ទាក់ទងនឹងបញ្ហាដែលថា តើជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះ ខុសគ្នាពីទឹកនោមផ្អែមធម្មតាយ៉ាងណា? និងគួរព្យាបាលបែបណា វេជ្ជបណ្ឌិត ទឹង សុគន្ធមាលា ឯកទេសសម្ភព និង រោគស្រី្ត នឹងធ្វើការបកស្រាយលម្អិតដូចខាងក្រោម៖
១.តើជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះ ខុសគ្នាពីទឹកនោមផ្អែមធម្មតាយ៉ាងណា? ហេតុអ្វីបានអ្នកខ្លះមាន អ្នកខ្លះមិនមាន?
👉 វាជាការកើនឡើងនៃកំរិតជាតិស្ករនៅក្នុងឈាមដូចគ្នា តែត្រូវបានដែលរកឃើញជាលើកដំបូងនៅកំឡុងពេលមានផ្ទៃពោះ( ២- ១០% នៃផ្ទៃពោះទាំងអស់)។
👉 ដោយសារមានកត្តាច្រើនយ៉ាងដែលគួបផ្សំ៖
- អរម៉ូន៖ បំរែបំរួល អរម៉ូនផ្ទៃពោះ (ពិសេសចាប់ពីត្រីមាសទី២) => អតុល្យភាពរបស់សកម្មភាព អរម៉ូន លំពែង (អាំងស៊ុយលីន/insulin-resistance) ដែលមានតួនាទី គ្រប់គ្រងលំនឹងជាតិស្ករជាតិស្ករក្នុងចរន្តឈាម ។
- អតុល្យភាពនៃលំនឹងរបបអាហារ។
- កត្តាតំណពូជ(ឳពុក ម្តាយមានជំងឺទឹកនោមផ្អែម)។
- សុខភាពផ្ទាល់ខ្លួន៖ ផ្ទៃពោះមុនៗធ្លាប់មានជំងឺទឹកនោមផ្អែម រឺ ស្ត្រីមានបញ្ហាត្រៀមទឹកនោមផ្អែមស្រាប់ (pre-diabetes) មានគភ៍នៅអាយុ ³៣៥ឆ្នាំ ទំងន់លើសកំរិត (BMI >/= 25 kg/m2) ។
២. តើជម្ងឺនេះធ្ងន់ធ្ងរដែរអត់? ហើយដើម្បីធ្វើរោគវិនិច្ឆ័យពិបាកខ្លាំងអត់?
👉 ជាទូទៅមិនប៉ះពាល់ដល់អាយុជិវិត ម្តាយ និង ទារកទេ ។ ករណីគ្រប់គ្រងមិនត្រឹមត្រូវ ម្តាយអាចសម្រាលតាមធម្មជាតិមិនបានដោយសារសុខភាពផ្ទាល់ខ្លួនរឺ កូនថ្លោសពេក ពិសេសអាចផ្តល់ផលវិបាកមុន និង ក្រោយសម្រាល ទាំងម្តាយ និង បុត្រ។
👉 ការស្វែងរកមិនលំបាកទេ។ យើងពិនិត្យកំរិតជាតិស្ករក្នុងឈាមមុនពេលហូបអាហារ ពេលនៅកំឡុងត្រីមាសទីមួយ
និង ធ្វើតេស្តដោយពិសារជាតិស្ករ ៧៥ក្រាម ( OGTT ) នៅចុងត្រីមាសទី២ រឺ ដើមត្រីមាសទី៣ ដែលការធ្វើបែបណាអាស្រ័យលើការវាយតម្លៃរបស់វេជ្ជបណ្ឌិត និង កត្តា ប្រឈមដែលម្តាយមាន។
៣. ចឹងតើជម្ងឺនេះគួរតាមដាន ព្យាបាលបែបណាទើបត្រឹមត្រូវ និង សុវត្ថិភាពសម្រាប់ម្តាយ និង កូនក្នុងផ្ទៃ ?
👉 ផ្តើមពីការផ្លាស់ប្តូររបបចំណីអាហារ របៀបរបបក្នុងការរស់នៅ ជាមួយលំហាត់ប្រាណសមស្រប ។
👉 ករណីមិនជោគជ័យ ឈានដល់ការប្រើប្រាស់ថ្នាំចាក់(ប្រភេទ អាំងស៊ុយលីន )។
👉 ការតាមដាន៖
- កំឡុងពេលមានផ្ទៃពោះ ៖ ជាមួយវេជ្ជបណ្ឌិតឯកទេសសម្ភពសម្រាប់សុខភាពផ្ទៃពោះ និង វេជ្ជបណ្ឌិតឯកទេសផ្នែកក្រពេញអរម៉ូន សម្រាប់ការគ្រប់គ្រងលំនឹងជាតិស្ករ។
- បន្តតាមដានកំរិតជាតិស្ករនៅផ្ទះអោយ ទៀងទាត់ទោះការព្យាបាលមានលំនឹង(ធ្វើតេស្តជួសចុងដៃ)។
- ក្រោយសម្រាល(ចន្លោះ សប្តាហ៍ទី ៦ ដល់ ៨)៖ តេស្តពិសារជាតិស្ករ ៧៥ក្រាម ( OGTT ) និង វិភាគឈាមចាំបាច់ផ្សេងទៀត ដើម្បីបញ្ជាក់ពីការត្រឡប់មកសភាពធម្មតារបស់ស្ត្រី។
ម្តងទៀតនៅចន្លោះសប្តាហ៍ទី ២៤-២៨ ករណីរកឃើញថាមានកត្តា១ ក្នុងចំណោមកត្តាទាំងអស់ខាងលើ (ទោះបីតេស្តលើកទី១ធម្មតាក៏ដោយ)។
៤. តើអ្វីជាការគ្រប់គ្រង និង តាមដានបន្តដែលត្រឹមត្រូវ ?
👉 ផ្តើមពីការផ្លាស់ប្តូររបបចំណីអាហារ របៀបរបបក្នុងការរស់នៅ ជាមួយលំហាត់ប្រាណសមស្រប ។
👉 ករណីមិនជោគជ័យ ឈានដល់ការប្រើប្រាស់អាំងស៊ុយលីន។
👉 ការតាមដាន៖
- កំឡុងពេលមានផ្ទៃពោះ ៖ ជាមួយវេជ្ជបណ្ឌិតឯកទេសសម្ភពសម្រាប់សុខភាពផ្ទៃពោះ និង វេជ្ជបណ្ឌិតឯកទេសផ្នែកក្រពេញអរម៉ូន សម្រាប់ការគ្រប់គ្រងលំនឹងជាតិស្ករ។
- ក្រោយសម្រាល(ចន្លោះ សប្តាហ៍ទី ៦ ដល់ ៨)៖ តេស្តពិសារជាតិស្ករ ៧៥ក្រាម ( OGTT ) និង វិភាគឈាមចាំបាច់ផ្សេងទៀត ដើម្បីបញ្ជាក់ពីការត្រឡប់មកសភាពធម្មតារបស់ស្ត្រី។
៥.តើការគ្រប់គ្រងមិនត្រឹមត្រូវផ្តល់ផលវិបាកអ្វីខ្លះដល់មាតា និង ទារក?
👉 ម្តាយ៖ ផលវិបាកមុន និង ក្រោយសម្រាលនៃជម្ងឺទឹកនោមផ្អែមផ្ទាល់ ប្រឈមនឹងជំងឺលើសសម្ពាធឈាម/បម្រុងក្រលាភ្លើង ការឆ្លងរោគ និង រលាកប្រព័ន្ធបង្ហួរនោមរុំារ៉ៃ ។
👉 ទារក:ប្រឈមនឹងការសំរាលមុនកំណត់ ឬ បញ្ឈប់ការលូតលាស់ក្នុងផ្ទៃ សម្រាលលើសទំងន់ ប្រឈមនឹងការចុះជាតិស្ករក្រោយសម្រាលភ្លាមៗ ឬផលវិបាកប្រពន្ធ័មេតាបូលិករបស់ទារក។ល។