“ជាំមុខ” លឺពាក្យមកហើយគឺខ្លាចតែម្ដង ព្រោះមានតែអ្នកដែលកើតបញ្ហាជាំមុខនេះទេទើបដឹងថាវេទនាចិត្តប៉ុណ្ណា ដូច្នេះចង់ដឹងថាហេតុអ្វីបានឡើង”ជាំមុខ” ហើយតើ”ជាំ”អាចព្យាបាលបានអត់? មកស្តាប់ វេជ្ជបណ្ឌិត ហេង ស៊ូខា បម្រើការនៅគ្លីនិច Renew+ Skin Clinic and Laser និយាយពីបញ្ហានេះឲ្យបងៗយល់កាន់តែច្បាស់។
ជាការពិតបញ្ហាជាំ គឺជាការឡើងស្នាមក្រម៉ៅនៅលើស្បែក ដោយសារតែការផលិតកម្មរបស់កោសិកា Melanosis ដែលបញ្ចេញនូវសារធាតុ មេឡានីន នៅលើស្បែក ហើយវាមានមូលហេតុជាច្រើន ដែលបង្កឲ្យមានបញ្ហាជាំកើតឡើង ដែលក្នុងនោះវាមាន 4 កត្តាសំខាន់ដូចជា ៖
កត្តាទី 1 ៖ ភាគច្រើន ដល់ទៅ 60% កើតឡើងសោយសារតែប្រវត្តិគ្រួសារ ឬក៏ម៉ាក់គាត់មានបញ្ហាជាំដែរ
កត្តាទី 2 ៖ ដោយសារតែប្រឈមជាមួយនឹងកម្តៅថ្ងៃ ជាពិសេសទាក់ទងទៅនឹង UVA UVB
កត្តាទី 3 ៖ ដោយសារតែពណ៌សម្បុរ គេសង្កេតឃើញថាអ្នកដែលមានសប្បុរស្រអែម ប្រឈមនឹងការកើតជាំជាងអ្នកដែលមានសប្បុរស
កត្តាទី 4 ៖ ក៏ជាកត្តាដែលជួបច្រើនដែរ គឺបញ្ហាអ័រម៉ូន ជាពិសេសនៅពេលស្ត្រីកំឡុងពេលដែលគាត់ពពោះ គាត់ច្រើនតែចេញស្នាមខ្មៅនៅលើស្បែក ឬមួយក៏ទាក់ទងទៅនឹងថ្នាំពន្យាកំណើតមួយចំនួន ក៏អាចធ្វើឲ្យលេចចេញនូវបញ្ហាជាំដូចគ្នាដែរ។
ដោយសារតែបញ្ហាជាំគឺជាបញ្ហាមួយ ដែលប៉ះពាល់ទៅដល់ផ្លូវចិត្តអ្នកជំងឺ ដូច្នេះការព្យាបាលក៏មានច្រើនដូចគ្នា ដូចជាមានការលេបថ្នាំ ឬមួយក៏ប្រើប្រាសសេវាកម្មមួយចំនួន ដូចជាការ Pealing ចាក់វីតាមីនចូលក្រោមស្បែក mesotherapy ហើយយើងក៏អាចធ្វើជាមួយនឹង laser ដែលយើងមានជាប្រភេទ pico laser ក្នុងការព្យាបាលបញ្ហាជាំ។ ប៉ុន្តែបញ្ហាជាំនេះ ក៏មានការបែងចែកប្រភេទជាំនេះ ទៅជា 2ប្រភេទ ដែលប្រភេទទី 1 គឺជាការឡើងជាំនៅស្រទាប់ទី 1នៃស្បែក និងការឡើងជាំនៅស្រទាប់ទី 2នៃស្បែក។
ចំណែកឯការបែងចែកប្រភេទជាំនេះ គឺដោយសារតែវាឆ្លើយតបទៅនឹងការព្យាបាល ដែលជាទូទៅប្រសិនបើគាត់មានជាំនៅស្រទាប់ទី 1 ហើយគាត់ព្យាបាលបានលឿន ចឹងលទ្ធផលនឹងទទួលបានល្អ ហើយសម្រាប់ការព្យាបាលគឺតម្រូវឲ្យមានការអត់ធ្មត់បន្តិច ដោយសារតែវាត្រូវការចំណាយពេលវេលា ទើបទទួលបានលទ្ធផលដែលអាចទទួលយកបាន។
ចំណែកទាក់ទងទៅនឹងការព្យាបាលជាំ តាមអនុសាស្ត្ររបស់វេជ្ជបណ្ឌិត ហេង ស៊ូខា ផ្ទាល់គឺ ការការពារគឺរឹតតែសំខាន់នៅក្នុងការព្យាបាលបញ្ហាជាំនេះ ដូច្នេះគ្រប់អ្នកជំងឺទាំងអស់គឺតម្រូវឲ្យគាត់ការពារទាក់ទងទៅនឹង កម្តៅថ្ងៃ ហើយព្យាយាមលើកទឹកចិត្តគាត់ ធ្វើយ៉ាងមិចលាបឡេការពារកម្តៅថ្ងៃឲ្យបានត្រឹមត្រូវ ហើយពេលចេញទៅខាងក្រៅត្រូវមានរបាំងការពារ ដូចជាពាក់ម៉ាស់ ពាក់មួក ឬក៏អាចប្រើឆ័ត្រដើម្បីការពារពន្លឺ ដែលអាចបំផ្លាញ់មកលើស្បែករបស់គាត់ផងដែរ។