តើអ្នកធ្លាប់បានឃើញព៍ត័មានធ្វើអត្តឃាត នៅលើបណ្តាញសង្គមដែលឬទេ? ឬក៏ស្គាល់នរណាម្នាក់ដែលជាមិត្ត ឬអ្នករាប់អាន គាត់បានបាត់បង់ជីវិតដោយសារការធ្វើអត្តឃាត ដែលព៍ត័មានទាំងនោះ គឺជាព៍ត័មានដែលគួរឲ្យសោកសង្រែង ។
នៅពីក្រោយការធ្វើឃាតទាំងនោះ មានរឿងជាច្រើនដែលយើងគួរតែស្វែងយល់ ហើយវាក៏មានលក្ខណស្មុកស្មាញខ្លាំង មានទាំងពីបទពិសោធន៍បុគ្គលម្នាក់ៗ មានទាំងពីចរិកលក្ខណៈ ដែលគាត់មានតាំងពីកំណើតមក បូករួមជាមួយនឹងជំងឺផ្លូវចិត្ត ដែលគាត់កំពុងព្យាយាមរស់នៅជាមួយ ក៏បូករួមផងដែរជាមួយជំនឿ ប្រពៃណីវប្បធម៌ ទំនាស់នៃទំនាក់ទំនង ឬក៏ភាពតានតឹងនៅក្នុងចិត្តស្រួចស្រាល ដែលជាភាពស្ត្រេសដែលគាត់ត្រូវរួមរស់ជាមួយ ហើយចំណុចទាំងអស់នោះ បានច្របាច់បញ្ចូលគ្នា រុញច្រានមនុស្សម្នាក់ ឲ្យគាត់ទៅដល់ចំណុចមួយ ដែលគាត់ហ៊ានយកជីវិតខ្លួនឯង។ ដុកទ័រ ងិន រតនរមនា ឯកទេសជំងឺផ្លូវចិត្តនៃមន្ទីរពេទ្យ AIR Plus Clinic មន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស ក៏ដូចជា Founder AROM Station ស្ថានីយអារម្មណ៍ នឹងបង្ហាញពីសុខភាពផ្លូវចិត្តលម្អិតដើម្បីបង្ការកុំឲ្យវាវិវត្តន៍ទៅជាធ្ងន់ធ្ងរ ឈានដល់ការសម្លាប់ខ្លួន។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា មានមនុស្សប្រមាណ 7សែននាក់ បានបាត់បង់ជីវិតដោយសារការធ្វើអត្តឃាត នៅរៀងរាល់ឆ្នាំ ហើយនៅរៀងរាល់ 40វិនាទីម្តង មានមនុស្សម្នាក់បានបាត់បង់ជីវិត ដោយសារការធ្វើអត្តឃាត ហើយក៏គេរកឃើញផងដែរថា ការធ្វើអត្តឃាតនេះគឺជាមូលហេតុចម្បងធំទី 4 ដែលធ្វើឲ្យក្រុមមនុស្សអាយុពី 15 ទៅ 29ឆ្នាំ បានបាត់បង់ជីវិត។
ពាក្យថា អត្តឃាត ជាភាសាខ្មែរបានមកពីពាក្យថា អត្ត + ឃាត ដែលអត្តអាចយល់បានថា ជាការធ្វើដោយខ្លួនឯង ចំណែកឯឃាតគឺជាការសម្លាប់ ហើយពាក្យបច្ចេកទេសសំដៅទៅលើ គំនិតដែលចង់ធ្វើអត្តឃាត រហូតដល់ការរៀបគម្រោងការសម្លាប់ខ្លួន ហើយឈានទៅដល់ការសម្លាប់ខ្លួនបានសម្រេច។
