ធ្លាប់តែលឺជំងឺលឺពី ជំងឺថប់អារម្មណ៍ និងជំងឺធ្លាក់ទឹកចិត្ត តែតើអ្នកទាំងអស់គ្នាយល់ច្បាស់ពីពួកវាកម្រិតណា និងដឹងពីភាពខុសគ្នារវាងជំងឺទាំងពីរនេះដែរឬទេ? អស់បារម្មណ៍ថ្ងៃនេះ វេជ្ជបណ្ឌិត ង៉ូវ សៀកឃីម ឯកទេស ជំងឺផ្លូវចិត្ត នឹងធ្វើការបកស្រាយលម្អិត ទាក់ទងនឹងភាពខុសគ្នារវាង ជំងឺថប់អារម្មណ៍ និងជំងឺធ្លាក់ទឹកចិត្ត ចែកជូនដល់អ្នកទាំងអស់គ្នា។
ជំងឺថប់អារម្មណ៍ អ្នកជំងឺគាត់មានការបារម្មណ៍ច្រើន ធ្វើឲ្យគាត់ចេញរោគសញ្ញាថប់ ដូចជាញ័រដើមទ្រូង ពិបាកដកដង្ហើម បែកញើសស្អិតចុងដៃចុងជើង ភ័យខ្លាចមិនហ៊ាននៅតែម្នាក់ឯង និងមានរោគសញ្ញានៃការគិត គឺការគិតច្រើន ដែលគាត់មិនអាចគ្រប់គ្រងការគិតរបស់គាត់បាន បើទោះបីជាគាត់ដឹងថាការគិតរបស់គាត់គឺលើសលុប បន្ថែមលើសពីនេះ គាត់អាចមានរោគសញ្ញាពិបាកនៃការគេងផងដែរ។
ជំងឺធ្លាក់ទឹកចិត្ត អ្នកជំងឺមានរោគសញ្ញាក្រៀមក្រំ ពិបាកចិត្ត លែងចង់ធ្វើសកម្មភាពដែលគាត់ធ្លាប់ចង់ធ្វើ ចាប់ផ្តើមមានរោគសញ្ញារាងកាយមួយចំនួន ចាប់ផ្តើមធ្វើទុកក្រពះពោះវៀន ចេះតែឧស្សាហ៍អស់កម្លាំង ពិបាកគេង និងរោគសញ្ញានៃជំងឺថប់អារម្មណ៍មានដែរ តែមានតិចតួច។
ហើយជំងឺទាំងពីរនេះ ប្រសិនបើអ្នកជំងឺគាត់មានរោគសញ្ញាទាំងអស់ ដូចដែលបានរៀបរាប់ ហើយអូសបន្លាយពេលវេលាយូរ រួមទាំងរោគសញ្ញាទាំងនោះរំខាន ទៅដល់ការងារប្រចាំថ្ងៃរបស់គាត់ គាត់អាចចាត់ទុកថាជាជំងឺណាមួយ ក្នុងចំណោមជំងឺទាំងពីរដែលយើងបានរៀបរាប់។