តែ និង កាហ្វេ មួយណាល្អសម្រាប់សុខភាពជាង??

Vachana-Website-Beauty-Health-V2-2

តែ និង កាហ្វេ ត្រូវបានគេទទួលស្គាល់ថា ជាភេសជ្ជៈដែលទទួលបានប្រជាប្រិយភាពជាងគេក្នុងពិភពលោក ហើយរបស់ទាំងពីរនេះសុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាពរបស់អ្នក។ ដូច្នេះ ក្នុងអត្ថបទខាងក្រោមនេះ នឹងប្រៀបធៀប 4 ចំណុចរវាងតែ និងកាហ្វេទៅលើសុខភាពរបស់អ្នក ៖ 

១. ផ្តល់ថាមពលដល់រាងកាយ

តើតែ និងកាហ្វេមួយណាផ្តល់ថាមពលឲ្យអ្នកជាងគេ?? ពិតណាស់ កាហ្វេគឺអស្ចារ្យណាស់សម្រាប់ការបង្កើនថាមពលយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យវាពេញនិយមយ៉ាងខ្លាំងនៅពេលព្រឹក។ ផ្ទុយមកវិញ តែ  ក៏ផ្តល់នូវការបង្កើនថាមពលដែលទ្រទ្រង់ ដល់រាងកាយរបស់អ្នកបន្ថែមទៀត។ ដូចដែល អ្នកបានដឹងរួចមកហើយថា តែ គឺមានជាតិកាហ្វេអ៊ីនតិចជាងកាហ្វេ ដូច្នេះឥទ្ធិពលរបស់វាលើរាងកាយរបស់អ្នកប្រហែលតិចជាងកាហ្វេ។

២.  គុណភាពនៃការគេង

តើកាហ្វេនិងតែមួយណាជាជម្រើសល្អសម្រាប់ដំណេករបស់អ្នក?? កាហ្វេ​និង​តែ ​គឺ​ល្អដល់សុខភាពរបស់អ្នកទាំងពីរដរាបណា​អ្នក​គេងបានគ្រប់គ្រាន់។ ផ្ទុយពីនេះដែរ អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Surrey បានរកឃើញថា អ្នកផឹកតែមានទំនោរទៅរកពេលវេលាគេងលក់ស្រួលជាងអ្នកផឹកកាហ្វេ។ ដូចនេះហើយ ប្រសិនបើអ្នកគេងមិនលក់នៅពេលយប់ គួរតែឧស្សាហ៍ផឹកតែច្រើនជាងកាហ្វេវិញ ព្រោះវានឹងងាយធ្វើឲ្យអ្នកងងុយគេងលឿនជាងកាហ្វេ។

៣. អត្ថប្រយោជន៍រាងកាយសម្រាប់អ្នកចូលចិត្តផឹកកាហ្វេ ៖ គ្រាប់កាហ្វេក៏មានផ្ទុកនូវសារធាតុចិញ្ចឹមច្រើនផងដែរ។ រាល់ពេលដែលអ្នកផឹកកាហ្វេ អ្នកក៏ទទួលបានសារធាតុចិញ្ចឹមសំខាន់ៗដូចជា ប៉ូតាស្យូម ម៉ង់ហ្គាណែស ម៉ាញេស្យូម ការពារថ្លើម និង មានសក្តានុពលការពារប្រឆាំងនឹងជំងឺមហារីកមួយចំនួនផងដែរ។

សម្រាប់អ្នកចូលចិត្តផឹកតែ ៖ កាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន ដោយតែផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម តែ​ក៏​ត្រូវ​បាន​គេ​បង្ហាញ​ឱ្យ​ឃើញ​ថា ​ធ្វើ​ឱ្យ​រាង​កាយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ព្រមទាំងអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង  និង កូលេស្តេរ៉ុលថែមទៀតផង។

៤. អត្ថប្រយោជន៍ផ្លូវចិត្ត

ភេសជ្ជៈទាំងពីរនេះសុទ្ធតែជួយដល់ផ្លូវចិត្តរបស់អ្នក ប៉ុន្តែក៏​មាន​អត្ថប្រយោជន៍​ផ្លូវចិត្ត​ជា​ច្រើន​ផ្សេង​ទៀត​ សម្រាប់​ភេសជ្ជៈ​នីមួយៗ​ដែល​អ្នក​ប្រហែល​ជា​មិន​បាន​ដឹង។ កាហ្វេកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង និងអាចជួយឲ្យប្រសើរឡើងនូវជំងឺធ្លាក់ទឹកចិត្ត។ រីឯតែវិញ ជួយធ្វើឲ្យអារម្មណ៍របស់អ្នកស្ងប់ល្អ  និង មិនឆាប់ឆេវឆាវ  ព្រមទាំងជួយកាត់បន្ថយស្មុគស្មាញច្រើន។

តាមពិតទៅ កាហ្វេនិង តែ សុទ្ធតែជាភេសជ្ជៈជួយដល់សុខភាពរបស់អ្នក គ្រាន់តែពេលខ្លះអ្នកគួរតែប្រើប្រាស់ឲ្យត្រូវតាមពេលវេលាប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ភេសជ្ជៈទាំងពីរនេះសុទ្ធតែមានលក្ខណៈពិសេសសម្រាប់សុខភាពរបស់អ្នក ដូចនេះអ្នកអាចទទួលទានមួយណាក៏បាន។

ប្រភព ៖ paleohacks.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង