ការលាងមុខរបស់អ្នក ជាមួយនឹងទឹកត្រជាក់អាចជួយជំរុញឈាមរត់របស់អ្នក ការពារការកើតមុន និងកាត់បន្ថយការរលាក ទោះជាយ៉ាងណាក៏ដោយ អ្វីៗអាចស្មុគស្មាញ នៅពេលអ្នកមិនច្បាស់ថា តើអ្នកគួរលាងមុខប៉ុន្មានដងក្នុងមួយថ្ងៃ ផលិតផលមួយណាដែលត្រូវប្រើ ឬសូម្បីតែសីតុណ្ហភាពទឹកដែលត្រូវប្រើ ទឹកក្តៅ ឬទឹកត្រជាក់?
ខាងក្រោមនេះ នឹងជួយឲ្យអ្នកអាចស្វែងយល់ថា តើទឹកត្រជាក់ ឬទឹកក្តៅគឺល្អសម្រាប់ស្បែក បន្ថែមពីលើការលាងមុខពីជាមួយហ្វូមរបស់អ្នក។
ការលាងសម្អាតមុខ ជាមួយនឹងទឹកត្រជាក់ផ្តល់ភាពវិជ្ជមានជាច្រើន ដល់ស្បែករបស់អ្នក។ ក្នុងនោះ Sophia Knapp អ្នកជំនាញផ្នែកកែសម្ផស្ស ដែលមានអាជ្ញាប័ណ្ណនៅក្រុមហ៊ុនថែរក្សាស្បែក និងគ្រឿងសំអាង Oxygenetix បាននិយាយថា “ដោយសារតែទឹកក្តៅនឹងកំចាត់ប្រេង ដែលអាចបណ្តាលឱ្យបែកញើស ជាលទ្ធផល វាអាចនឹងធ្វើឱ្យស្បែករបស់អ្នកផលិតប្រេងកាន់តែច្រើន” ក្នុងករណីនេះ ទឹកត្រជាក់អាចធ្វើការងារដ៏អស្ចារ្យ ក្នុងការគ្រប់គ្រងកម្រិតជាតិប្រេង។
_ អត្ថប្រយោជន៍នៃទឹកត្រជាក់
Knapp បាននិយាយថា៖ “ទឹកត្រជាក់អាចមានប្រយោជន៍ជាពិសេស សម្រាប់ស្បែកស្ងួត ឬកើតមុន ប្រសិនបើអ្នកមានស្បែកស្ងួតរ៉ាំរ៉ៃ ទឹកក្តៅអាចបំបាត់កម្រិតជាតិខ្លាញ់ (ប្រេង) របស់អ្នក និងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ដូច្នេះទឹកត្រជាក់គឺជាជម្រើសដ៏ល្អ”។
_ គុណវិបត្តិនៃទឹកត្រជាក់
Knapp ក៏បានពន្យល់ថា៖ “ចាប់តាំងពីទឹកត្រជាក់រឹតបន្តឹងរន្ធញើសរបស់អ្នក បាក់តេរី និងកំទេចកំទីអាចជាប់នៅលើស្បែក ហើយនឹងមិនសម្អាតចេញបានយ៉ាងងាយ ដូចការប្រើទឹកក្តៅទេ” បន្ថែមពីនេះ នាងក៏បានណែនាំឱ្យលាងមុខជាមួយទឹកក្តៅឧណ្ហៗជាមុនសិន ដើម្បីកម្ចាត់គ្រឿងសម្អាង និងជាតិពុល បន្ទាប់មកបញ្ចប់ដោយទឹកត្រជាក់លាងមុខដើម្បីបង្រួមរន្ធញើស និងជំរុញចលនាឈាមរត់ឱ្យមានសុខភាពល្អ។
ប្រភព៖ healthline