ជំងឺលើសសម្ពាធឈាម ដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹង!

Beauty-&-Health-V2

ក្នុងចំណោមស្រ្ដីមានផ្ទៃពោះចំនួន១០នាក់ មានម្នាក់មានជំងឺលើសសម្ពាធឈាម អំឡុងពេលមានផ្ទៃពោះ ដែលអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ឬអាចមានគ្រោះថ្នាក់ខ្ពស់ដល់ជីវិត។

១) តើជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះជាជំងឺដូចម្តេច?

ជាការពិតទៅ ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ មាននិយមន័យដូចទៅនឹងជំងឺលើសសម្ពាធឈាមលើស្ត្រី ដែលអត់មានផ្ទៃពោះ ដោយសម្ពាធឈាមខាងលើ (Systolic) លើសពី១៤០mmHg និងខាងក្រោម (Diastolic) លើសពី៩០mmHg ហើយលើសពីនោះ វាក៏ជាកត្តាដែលប្រឈមទៅនឹងការស្លាប់ទាំងម្ដាយទាំងកូនផងដែរ។

ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះត្រូវបានចែកចេញជា៤ប្រភេទគឺ៖

ក) ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ (Pre-existing or chronic hypertension)៖

មានន័យថាអ្នកជំងឺមានការលើសសម្ពាធឈាមមុន ២០សប្ដាហ៍នៃគភ៌(ពពោះ) ក៏មានន័យថាមុនពេលមានផ្ទៃពោះស្រ្ដីជាម្ដាយមានជំងឺលើសសម្ពាធឈាមរួចទៅហើយ។

ខ) ជំងឺលើសសម្ពាធឈាមពេលមានផ្ទៃពោះ (Gestational hypertension)៖

ជាការលើសសម្ពាធឈាមក្រោយ២០សប្ដាហ៍នៃការពពោះ។

គ) ជំងឺបម្រុងក្រឡាភ្លើង (Preeclampsia)៖

មានន័យថាអ្នកជំងឺមានលើសសម្ពាធឈាមរួមជាមួយនឹងជាតិប្រូតេអ៊ីននៅក្នុងទឹកនោម (proteinuria) លើសពី៣០០មីលីក្រាមក្នុង២៤ម៉ោង។ ប៉ុន្តែក្នុងការណែនាំថ្មីនៃការធ្វើរោគវិនិច្ឆ័យជំងឺបម្រុងក្រឡាភ្លើង គឺយើងអាចរួមបញ្ចូលទៅនឹងរោគសញ្ញាគ្លីនិកដទៃទៀតដូចជា៖

– ស្រវាំងភ្នែក

– ការប៉ះពាល់ទៅលើមុខងារថ្លើមសម្គាល់បានដោយឈឺនៅឆ្អឹងជំនីក្រោមខាងស្ដាំការឡើងខ្ពស់នៃអង់ស៊ីម Transaminase

– ការប៉ះពាល់ទៅលើតម្រងនោមដោយមានការកើនឡើងនៃ Creatinine

– អាចឃើញមានជំងឺហើមសួត (Pulmonary edema) ផងដែរ។

ឃ) ជំងឺបម្រុងក្រឡាភ្លើង រួមនឹងជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ៖

មានន័យថា អ្នកជំងឺមានលើសសម្ពាធឈាមមុនពពោះ រួមជាមួយរោគសញ្ញា នៃជំងឺបម្រុងក្រឡាភ្លើង ក្រោយ២០សប្តាហ៍នៃការពពោះ។

២) តើមានកត្តាណាខ្លះជំរុញឲ្យកើតជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ?

កត្តាដែលស្ត្រីមានផ្ទែពោះងាយប្រឈមមុខនឹងជំងឺលើសសម្ពាធឈាមមានដូចជា៖

– ស្រ្ដីដែលមានផ្ទៃពោះមានអាយុលើសពី៤០ឆ្នាំ ឬតិចជាង១៨ឆ្នាំ

– ស្រ្ដីធាត់ខ្លាំង

– ស្រ្ដីធ្លាប់មានជំងឺបម្រុងក្រឡាភ្លើងពីមុនមក

– ស្រ្ដីពពោះកូនភ្លោះ

– ស្រ្តីមានជំងឺលើសឈាម

– ស្រ្ដីមានវិបត្តិតម្រងនោម

– ស្រ្ដីមានជំងឺពាក់ព័ន្ធទៅនឹងប្រព័ន្ធប្រឆាំងរាងកាយ (autoimmune disease)

– ឬស្រ្ដីមានជំងឺទឹកនោមផ្អែម។

៣) តើជំងឺនេះផ្តល់ផលប៉ះពាល់ណាខ្លះទៅលើម្ដាយ និងកូន?

