«មានក្មេងស្រី ក៏ដូចជាស្ត្រីច្រើនណាស់ដែលអាចមានគ្រោះថ្នាក់ដោយសារការខ្មាសអៀន និងភ័យខ្លាចក្នុងការជួបគ្រូពេទ្យ» នេះជាសារសំខាន់ជូនស្រ្តីទាំងឡាយជាពិសេសប្អូនស្រីៗដែលទើបពេញវ័យ!
ប៉ុន្មានថ្ងៃនេះយើងទទួលបានសំណួរមួយចំនួនពីស្ត្រីពីបញ្ហាមករដូវដែលខុសធម្មតា បញ្ហារោគស្ត្រីដែលក្នុងនោះយើងសង្កេតឃើញថាពួកគាត់ស្ថិតនៅចន្លោះអាយុ 16-20ឆ្នាំ។
បញ្ហាដែលភាគច្រើនយើងទទួលបានមានដូចជា៖ ពួកគាត់មករដូវ១ខែបាត់ ២ខែ មកម្ដងៗចុកពោះពិបាកទ្រាំ។ ខ្លះទៀតមករដូវមានដោយទាំងសាច់ដុំធ្លាក់មក ហើយចុកពោះខ្លាំង។ សំណួរខ្លះទៀត គាត់មករដូវម្ដងៗមានរយៈពេលវែងរហូតដល់១០ថ្ងៃក៏មាន ហើយមកម្ដងៗគឺគាត់ត្រូវលេបថ្នាំ និងព្យួួរសារ៉ូមក៏មានដោយសារអស់កម្លាំងពេក។ ហើយក៏នៅមានសំណួរផ្សេងៗទៀតជាច្រើនដែរ។
ក្រោយទទួលបានសំណួរនឹងសាកសួរបន្ថែម យើងឃើញថាសុទ្ធតែជាការមករដូវមិនប្រក្រតី យើងក៏ណែនាំពួកគាត់ទៅជួបពិគ្រោញជាមួយគ្រូពេទ្យឯកទេសដើម្បីដោះស្រាយបញ្ហាទាំងដោយទំនុកចិត្ត និងមានភាពច្បាស់លាស់។
ប៉ុន្តែ… តើអ្នកទាំងអស់គ្នាដឹងទេថា ពួកគាត់សឹងតែទាំងអស់ប្រាប់មកខាងយើងវិញថា ពួកគាត់មិនហ៊ានទៅពេទ្យទេ។ យើងលឺបែបនេះក៏សួរបញ្ជាក់ និងសម្របសម្រួលជាមួយពួកគាត់ដើម្បីចង់ដឹងពីហេតុផល។
ពួគគាត់ប្រាប់ថាពួកគាត់នៅក្មេង ខ្លាចមិនហ៊ានទៅពេទ្យទេ ព្រោះខ្មាសអៀន និយាយរួមពួកគាត់មិនចង់ទៅជួបពិគ្រោះជាមួយពេទ្យតែម្ដង។ យើងព្យាយាមពន្យល់គាត់ថា កាលដែលមិនទៅពិគ្រោះ និងពិនិត្យគឺអាចមានហានិភ័យដល់អាយុជីវិត និងបញ្ហានានា តែបើពួកគាត់ទៅទាន់ពេល គឺអាចជួយការពារពួកគាត់បាន។ លើសពីនេះដុកទ័រដែលពិគ្រោះយើង គឺសុទ្ធតែមានវិជ្ជាជីវៈ រក្សាការសម្ងាត់ និងព្យាយាមដោះស្រាយបញ្ហាដែលស្ត្រីជួបប្រទះ។
បើទោះពួកយើងព្យាយាមលើកទឹកចិត្ត និងពន្យល់យ៉ាងណា ក៏យើងនៅតែបានចម្លើយចុងក្រោយមកវិញថា « ខ្ញុំមិនហ៊ានទៅជួបពេទ្យទេ ខ្ញុំខ្លាចណាស់បង» ហើយពួកគាត់នៅតែបន្តសួរយើងថា «តើបងអាចពិគ្រោះជាមួយខ្ញុំបានទេ ខ្ញុំនិយាយបែបនេះស្រួលចិត្តជាង?» ពួកយើងប្រាប់គាត់វិញថា «មានតែគ្រូពេទ្យជំនាញប៉ុណ្ណោះទើបអាចពិគ្រោះ និងពន្យល់លម្អិតបាន»។
រឿងនេះបានប្រាប់យើងទាំងអស់គ្នាថា «មានក្មេងស្រី ក៏ដូចជាស្ត្រីច្រើនណាស់ដែលអាចមានគ្រោះថ្នាក់ដោយសារការខ្មាសអៀន និងភ័យខ្លាចក្នុងការជួបគ្រូពេទ្យបែបនេះ»។ ពួកយើងតំណាងឲ្យ Vachana Beauty & Health ទាំងមូលសង្ឃឹមថាការស្ថាប័នធំៗ និងក្រុមគ្រូពេទ្យទាំងអស់អាចបន្តបេសកម្មចែករំលែក និងអប់រំពីបញ្ហាសុខភាពស្ត្រីឲ្យកាន់តែធំទូលាយ និងធ្វើយ៉ាងណាបញ្រ្ជាបឲ្យក្មេងស្រី និងស្រ្តីទាំងអស់យល់ដឹងពីសុខភាពខ្លួនឲ្យកាន់តែច្បាស់ និងឈប់មានភាពអៀនខ្មាស់ក្នុងការជួបពិគ្រោះជាមួយដុកទ័រជំនាញនៅពេលដែលខ្លួនមានបញ្ហា។
ហើយពួកយើងពិតជាសប្បាយចិត្តដែលពួកយើងអាចជាចំណែកមួយជួយផ្សព្វផ្សាយ ក៏ដូចជាចែករំលែកពីបញ្ហា ក៏ដូចជាចំណេះដឹងសុខភាព និងការថែរក្សាខ្លួនទៅកាន់អ្នកទាំងអស់គ្នា។
ជួយគ្នា និងបំពេញគ្នាដើម្បីធ្វើយ៉ាងណាឲ្យចំណេះដឹងសុខភាពនៅកម្ពុជាកាន់តែទូលំទូលាយ!