ការចង់ស្អាត ចង់បានសម្បុរ ស មិនមែនជារឿងខុសទេ តែវាខុសខ្លាំងនៅពេលដែលយើងប្តូរសុខភាពរាងកាយ ប្តូរសុខភាពតម្រងនោម ប្តូរសុខភាពស្បែកជាមួយនឹងភាពស្អាតតែខាងក្រៅរយៈពេលខ្លី ដោយមិនខ្វល់ពីហានិភ័យដែលនឹងប៉ះពាល់បន្ទាប់ពីធ្វើសកម្មភាពប្តូរពណ៌ស្បែកដោយមិនមានគិតគូរឱ្យបានវែងឆ្ងាយបែបនេះ។
វេជ្ជបណ្ឌិត សូរ ធឿន, គ្រូពេទ្យឯកទេសស្បែក និងកែសម្ផស្សបែបវេជ្ជសាស្រ្ត និងជាប្រធានគ្លីនិកស្បែកស្គីនមេឌិច ដែលមានបទពិសោធន៍ជាង៧ឆ្នាំ នឹងបង្ហាញពីផលប៉ះពាល់ទៅលើសុខភាពរាងកាយទាំងមូល នៅពេលដែលស្រ្តីប្រើផលិតផលបកស្បែក ខាត់ស្បែក លាបឡេមានជាតិកាត់ខ្ពស់ដើម្បីប្តូរពណ៌ស្បែកពីស្រអែមទៅ ស។
ការបកស្បែក ខាត់ស្បែក លាបឡេមានជាតិកាត់ខ្ពស់ ដើម្បីប្តូរពណ៌ស្បែកពីស្រអែមទៅ ស បានក្លាយជារឿងដ៏ពេញនិយមមួយសម្រាប់នារីៗ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រោយពីការទទួលបានស្បែក សម្បុរពណ៌ ស រួច ក៏សង្កេតឃើញថាមានស្រ្តីជាច្រើនបានជួបបញ្ហាឡើងសង្វារពេញដៃជើង ឡើងសរសៃក្រហម ឡើងអាចម៍រុយ ស្បែកឡើងស្តើង/ស្បែកផុយអាចមានបញ្ហានៅពេលមានទម្ងន់នៅថ្ងៃអនាគត និងប៉ះពាល់ទៅដល់សុខភាពតម្រង នោម ខួរក្បាលដែលជាសរីរាង្គខាងក្នុង។
សំនួរសួរថា ហេតុអ្វីគ្រាន់តែលាបឡេប្តូរពណ៌ស្បែក ខាត់ស្បែក ឬបកស្បែកមានហានិភ័យបែបនេះ? វេជ្ជ. សូរ ធឿន បានប្រាប់វិញថា សកម្មភាពទាំងនោះសុទ្ធតែជាការបំផ្លាញរនាំងការពារស្បែកដែលអ្នកទាំងអស់គ្នាធ្វើដោយមិនបានដឹងខ្លួន។
វេជ្ជ. សូរ ធឿន បានពន្យល់ថាស្បែកមនុស្សយើងគឺអស្ចារ្យណាស់។ វាមានសមត្ថភាពខណ្ឌចែករាងកាយខាងក្នុង ការពារខ្លួនយើងទាំងមូលពីការបំផ្លាញពីបរិយាកាស បាក់តេរី, ជាតិពុល និងអ្វីៗជាច្រើនទៀតដែលយើងមិនឃើញមិនអាចឆ្លងកាត់ស្រទាប់ស្បែកយើងចូលទៅក្នុងសរសៃឈាមបានឡើយ។ ហេតុនេះហើយ បងប្អូនសាកស្រមៃមើល នៅពេលដែលយើងទៅបកស្បែកពីមួយស្រទាប់ទៅស្រទាប់ចេញ តើបានអ្វីការពារខ្លួនតទៅទៀត? បងប្អូនអាចគិតបន្ថែមដោយខ្លួនឯងបាន។
បន្ថែមពីផលប៉ះពាល់ វេជ្ជ. សូរ ធឿនក៏បានពន្យល់យ៉ាងក្បោះក្បាយថា គ្មានថ្នាំណា ឬឡេណាអាចប្តូរពណ៌សម្បុរដែលចេញពីហ្សែនធម្មជាតិផ្តល់ឱ្យយើងបានដែរ។ ជនជាតិអាស៊ីយើងគឺមានស្បែកដែលល្អមែនទែន, សម្បុរ ស្រអែម, សម្បុរសណ្តែកបាយ, សម្បុរលឿង នេះគឺជាសម្បុរសបញ្ចាក់ពីជាតិសាសន៍យើង។ ទោះយើងខំដុសខាត់ លាប បកស្បែកស្រទាប់ខាងក្រៅចេញប៉ុនណាក៏រាងកាយយើងនឹងផលិតពណ៌នោះមកវិញដដែល លើកលែងតែបន្ទាប់ពីយើងបកស្រទាប់ស្បែកខាងក្រៅរួច យើងនាំគ្នាទៅលាបឡេ ឬផលិតផលដែលមានជាតិគីមីខ្លាំងឱ្យចូលទៅទប់ការផលិតកោសិកាជាតិពណ៌ពីខាងក្នុងស្បែក កុំឱ្យវាដុះមកវិញ។
វេជ្ជ. សូរ ធឿន បកស្រាយបន្ថែមទាំងក្តីបារម្ភទៀតថា “បើសិនជាបែបនោះមែន ខ្ញុំស្រមៃមិនចេញទេថាស្បែក និងសរីរាង្គខាងក្នុងរបស់បងប្អូនទាំងអស់គ្នានឹងធ្វើការធ្ងន់កម្រិតណា ហើយទ្រុឌទ្រោមដល់កម្រិតណានោះ។” យោងតាមបទពិសោធន៍វេជ្ជសាស្រ្តក្នុងរយៈពេលសិក្សាជាង១០ឆ្នាំ និងព្យាបាលជំងឺរយៈពេលជាង៧ឆ្នាំកន្លងមកនេះ វេជ្ជ. សូរ ធឿន ប្រាប់ថាសមធាតុគីមីដែលពេញនិយមក្នុងការយកទៅទប់ការផលិតជាតិពណ៌នៃស្បែក, ធ្វើឱ្យស្រទាប់ស្បែកខាងក្រៅស្តើងឃើញពណ៌ ស នោះភាគច្រើនជាលោហធាតុធ្ងន់។ ពពួកលោហធាតុធ្ងន់នេះចូលក្នុងខ្លួនហើយមិនអាចចេញមកក្រៅបានវិញទេ ហើយសមធាតុគីមីទាំងនោះអាចមានដូចជា បារ៉ត, ស្តេរ៉យ និងGlutathione ដែលបងប្អូនអាចឆែករកមើលក្នុងអ៊ីធើណេតបន្ថែមបាន ថាអាចប៉ះពាល់អ្វីខ្លះដល់ស្បែក តម្រងនោម និងខួរក្បាល៕
រៀបចំអត្ថបទដោយ: ក្រុមការងារគ្លីនិកស្បែកស្គីនមេឌិច