តើអ្នកធ្លាប់ភ្ញាក់ពីគេងយប់ជ្រៅ មានអារម្មណ៍ឆាប់ខឹង និងច្របូលច្របល់ដែរឬទេ? តើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកមិនអាចផ្តោតអារម្មណ៍ លើការងាររបស់អ្នកបានទេ បន្ទាប់ពីគេងមិនលក់?
ជាការពិតណាស់ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលបែបនេះ ដោយសារតែការខ្វះការគេងគ្រប់គ្រាន់ វាជារឿងធម្មតាណាស់ ព្រោះការគេងគឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខភាពទូទៅរបស់យើង។ មនុស្សគ្រប់រូបត្រូវតែបណ្តុះទម្លាប់ នៃការគេងឱ្យបានល្អដើម្បីឱ្យពួកគេអាចមានសុភមង្គល រីករាយ និងមានសុខភាពល្អជានិច្ច។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យមួយចំនួន នៃការគេងបានគ្រប់គ្រាន់។
១. វាធ្វើអោយប្រសើរឡើងនូវការចងចាំ និងការផ្តោតអារម្មណ៍
តាមអ្នកស្រាវជ្រាវបានបង្ហាញថា ខណៈពេលដែលយើងគេង ខួរក្បាលរបស់យើងដំណើរការ និងបង្រួបបង្រួមការចងចាំពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះប្រសិនបើមនុស្សម្នាក់គេងមិនគ្រប់គ្រាន់ ការចងចាំទាំងនោះ ប្រហែលជាមិនត្រូវបានរក្សាទុកក្នុងលក្ខណៈត្រឹមត្រូវទេ ហើយវាក៏អាចនឹងបាត់បង់សមត្ថភាពចង់ចាំថែមទៀត។
២. វាជួយបន្ធូរអារម្មណ៍របស់អ្នក
វាពិតជាមិនអាចបដិសេធបានទេថា យើងនឹងមានអារម្មណ៍រីករាយ និងបន្ធូរអារម្មណ៍ បន្ទាប់ពីបានគេងលក់ស្រួល ព្រោះការគេងក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងអារម្មណ៍របស់យើងផងដែរ។ នៅពេលដែលនរណាម្នាក់គេងមិនបានត្រឹមត្រូវ ពួកគេមានអារម្មណ៍ឆាប់ខឹង និងអារម្មណ៍មិនល្អពេញមួយថ្ងៃ មិនតែប៉ុណ្ណោះ ពួកគេមិនអាចផ្តោតអារម្មណ៍បានត្រឹមត្រូវ មានអារម្មណ៍នឿយហត់ អស់កម្លាំង និងខឹង ហើយក៏មិនអាចគ្រប់គ្រងអារម្មណ៍អវិជ្ជមានរបស់ពួកគេបានដែរ។
៣. វាជួយក្នុងការរក្សាទម្ងន់ឱ្យមានសុខភាពល្អ
អត្ថប្រយោជន៍សំខាន់មួយ នៃទម្លាប់នៃការគេងល្អ គឺថាវាជួយរក្សាទម្ងន់ដ៏ល្អ។ ការគេងមិនលក់ អាចបណ្តាលឱ្យឡើងទម្ងន់ផងដែរ វាគឺដោយសារតែនៅពេលដែលនរណាម្នាក់គេងមិនបានល្អ ពួកគេមានអារម្មណ៍អស់កម្លាំង ដូច្នេះហើយមិនមានថាមពលដើម្បីរត់ ឬធ្វើសកម្មភាពរាងកាយណាមួយ ក៏បាត់បងដូចគ្នា។
៤. វាធ្វើអោយប្រសើរឡើងនូវគុណភាពនៃជីវិត
ការសិក្សាជាច្រើនបានរកឃើញថា ទំនាក់ទំនងរវាងការគេងមិនបានគ្រប់គ្រាន់ និងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនដូចជាជំងឺបេះដូង ទឹកនោមផ្អែម ធាត់ ជំងឺធ្លាក់ទឹកចិត្តជាដើម មានទំនាក់ទំនងយ៉ាងជិតស្និទ ផ្ទុយទៅវិញ ទម្លាប់នៃការគេងបានល្អ ជួយក្នុងការថែរក្សាសុខភាពទូទៅរបស់យើងផងដែរ ព្រោះការគេងលក់ស្កប់ស្កល់ អាចជួយរក្សាសុខភាពឲ្យរួចផុតពីជំងឺផ្សេងៗ។
៥. វាជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក
តើអ្នកជឿថា អ្នកអាចការពារជំងឺផ្តាសាយបាន ដោយគ្រាន់តែគេងឱ្យបានគ្រប់គ្រាន់ ពិតណាស់ការគេងមិនលក់ អាចរារាំងប្រព័ន្ធការពាររាងកាយរបស់យើង ដែលអាចធ្វើឱ្យយើងងាយនឹងឆ្លងមេរោគ តាមការសិក្សាមួយត្រូវបានធ្វើឡើងក្នុងឆ្នាំ 2009 ហើយលទ្ធផលបានបង្ហាញថា អ្នកដែលគេងតិចជាង 7 ម៉ោងក្នុងមួយយប់ ទំនងជានឹងឈឺជិត 3 ដងដូចមនុស្សដែលគេងយ៉ាងហោចណាស់ 8 ម៉ោងក្នុងមួយយប់។
ដូច្នេះហើយ សរុបមកវិញ មនុស្សគ្រប់រូបត្រូវគេងយ៉ាងហោចណាស់ 8 ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយរបស់ពួកគេ។
ប្រភព ៖ medylife