ប្រហែលមនុស្សមួយចំនួនអនុវត្តនូវវិធីតមអាហារដើម្បីឲ្យខ្លួនឯងមានរាងស្អាត ប៉ុន្តែពេលខ្លះវាក៏មិនបានផលដែរ ហើយថែមទាំងធ្វើឲ្យសុខភាពអ្នកធ្លាក់ចុះទៀតផង។ អត្ថបទខាងក្រោមនេះ នឹងបង្ហាញអ្នកពីរបៀបតមអាហារដែលជួយឲ្យអ្នកស្គមបានដូចចិត្ត និង មិនប៉ះពាល់ដល់សុខភាពទៀតផង ៖
១. តមអាហារដែលមានជាតិខ្លាញ់ច្រើន
ចៀសវាងអាហារមានខ្លាញ់ ជាពិសេសអាហារដែលបំពង អាហារចៀន និងអាហារដែលផ្អែមខ្លាំង។ ចំពោះទឹកដោះគោវិញគួរតែជ្រើសរើសទឹកដោះគោដែលគ្មានជាតិស្ករ។
២. ព្យាយាមញ៉ាំអាហារណាដែលផលិតពីគ្រាប់ធញ្ញជាតិ
គួរតែព្យាយាមញ៉ាំគ្រាប់ធញ្ញជាតិ ព្រោះវាមានការរំលាយយឺតៗ ដែលអាចធ្វើឲ្យយើងឆ្អែតបានយូរ មិនងាយឃ្លាន។ លើសពីនេះវាអាចរក្សាទម្ងន់បានល្អទៀតផង។
៣. កុំរំលងអាហារពេលព្រឹក
ការញ៉ាំអាហារពេលព្រឹកធ្វើឲ្យយើងមានសុខភាពល្អ និង ផ្ដល់ថាមពលឲ្យយើងដែលបានពេញមួយថ្ងៃ ម្យ៉ាងទៀត ញ៉ាំអាហារពេលព្រឹកជាទៀងទាត់គឺមិនបណ្ដាលឲ្យយើងធាត់ឡើយ។ អ្វីដែលសំខាន់គឺរបបអាហារដែលអ្នកជ្រើសមកញ៉ាំថាល្អសម្រាប់ការសម្រកទម្ងន់ និងមិនធ្វើឲ្យអ្នកបាក់កម្លាំង។
៤. ញ៉ាំបន្លែ ផ្លែឈើ សាច់
ត្រូវកំណត់ខ្លួនឯងឲ្យបានក្នុងការញ៉ាំផ្លែឈើ និងបន្លែ សាច់ដែលមានប្រូតេអ៊ីនឲ្យបានរាល់ថ្ងៃ ជាជាងញ៉ាំអាហារផ្សេងៗ ដូចជា នំបំពង នំខេក សាច់ជាប់ខ្លាញ់ដែលធ្វើឲ្យឡើងគីឡូច្រើន។
៥. កុំញ៉ាំអាហារសម្រន់ច្រើនដង
ប្រសិនមានអារម្មណ៍ថាចង់ញ៉ាំអាហារសម្រន់ផ្សេងៗ អ្នកគួរតែសាកល្បងទទួលទានភេសជ្ជៈជាមុនសិនដូចជា ទឹកតែ ឬ ទឹកបរិសុទ្ធ ព្រោះការញ៉ាំទឹកនឹងជួយទប់លំនឹងនៃការឃ្លានរបស់អ្នក។
៦. កុំញ៉ាំភេសជ្ជៈណាដែលជាតិផ្អែម និង មានជាតិអាកុល
ភេសជ្ជៈដែល មានជាតិអាកុល គឺធ្វើឲ្យអ្នកធាត់លឿនខ្លាំងណាស់ ដូច្នេះត្រូវតែតមជាដាច់ខាត។ ព្យាយាមកាត់បន្ថយឲ្យបានតាមដែលអាចធ្វើបាន។
គ្មានអីបានមកស្រួលទេ ដូច្នេះអ្នកត្រូវមានការតាំងចិត្ត និងធ្វើវាឲ្យក្លាយជាទម្លាប់ នោះវានឹងចេញជាលទ្ធផល។