អ្វីដែលជាក្ដីបារម្ភទៅលើស្ត្រីដែលកើតមានជំងឺលើសឈាមកំឡុងពេលមានផ្ទៃពោះ គឺជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ជាពិសេសចំពោះអ្នកដែលស្ថិតក្នុងក្រុមបម្រុងក្រឡាភ្លើង ឬក្រឡាភ្លើងដែលអាចប៉ះពាល់ទៅលើអាយុជីវិតទាំងម្ដាយ និងកូន។

– ការប៉ះពាល់ផ្នែកខាងម្ដាយ៖ ស្រ្ដីជាម្ដាយអាចប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាល ឬកើតមានជំងឺហើមសួត (Pulmonary Edema) ដោយស្រ្ដីនោះមានរោគសញ្ញាហត់ខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត មិនតែប៉ុណ្ណោះ ក្នុងពេលតែមួយក៏អាចមាននូវការប្រកាច់ បែកគ្រាប់ឈាម ការថយចុះនៃចំនួនប្លាកែត ព្រមទាំងមានវិបត្តិថ្លើម និងតម្រង់នោមធ្ងន់ធ្ងរទៀតផង ហើយប្រសិនបើពុំមានការព្យាបាលត្រឹមត្រូវនោះទេ អ្នកជំងឺនឹងឈានទៅរកសេចក្ដីស្លាប់រហូតទៅដល់ ១០ ទៅ ១៥%។

– ការប៉ះពាល់ផ្នែកខាងកូន៖ ទារកអាចប្រឈមទៅនឹងការកើតមិនគ្រប់ខែ មានការលូតលាស់យឺតយ៉ាវជាងក្មេងធម្មតា ឬមានជំងឺវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ឬមួយមានគ្រោះថា្នក់ដល់ជីវិតតែម្ដង។

៤) តើត្រូវព្យាបាលជំងឺនេះដូចម្តេច?

យើងអាចធ្វើការព្យាបាលទៅលើជំងឺនេះបាន ប៉ុន្តែយើងមិនអាចប្រាកដថាមិនមានគ្រោះថ្នាក់ដល់ជីវិត១០០%នោះទេ ដោយក្នុងនោះមាន១០% ទៅ ១៥% ជាករណីដែលយើងមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែជាទូទៅ ប្រសិនបើអ្នកជំងឺស្ថិតក្នុងក្រុមដែលលើសសម្ពាធឈាមពេលមានផ្ទៃពោះ ឬភាសាបច្ចេកទេសហៅថា “Gestational Hypertension” ការលើសសម្ពាធឈាមនឹងត្រឡប់ទៅរកសភាពធម្មតាវិញបន្ទាប់ពីសម្រាលកូនរួច ៣ ទៅ ៤សប្តាហ៍ ឬ៣ខែក្រោយដែលវាអាស្រ័យទៅលើមនុស្សម្នាក់ៗ។ ចំណែកឯអ្នកជំងឺដែលស្ថិតក្នុងក្រុមលើសសម្ពាធឈាមរ៉ាំរ៉ៃវិញ ការលើសសម្ពាធឈាមនឹងមិនបាត់ទៅវិញឡើយ ដែលតម្រូវឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាមយូរអង្វែង។

៥) តើជំងឺនេះអាចបង្កាបានយ៉ាងដូចម្តេច?

ចំពោះវិធីបង្កាវិញ ប្រសិនបើស្រ្តីដែលធ្លាប់កើតមានជំងឺនេះម្ដងរួចទៅហើយ ដូច្នេះគាត់ត្រូវតែទៅតាមដានជាមួយគ្រូពេទ្យជំនាញឲ្យបានជាប់លាប់ បើសិនជាគាត់ចង់មានគភ៌លើកក្រោយទៀត ដើម្បីចៀសវាងគ្រោះថ្នាក់ក្នុងការកើតជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះម្ដងទៀត។

ប្រសិនបើស្រ្តីមានផ្ទៃពោះ រួចសង្ស័យថាខ្លួនឯងមានរោគសញ្ញាដូចជា ឈឺក្បាល ស្រវាំងភ្នែក ឬចុកចុងដង្ហើម សូមប្រញាប់ប្រញាល់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីកាត់បន្ថយអត្រាការស្លាប់របស់ម្ដាយ និងទារកអំឡុងពេលមានផ្ទៃពោះ និងពេលសម្រាល។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត – Calmette Hospital

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង