មនុស្សជាច្រើន ជាពិសេសបច្ចុប្បន្នតែងតែងាកទៅរកការកែសម្ផស្ស មិនថាកែមុខមាត់ រឺរូបរាងនោះទេ ជាពិសេសសម័យឥលូវបច្ចេកវិទ្យាកាន់តែទំនើប តែយ៉ាងណាមិញ ការកែសម្ផស្សមិនមែនចេះតែទទួលបានជោគជ័យនោះទេ នោះក៏ដោយសារតែជំនាញ និងបញ្ហាសុខភាពរបស់អ្នកទទួលសេវាកម្មកែសម្ផស្សជាដើម។
ដូច្នេះ ដើម្បីយល់ឲ្យច្បាស់ថា ចំណុចណាខ្លះដែលអ្នកគួរតែចៀសវាងក្នុងការមិនទៅកែសម្ផស្ស ដើម្បីកុំឲ្យប៉ះពាល់សុខភាពផ្លូវចិត្ត និងផ្លូវកាយ អាចងាកមកស្តាប់ការបញ្ជាក់ច្បាស់ៗពី វេជ្ជបណ្ឌិត ម៉ម គឹមអេង ឯកទេសវះកាត់កែសម្ផស្សនៅគ្លីនិក គ្រីស្តាល់ ជាមួយ វចនា-Vachana ដូចខាងក្រោមនេះ។
ចំណុច 5 យ៉ាងដែលអ្នកមិនគួរ ទទួលការវះកាត់កែសម្ផស្ស ៖
1. អ្នកជំងឺដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ
អ្នកជំងឺដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាអ្នកដែលមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបាន បញ្ហាបេះដូងធ្ងន់ធ្ងរដូចជា មានបញ្ហាប្រឹសបេះដូង សមត្ថភាពនៃបេះដូងមិនអាចច្របាច់គ្រប់គ្រាន់តាមធម្មតា ចង្វាក់បេះដូងមិនស្មើគ្នា ចង្វាក់បេះដូងមិនប្រក្រតី ក៏ដូចជាមានបញ្ហាបេះដូងផ្សេងៗទៀត។
អ្នកជំងឺមានបញ្ហាសួតធ្ងន់ធ្ងរ ដូចជាអ្នកជំងឺរបេង ជំងឺមហារីកសួត និងមានជំងឺផ្សេងៗទៀត អ្នកជំងឺមានអ័រម៉ូនមិនប្រក្រតី ដូចជាអ័រម៉ូនបំពងក ដែលគ្រប់គ្នាហៅថាពកក ឬក៏អ្នកជំងឺខ្លះដែលគាត់មានកម្រិតអ័រម៉ូនខ្ពស់ ធ្វើឲ្យពេលកំពុងវះកាត់អាចមានបញ្ហាគាំងបេះដូងជាយថាហេតុណាមួយ។ ខ្សោយតម្រង់នោម ខ្សោយថ្លើម និងមានបញ្ហាផ្សេងៗទៀតទាក់ទងនឹងប្រព័ន្ធភាគស៊ាំរបស់គាត់ចុះខ្សោយខុសពីធម្មតា ក៏មិនគួរទទួលការវះកាត់កែសម្ផស្សដែរ។
2. ចំពោះអ្នកជំងឺដែលមាន BMI ខ្ពស់ លើសពី 30
BMI គឺជាអ្វី?
BMI គឺបានមកពី យើងទម្ងន់របស់យើង ចែកនឹងកម្ពស់ លើកជាការ៉េ យើងបានចំនួនណាមួយ ហើយបើចំនួននោះលើសពី 30 មានន័យថា BMI យើងខ្ពស់ខ្លាំងមិនគួរទទួលការវះកាត់កែសម្ផស្សទេ ជាពិសេសការវះកាត់កែសម្ផស្សធំៗ ដូចជាការបូបខ្លាញ់ ទាញបណ្តឹងស្បែកពោះ ការធ្វើដើមទ្រូង ឬការវះកាត់នានាដែលធំ។
3. អ្នកជំងឺដែលជក់បារីធ្ងន់ធ្ងរ
មានន័យថា អ្នកជំងឺជក់បារីរៀងរាល់ថ្ងៃ ច្រើនដើម ច្រើនកញ្ចប់ជារៀងរាល់ថ្ងៃ ក៏ដូចជាអ្នកជំងឺដែលប្រើសារធាតុញៀន ធ្វើឲ្យសសៃឈាមយើងត្បៀត នៅពេលដែលយើងវះកាត់កែសម្ផស្សវាឲ្យពន្យាពេលនៃការជារបស់យើង ដែលអាចធ្វើឲ្យដំបៅហ្នឹងក្លាយ មិនងាយជា ធ្វើឲ្យមានបញ្ហាឆ្លងរោគផ្សេងៗ។
4. ចំពោះអ្នកជំងឺដែលរំពឹងទុកលទ្ធផលនៃការវះកាត់ខ្ពស់ពេក ខ្ពស់ហួសពីការពិត
មានន័យថា ប្រសិនបើទម្រង់ច្រមុះ ទម្រង់ឆ្អឹងគាត់ ទម្រង់មុខគាត់បែបនេះ ប៉ុន្តែគាត់បែជាចង់បានទម្រង់ភ្នែក មុខ ច្រមុះដែលគ្រូពេទ្យមិនអាចវះកាត់ឲ្យរួច។
