ការគេងឲ្យបានគ្រប់គ្រាន់ គឺជារឿងមួយល្អសម្រាប់រាងកាយ និង សុខភាពរបស់អ្នក ប៉ុន្តែវានឹងមានហានិភ័យសម្រាប់សុខភាពរបស់អ្នកដូចគ្នា នៅពេលដែលអ្នកគេងលើសម៉ោង ឬ គេងច្រើនពេក។ ខាងក្រោមនេះ ជាបញ្ហាមួយចំនួនដែលអ្នកអាចប្រឈមមុខនៅពេលដែលអ្នកគេងច្រើនពេក ៖
១. នាំទៅរកការឡើងទម្ងន់
តាមការសិក្សាបានបង្ហាញថា មនុស្សដែលគេងលើសពីប្រាំបី ទៅ ប្រាំបួនម៉ោងក្នុងមួយថ្ងៃ គឺ 25% ទំនងជាអាចឡើងទម្ងន់យ៉ាងងាយ ទោះបីជាចូលរួមក្នុងសកម្មភាពរាងកាយ ដូចជាហាត់ប្រាណ និង តមអាហារក៏ដោយ ប៉ុន្តែអ្នកនៅតែប្រឈមមុខក្នុងការឡើងគីឡូនៅពេលអនាគត។
២. នាំទៅរកជំងឺបាក់ទឹកចិត្ត ការគេងមិនលក់ និង គេងច្រើនម៉ោងពេក គឺ អាចពាក់ពន្ធ័ជាមួយបញ្ហាផ្លូវចិត្ត និង អារម្មណ៍ច្រើន ព្រោះការគេងយូរ អាចបង្កើនភាពនឿយហត់ក្នុងរាងកាយរបស់អ្នក ជាហេតុធ្វើឱ្យអ្នកគិតច្រើន និង អស់សង្ឃឹម។ លើសពីនេះ នៅពេលអ្នកមិនងើបពីគ្រែគេង យូរៗទៅ គំនិតអវិជ្ជមានកាន់តែច្រើន ផុសឡើងនៅក្នុងក្បាលរបស់អ្នក ហើយអាចនាំអ្នកទៅរកជំងឺបាក់ទឹកចិត្តយ៉ាងស្រួល។ ៣. អាចបង្កើនហានិភ័យនៃជំងឺបេះដូង
ការគេងច្រើនពេក មិនត្រឹមតែបាត់បង់ពេលដ៏មានតម្លៃរបស់អ្នកទេ ប៉ុន្តែ វាក៏ប៉ះពាល់ដល់សរីរាង្គដ៏សំខាន់បំផុតនៅក្នុងរាងកាយ និង បេះដូងរបស់អ្នកផងដែរ។ លើសពីនេះ ការសិក្សាបាននិយាយថា ការគេងច្រើនពេក បង្កើនហានិភ័យនៃជំងឺបេះដូងដល់ទៅ 30 ភាគរយ ជាភាគរយដ៏ច្រើននៃការស្លាប់នាថ្ងៃខាងមុខ ដែលបណ្តាលមកពីបញ្ហាជំងឺបេះដូងនេះឯង។
៤. អាចកាត់បន្ថយឱកាសនៃការមានផ្ទៃពោះរបស់ស្ត្រី
ការគេងច្រើន ក៏អាចប៉ះពាល់ដល់សុខភាព នៃការមានកូនក្នុងចំណោមស្ត្រីផងដែរ។ តាមការសិក្សាបានបង្ហាញម្តងហើយម្តងទៀតថា អត្រានៃការមានផ្ទៃពោះត្រូវបានគេរកឃើញថាមានកម្រិតខ្ពស់ក្នុងចំណោមស្ត្រីដែលគេងលក់ស្រួលរយៈពេល 7-8 ម៉ោងជាងអ្នកដែលគេងលើសពី 9 ម៉ោងក្នុងមួយថ្ងៃ។
៥. អាចប៉ះពាល់ដល់ខួរក្បាលរបស់អ្នក
ការសិក្សាមួយបានពន្យល់ថា ការគេងច្រើនម៉ោងពេក អាចប៉ះពាល់ដល់ខួរក្បាលរបស់អ្នកយ៉ាងអវិជ្ជមាន ដូចជា ឈឺក្បាល និង ធ្វើឱ្យខូចសមត្ថភាពនៃការយល់ដឹងរបស់ខួរក្បាល មិនអាចរំលឹកនិងចងចាំអ្វីមួយចំនួនបានភ្លាមៗ ហើយស្ថានភាពខួរក្បាលកាន់តែយ៉ាប់យ៉ឺន និង អាចប៉ះពាល់ ក្នុងការអនុវត្តកិច្ចការប្រចាំថ្ងៃដ៏សាមញ្ញថែមទៀតផង។
ទាំងនេះ គឺជាបញ្ហាមួយចំនួនដែលអ្នកអាចប្រឈមមុខ នៅពេលអ្នកគេងលើសកំណត់ ដូចនេះកុំព្យាយាមបណ្តោយខ្លួនឲ្យគេងច្រើនម៉ោងពេក អ្នកគួរតែមានកាលវិភាគគេង និង ធ្វើយ៉ាងណាឲ្យខ្លួនឯងគេងឲ្យបានគ្រប់គ្រាន់ ពី ៧-៨ ម៉ោងក្នុងមួយថ្ងៃ។
ប្រភព ៖ stylescraze.com
បញ្ចេញមតិយោបល់