តែ និង កាហ្វេ ត្រូវបានគេទទួលស្គាល់ថា ជាភេសជ្ជៈដែលទទួលបានប្រជាប្រិយភាពជាងគេក្នុងពិភពលោក ហើយរបស់ទាំងពីរនេះសុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាពរបស់អ្នក។ ដូច្នេះ ក្នុងអត្ថបទខាងក្រោមនេះ នឹងប្រៀបធៀប 4 ចំណុចរវាងតែ និងកាហ្វេទៅលើសុខភាពរបស់អ្នក ៖
១. ផ្តល់ថាមពលដល់រាងកាយ
តើតែ និងកាហ្វេមួយណាផ្តល់ថាមពលឲ្យអ្នកជាងគេ?? ពិតណាស់ កាហ្វេគឺអស្ចារ្យណាស់សម្រាប់ការបង្កើនថាមពលយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យវាពេញនិយមយ៉ាងខ្លាំងនៅពេលព្រឹក។ ផ្ទុយមកវិញ តែ ក៏ផ្តល់នូវការបង្កើនថាមពលដែលទ្រទ្រង់ ដល់រាងកាយរបស់អ្នកបន្ថែមទៀត។ ដូចដែល អ្នកបានដឹងរួចមកហើយថា តែ គឺមានជាតិកាហ្វេអ៊ីនតិចជាងកាហ្វេ ដូច្នេះឥទ្ធិពលរបស់វាលើរាងកាយរបស់អ្នកប្រហែលតិចជាងកាហ្វេ។
២. គុណភាពនៃការគេង
តើកាហ្វេនិងតែមួយណាជាជម្រើសល្អសម្រាប់ដំណេករបស់អ្នក?? កាហ្វេនិងតែ គឺល្អដល់សុខភាពរបស់អ្នកទាំងពីរដរាបណាអ្នកគេងបានគ្រប់គ្រាន់។ ផ្ទុយពីនេះដែរ អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Surrey បានរកឃើញថា អ្នកផឹកតែមានទំនោរទៅរកពេលវេលាគេងលក់ស្រួលជាងអ្នកផឹកកាហ្វេ។ ដូចនេះហើយ ប្រសិនបើអ្នកគេងមិនលក់នៅពេលយប់ គួរតែឧស្សាហ៍ផឹកតែច្រើនជាងកាហ្វេវិញ ព្រោះវានឹងងាយធ្វើឲ្យអ្នកងងុយគេងលឿនជាងកាហ្វេ។
៣. អត្ថប្រយោជន៍រាងកាយសម្រាប់អ្នកចូលចិត្តផឹកកាហ្វេ ៖ គ្រាប់កាហ្វេក៏មានផ្ទុកនូវសារធាតុចិញ្ចឹមច្រើនផងដែរ។ រាល់ពេលដែលអ្នកផឹកកាហ្វេ អ្នកក៏ទទួលបានសារធាតុចិញ្ចឹមសំខាន់ៗដូចជា ប៉ូតាស្យូម ម៉ង់ហ្គាណែស ម៉ាញេស្យូម ការពារថ្លើម និង មានសក្តានុពលការពារប្រឆាំងនឹងជំងឺមហារីកមួយចំនួនផងដែរ។
សម្រាប់អ្នកចូលចិត្តផឹកតែ ៖ កាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន ដោយតែផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម តែក៏ត្រូវបានគេបង្ហាញឱ្យឃើញថា ធ្វើឱ្យរាងកាយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និង កូលេស្តេរ៉ុលថែមទៀតផង។
៤. អត្ថប្រយោជន៍ផ្លូវចិត្ត
ភេសជ្ជៈទាំងពីរនេះសុទ្ធតែជួយដល់ផ្លូវចិត្តរបស់អ្នក ប៉ុន្តែក៏មានអត្ថប្រយោជន៍ផ្លូវចិត្តជាច្រើនផ្សេងទៀត សម្រាប់ភេសជ្ជៈនីមួយៗដែលអ្នកប្រហែលជាមិនបានដឹង។ កាហ្វេកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង និងអាចជួយឲ្យប្រសើរឡើងនូវជំងឺធ្លាក់ទឹកចិត្ត។ រីឯតែវិញ ជួយធ្វើឲ្យអារម្មណ៍របស់អ្នកស្ងប់ល្អ និង មិនឆាប់ឆេវឆាវ ព្រមទាំងជួយកាត់បន្ថយស្មុគស្មាញច្រើន។
តាមពិតទៅ កាហ្វេនិង តែ សុទ្ធតែជាភេសជ្ជៈជួយដល់សុខភាពរបស់អ្នក គ្រាន់តែពេលខ្លះអ្នកគួរតែប្រើប្រាស់ឲ្យត្រូវតាមពេលវេលាប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ភេសជ្ជៈទាំងពីរនេះសុទ្ធតែមានលក្ខណៈពិសេសសម្រាប់សុខភាពរបស់អ្នក ដូចនេះអ្នកអាចទទួលទានមួយណាក៏បាន។
ប្រភព ៖ paleohacks.com