ក្រឡេកទៅកាន់ប្រវត្តិសាស្រ្តជាច្រើនសតវត្ស យើងឃើញថា នៅក្នុងដំណើរវិវត្តរបស់មនុស្ស ការធ្វើអត្តឃាតបានកើតឡើងដោយសារតែ កត្តាជំរុញជាច្រើន ហើយថ្ងៃនេះយើងនឹកលើកយកកត្តាទាំង 5យ៉ាង ដែលជំរុញឲ្យមនុស្សម្នាក់សម្រេចចិត្តយកជីវិតខ្លួនឯង។
១. ការធ្វើអត្តឃាតដោយការចាញ់សង្គ្រាម
យើងឃើញថានៅក្នុងប្រវត្តិសាស្រ្ត ការកើតឡើងនៃសង្រ្គាម ដែលជាជម្លោះរវាងភាគីជាច្រើន បានកើតឡើង ហើយប្រសិនបើភាគីណាមួយបានចាញ់ ទ័ព ឬប្រជាជន អាចនឹងឈានទៅដល់ការធ្វើអត្តឃាត សម្លាប់ខ្លួនដើម្បីគេចពីការធ្វើជាទាសករគេ
២. ការធ្វើអត្តឃាតដោយសារការមានជំងឺរ៉ាំរ៉ៃប្រចាំកាយ
ជាជាងដែលគាត់រស់នៅជាមួយនឹងការឈឺចាប់ ភាពលំបាក ឬក៏ជាបន្ទុកសម្រាប់ខ្លួនឯង ឬក៏សម្រាប់ក្រុមគ្រួសារ ជាមួយនឹងជំងឺទាំងអស់នោះ គាត់ក៏មានគំនិតក្នុងការបញ្ចប់ជីវិតខ្លួនឯង ឬក៏ស្នើសុំនរណាម្នាក់ឲ្យបញ្ចប់ជីវិតគាត់ នោះហើយគឺជារូបភាពមួយដែលការធ្វើអត្តឃាត ទាក់ទងនឹងជំងឺរ៉ាំរ៉ៃ ប្រចាំកាយ ។
៣. ការធ្វើអត្តឃាតដោយការបាត់បង់កេរ្តិ៍ខ្មាស
ការធ្វើអត្តឃាត ដែលទាក់ទងជាមួយនឹងកេរ្តិ៍យស ឬក៏កេរ្តិ៍ខ្មាសរបស់បុគ្គល ក្រុមគ្រួសារ ឬក៏របស់ប្រទេសជាតិណាមួយ ហើយវាគឺជាការដែលគាត់មិនអាចរស់នៅ ដែលទ្រាំជាមួយនឹងការមើលងាយ ឬក៏សម្ពាធណាមួយ ដែលធ្វើឲ្យគាត់បាត់បង់ជីវិតដើម្បីជាការស្តាកេរ្តិ៍យស ។
៤. ការធ្វើអត្តឃាតដោយការលះបង់ជីវិតដើម្បីគោលគំនិត
គឺជាទំនាក់ទំនងរវាងការធ្វើអត្តឃាតនោះ ជាមួយនឹងការពលីជីវិត មានន័យថាបុគ្គលម្នាក់ គាត់សុខចិត្តលះបង់ជីវិត ដើម្បីគោលគំនិតណាមួយ ឬដើម្បីមនុស្សមួយក្រុមដែលគាត់បម្រើការឲ្យ យើងអាចសង្កេតឃើញប្រវត្តិសាស្ត្រពីអតីតកាល អំពីការលះបង់ជីវិតរបស់សកម្មជន ភេរវកម្មមួយចំនួន ដែលគាត់បានបោះបង់ជីវិតរបស់គាត់ ដើម្បីគោលបំណងណាមួយ ជាគោលបំណងរួម ។
៥. ការធ្វើអត្តឃាតដោយជំងឺផ្លូវចិត្ត
ការធ្វើអត្តឃាត ដែលមានទំនាក់ទំនងជាមួយនឹងជំងឺផ្លូវចិត្ត ហើយនៅក្នុងករណីនេះ យើងសង្កេតឃើញមានជាច្រើនករណីជាបន្តបន្ទាប់ ដែលយើងមើលឃើញថានៅអនាគត ក៏អាចកើតមានផងដែរ ប៉ុន្តែត្រង់ចំណុចនេះគឺជាអ្វីដែលយើងអាចមានការការពារ តាមរយៈការស្វែងរកមធ្យោបាយមួយចំនួន ដើម្បីសម្របសម្រួលបាន ។
