្លួនឯង ហេតុអីខ្ញុំល្ងង់បែបនេះ? ព្រោះស្រឡាញ់គេ? ឬក៏ខ្ញុំទន់ជ្រាយពេក? តែមិនអីទេ ទោះហេតុផលបែបណាក៏ដោយក៏វាហួសអស់ដែរ។ យ៉ាងណាមកដល់ពេលនេះ ក៏អរគុណគេ ដែលគេធ្វើឲ្យខ្ញុំអាចរកសេចក្តីសុខពិតប្រាកដខ្លួនឯងឃើញវិញ។
បើថ្ងៃនោះគេមិនចាកចេញពីខ្ញុំ គេមិនធ្វើអាក្រក់ដាក់ខ្ញុំ ប្រហែលខ្ញុំនៅតែល្ងង់ រកខ្លួនឯងមិនឃើញទេ។អរគុណមនុស្សម្នាក់ ដែលឲ្យសុភមង្គលរបស់ខ្ញុំមកខ្ញុំវិញ។
អរគុណ!