ឧទាហរណ៍ថា ទម្រង់ភ្នែកគាត់ដូចកូរ៉េ ចិន តូចៗ ហើយគាត់រំពឹងថា គ្រូពេទ្យវះកាត់ជូនគាត់ ឲ្យក្លាយទៅជាភ្នែកឥណ្ឌា គឺជាការរំពឹងទុកខុសពីការពិត ហើយនៅពេលដែលបានលទ្ធផលមក អត់បានគាប់ចិត្តបស់គាត់ ធ្វើឲ្យគាត់អត់សប្បាយចិត្ត គ្រូពេទ្យក៏មិនសប្បាយចិត្តដូចគ្នា ចឹងវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកទាំងពីរ។
5. ចំពោះអ្នកជំងឺដែលមានបញ្ហា BDD
BDD (Body dysmorphic disorder) គឺមានន័យថា អ្នកជំងឺដែលគាត់មានបញ្ហាបែបថា ពេលដែលគាត់ឆ្លុះកញ្ចក់គាត់ទើសរហូត មានន័យថាជួនកាលគាត់ស្អាតហើយ គឺស្អាតគ្រប់បែបយ៉ាងហើយ ប៉ុន្តែគាត់ចេះតែទើសមុខគាត់អត់ស្មើគ្នា ច្រមុះគាត់ស្ទើតិច គាត់ស្ទើចុងច្រមុះតិច ស្ទើគល់ច្រមុះតិច មាត់គាត់ធំពេក មាត់គាត់ស្តើងពេក ភ្នែកគាត់តូចខ្លាំង សក់គាត់ខ្លី សក់គាត់វែង គាត់ធាត់ គាត់ស្គម ប៉ុន្តែនេះជាការស្រម៉ៃរបស់គាត់ប៉ុណ្ណោះ។
មានន័យថា បើអ្នកដទៃមើលមកគាត់គឺ គាត់ស្អាតសមសួនហើយ ប៉ុន្តែគាត់តែងតែមិនមានភាពពេញចិត្តទៅលើរូបរាងខ្លួនឯង នោះអ្នកក៏មិនគួរទទួលការវះកាត់កែសម្ផស្សដែរ។ ព្រោះហេតុអី? នៅពេលដែលទទួលការវះកាត់កែសម្ផស្ស គាត់តែងតែមើលឃើញពីចំណុចខ្វះខាត គាត់តែងតែមិនពេញចិត្ត អ្នកជំងឺបែបនេះគឺគាត់អត់ពេញចិត្តរាល់លទ្ធផល បើទោះជាលទ្ធផលបែបណាក៏ដោយ ក៏គាត់ថា មិនគ្រប់គ្រាន់សម្រាប់គាត់ដែរ ចឹងធ្វើឲ្យគាត់ហ្នឹងកាន់តែមានបញ្ហាផ្លូវចិត្តថែមទៀត នេះហើយជាចំណុចមួយដែលអ្នកមិនគួរទទួលការវះកាត់កែសម្ផស្សទេ ព្រោះធ្វើឲ្យគាត់បាត់បង់ទាំងលុយកាក ពេលវេលា ក៏ដូចជាផ្លូវអារម្មណ៍របស់គាត់។
ចឹងសរុបមក បើអ្នកទាំងអស់គ្នាអត់មាននៅក្នុងចំណុចទាំង 5 ដែលបានលើកឡើងនៅខាងលើទេ អ្នកទាំងអស់គ្នាអាចវះកាត់កែសម្ផស្សបាន ប៉ុន្តែប្រសិនបើអ្នកមានសូម្បីតែមួយចំណុច ដែលបានរៀបរាប់ខាងលើ នោះអ្នកមិនគួរទទួលការវះកាត់កែសម្ផស្សទេ ព្រោះអ្នកវាអាចធ្វើឲ្យអ្នកទទួលបានហានិភ័យទាំងសុខភាព ទាំងផ្លូវចិត្ត និងលុយកាក។
យ៉ាងណាមិញ ជំងឺដែលបានបង្ហាញខាងលើ មិនមែនមានន័យថា គាត់មិនអាចទទួលរាល់ការវះកាត់នោះទេ ប្រសិនបើវាជាការវះកាត់ដើម្បីជួយសង្គ្រោះគាត់ ដូចជាពោះវៀនដុះខ្នែង គាត់មានបញ្ហាផ្សេងៗដែលត្រូវការ ការវះកាត់ជាចាំបាច់ ជាបន្ទាន់ គាត់ក៏អាចទទួលការវះកាត់បានដែរ។
ករណីដែលវេជ្ជបណ្ឌិត លើកឡើងពីសុខភាពគាត់បែបនេះ គឺមានន័យថាយើងអាចវះកាត់ដែលជួយអាយុជីវិត មែនវះកាត់កែសម្ផស្សដែលជាការវះកាត់បែបបន្ទាប់បន្សំទេ ចឹងបើស្ថិតនៅក្នុងករណីណាមួយដែល គាត់អាចមានហានិភ័យណាមួយ ដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់គាត់ ប៉ះពាល់ដល់សុខភាពរបស់គាត់ ពុំគួរទទួលការវះកាត់កែសម្ផស្សទេ ព្រោះអាយុជីវិត និងសុខភាព គឺមានសារៈសំខាន់ជារូបសម្ផស្សខាងក្រៅរបស់យើង។