ក្នុងនោះក៏មានមូលហេតុជាច្រើនទៀត ដែលធ្វើឲ្យមនុស្សម្នាក់សម្រេចចិត្តបញ្ចប់ជីវិតរបស់គាត់ ក៏ប៉ុន្តែរឿងរ៉ាវទាំង 5 យ៉ាងនេះគឺជារឿងរ៉ាវចម្បង គោល នៅក្នុងប្រវត្តិសាស្រ្តដោយត្រូវបានសិក្សាស្រាវជ្រាវ ដោយលោក Yuval Noah Harari ដែលជាប្រវត្តវិទូជនជាតិអ៊ីស្រាអ៊ែល បានសិក្សាអំពីដំណើរវិវត្តិរបស់មនុស្ស តាំងពីប្រមាណ 70ពាន់ឆ្នាំមុនគ.ស ដែលនិយាយពីរបៀបរបបនៃការរស់នៅ មូលហេតុដែលឲ្យមនុស្សម្នាក់បន្តរស់នៅបាន ហើយនិងមូលហេតុដែលពួកគេបញ្ចប់ជីវិតខ្លួនឯង។ ទោះមានមូលហេតុធំទាំង 5នេះក៏ដោយ ឬក៏ច្រើនជាងនេះ អង្គការសុខភាពពិភពលោក បានបង្ហាញយ៉ាងច្បាស់ថា ការធ្វើអត្តឃាតអាចការពារបាន ហើយក៏មានសកម្មភាពជាច្រើនដែលយើងទាំងអស់គ្នា អាចធ្វើបានដើម្បីទប់ស្កាត់ការធ្វើអត្តឃាត ហើយរក្សាជីវិតមនុស្សម្នាក់បាន។
សកម្មភាពការពារការធ្វើអត្តឃាតដែលយើងអាចធ្វើបាន បានណែនាំដោយអង្គការសុខភាពពិភពលោក មានដូចជា៖
១. គឺប្រមើលមើលឲ្យច្បាស់ ពីលក្ខណៈនៃការធ្វើអត្តឃាតនោះ ដោយប្រើប្រាស់ពាក្យដែលច្បាស់លាស់ ទាក់ទងនឹងគំនិត គម្រោង ការប៉ុនប៉នធ្វើអត្តឃាត។
២. កំណត់កត្តាទាំងឡាយណាដែលវាជំរុញឲ្យមានការធ្វើអត្តឃាត ក៏ដូចជាកត្តាទប់ស្កាត់ ទប់ទាញមនុស្សម្នាក់ចេញពីការធ្វើអត្តឃាតទាំងនោះ។
៣. កំណត់កត្តាទាំងឡាយណាដែលអាចការពារទាំងពីបុគ្គល ក្រុមគ្រួសារ និងសង្គមជាតិ ហើយបូកបញ្ចូលជាមួយនឹងប្រពៃណីវប្បធម៌ បូករួមជាមួយនឹងការអប់រំផងដែរ។
ជារួមយើងទាំងអស់គ្នា អាចក្លាយជាបុគ្គលម្នាក់ ដែលជួយជីវិតមនុស្សជាទីស្រឡាញ់របស់យើង ឬក៏អ្នកនៅជុំវិញខ្លួនយើង តាមរយៈមធ្យោបាយមួយចំនួន និងការស្វែងយល់អំពីការធ្វើអត្តឃាត សូមចងចាំថា ការនិយាយពីការធ្វើអត្តឃាត មិនមែនជាកត្តាដែលជំរុញឲ្យមនុស្សម្នាក់ទៅធ្វើអត្តឃាតនោះទេ ប៉ុន្តែវាជាឱកាសមួយដែលអាចឲ្យយើងនិយាយអំពីរឿងនេះ ឲ្យពួកគាត់អាចបកចិត្តគំនិត ហើយពិភាក្សាជាមួយយើង ស្វែងរកដំណោះស្រាយផ្សេងទៀត ជាជាងការបញ្ចប់ជីវិតខ្លួនឯង។