តើលោកអ្នកស្គាល់ពីបញ្ហាទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះច្បាស់ហើយឬនៅ?វេជ្ជបណ្ឌិត ឯកទេស នឹងលម្អិតរឿងនេះ

Vachana-Website-Beauty-&-Health-V3

កំឡុងពេលមានផ្ទៃពោះគឺសំខាន់ណាស់ ហើយកាន់តែសំខាន់គឺការយល់ដឹងពីជំងឺផ្សេងដែលអ្នកមានកំឡុងពេលនេះ។ ខាងក្រោមនេះជាការពន្យល់របស់ វេជ្ជបណ្ឌិត អ៊ាម សេរីរដ្ឋ ឯកទេស ជំងឺទឹកនោមផ្អែម និងជំងឺក្រពេញអរម៉ូន ទៅលើជំងឺទឹកនោមផ្អែមដែលស្រ្តីមានផ្ទៃពោះត្រូវយល់ដឹង។

១.តើអ្វីជាជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះ?

ជាការកើនឡើងនៃកំរិតជាតិស្ករដែលរកឃើញជាលើកដំបូងនៅពេលមានផ្ទៃពោះ( ២- ១០% នៃស្រ្តីមានផ្ទៃពោះត្រូវបានរកឃើញថាមានជំងឺនេះ)។

២. តើកត្តាអ្វីខ្លះនាំស្ត្រីអោយមានជំងឺនេះ?

 អរម៉ូន៖ ការថយចុះនៃការផលិត ការថយចុះសកម្មភាពអរម៉ូនអាំងស៊ុយលីនរបស់លំពែង (insulin-resistance) ដែលមានតួនាទីបញ្ចុះជាតិស្ករក្នុងចរន្តឈាម និង ការកើនឡើងនៃអរម៉ូនផ្ទៃពោះ (ពិសេសចាប់ពីត្រីមាសទី២) នាំទៅដល់ 

-អតុល្យភាពនៃការគ្រប់គ្រងកំរិតជាតិស្ករ កំឡុងពេលពពោះរបស់ម្តាយ។

 -អតុល្យភាពនៃលំនឹងរបបអាហារ។

 -កត្តាប្រឈមផ្សេងទៀត៖

   • តំណពូជ៖ ស្ត្រីដែលមានឳពុក ម្តាយមានជំងឺទឹកនោមផ្អែម។

   • សុខភាពផ្ទាល់ខ្លួន៖ស្ត្រីមានបញ្ហាត្រៀមទឹកនោមផ្អែមស្រាប់ (pre-diabetes) មានគភ៍នៅអាយុ ៣៥ឆ្នាំ  ទំងន់លើសកំរិត (BMI >/= 25 kg/m2) ។

   • ប្រវត្តិផ្ទៃពោះមុនៗ៖ ធ្លាប់មានជំងឺទឹកនោមផ្អែម បម្រុងក្រឡាភ្លើង សម្រាលកូនធំ(> ៤ គីឡូ)។

៣. តើធ្វើដូចម្តេច ទើបអាចរកឃើញថាមានជម្ងឺនេះ? 

 ការពិនិត្យកំរិតជាតិស្ករក្នុងឈាមមុនពេលហូបអាហារ ពេលនៅកំឡុងត្រីមាសទីមួយ។

 និង ធ្វើតេស្តពិសារជាតិស្ករ ៧៥ក្រាម ( OGTT ) ម្តងទៀតនៅចន្លោះសប្តាហ៍ទី ២៤-២៨ ករណីរកឃើញថាមានកត្តា១ ក្នុងចំណោមកត្តាទាំងអស់ខាងលើ (ទោះបីតេស្តលើកទី១ធម្មតាក៏ដោយ)។

៤. តើអ្វីជាការគ្រប់គ្រង និង តាមដានបន្តដែលត្រឹមត្រូវ ?

 ផ្តើមពីការផ្លាស់ប្តូររបបចំណីអាហារ របៀបរបបក្នុងការរស់នៅ ជាមួយលំហាត់ប្រាណសមស្រប ។

 ករណីមិនជោគជ័យ ឈានដល់ការប្រើប្រាស់អាំងស៊ុយលីន។

 ការតាមដាន៖

    • កំឡុងពេលមានផ្ទៃពោះ ៖ ជាមួយវេជ្ជបណ្ឌិតឯកទេសសម្ភពសម្រាប់សុខភាពផ្ទៃពោះ និង វេជ្ជបណ្ឌិតឯកទេសផ្នែកក្រពេញអរម៉ូន សម្រាប់ការគ្រប់គ្រងលំនឹងជាតិស្ករ។

    • ក្រោយសម្រាល(ចន្លោះ សប្តាហ៍ទី ៦ ដល់ ៨)៖ តេស្តពិសារជាតិស្ករ ៧៥ក្រាម ( OGTT ) និង វិភាគឈាមចាំបាច់ផ្សេងទៀត ដើម្បីបញ្ជាក់ពីការត្រឡប់មកសភាពធម្មតារបស់ស្ត្រី។

៥.តើការគ្រប់គ្រងមិនត្រឹមត្រូវផ្តល់ផលវិបាកអ្វីខ្លះដល់មាតា និង ទារក?

 ម្តាយ៖ ផលវិបាកមុន និង ក្រោយសម្រាលនៃជម្ងឺទឹកនោមផ្អែមផ្ទាល់ ប្រឈមនឹងជំងឺលើសសម្ពាធឈាម/បម្រុងក្រលាភ្លើង ការឆ្លងរោគ និង រលាកប្រព័ន្ធបង្ហួរនោមរុំារ៉ៃ ។

 ទារក:ប្រឈមនឹងការសំរាលមុនកំណត់ ឬ បញ្ឈប់ការលូតលាស់ក្នុងផ្ទៃ  សម្រាលលើសទំងន់ ប្រឈមនឹងការចុះជាតិស្ករក្រោយសម្រាលភ្លាមៗ ឬផលវិបាកប្រពន្ធ័មេតាបូលិករបស់ទារក។ល។

ការថែរក្សាសុខភាព និងបង្កាខ្លួនពីជំងឺផ្សេងៗគឺសំខាន់ណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ ដូច្នេះអ្នកគួរតែយល់ដឹង និងទៅពិគ្រោះជាមួយដុកទ័រឯកទេសឲ្យបានជាប់លាប់។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង