ការញ៉ាំផ្លែឈើមិនត្រឹមតែល្អចំពោះសុខភាពទេលើសពីនេះបើអ្នកចេះជ្រើសរើសប្រភេទផ្លែឈើដែលត្រឹមត្រូវទៀតនោះ អ្នកបានទាំងអត្ថប្រយោជន៍ក្នុងការរក្សារាងឲ្យស្រស់ស្អាតទៀតផង។ ខាងក្រោមនេះជាផ្លែឈើ ៤ប្រភេទ មិនត្រឹមតែជួយឲ្យស្បែកភ្លឺថ្លាទេ ថែមទាំងជួយរក្សារាង៖
១. ផ្លែប៉ោម
ផ្លែប៉ោមមិនត្រឹមតែជា “ផ្លែឈើមាស” សម្រាប់សុខភាពប៉ុណ្ណោះទេ ផ្លែប៉ោមក៏ត្រូវបានគេស្គាល់ថាជាអាហារសម្រកទម្ងន់ និងសម្រស់ដែលវាជួយទៅដល់ស្បែកដែលមនុស្សស្រីយើងមិនគួររំលង។
ផ្លែប៉ោម ល្អសម្រាប់ធ្វើជាអាហារសម្រន់ ឬបង្អែម។ ជាតិសរសៃរលាយក្នុងផ្លែប៉ោមរលាយចូលទៅក្នុងទឹកក្នុងក្រពះ និងបង្កើនអារម្មណ៍ឆ្អែត ធ្វើឱ្យអ្នកកាត់បន្ថយការឃ្លាន។ ជាមួយគ្នានេះដែរ ផ្លែប៉ោមក៏ជួយស្បែកស្រស់ស្អាត អារម្មណ៍ល្អ និងប្រឆាំងភាពចាស់ ដែលជាផ្លែឈើ១ប្រភេទល្អសម្រាប់មនុស្សស្រី។
២. ក្រូចថ្លុង
បើនិយាយពីផ្លែឈើដែលធ្វើឲ្យស្បែកស្អាត និងស្រកទម្ងន់ គេមិនអាចរំលងផ្លែក្រូចថ្លុងបានទេ។ អ្នកជំនាញណែនាំថា ការទទួលទានផ្លែក្រូចថ្លុងមួយគ្រាប់មុនពេលអាហារនីមួយៗ អាចជួយឱ្យស្រកទម្ងន់។ ក្រូចថ្លុងសម្បូរទៅដោយជាតិសរសៃ ទឹក វីតាមីន C អាស៊ីតហ្វូលិក វីតាមីន A និងប៉ូតាស្យូម។ ដោយសារតែក្រូចថ្លុងមានផ្ទុកជាតិទឹកច្រើន វាក៏ជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតលឿន និងញ៉ាំតិចផងដែរ។ វាក៏មានអង់ស៊ីមដុតបំផ្លាញជាតិខ្លាញ់ ដែលត្រូវបានគេចាត់ថ្នាក់ជាអាហារសម្រកទម្ងន់។ លើសពីនេះក្រូចថ្លុងក៏ជួយបង្កើនកូឡាជែនក្នុងស្បែកផងដែរ ធ្វើឱ្យស្បែកភ្លឺរលោង។
៣. ផ្លែប៉ែស
ការទទួលទានផ្លែប៉ែស 100 ក្រាម គឺស្មើនឹងត្រឹមតែ 38 កាឡូរីប៉ុណ្ណោះ ប៉ុន្តែសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែច្រើន។ ផ្លែប៉ែសទុំក៏សម្បូរទៅដោយអាស៊ីតសរីរាង្គ និងជាតិសរសៃ ជួយជំរុញការរំលាយអាហារ ដើម្បីជួយឱ្យដំណើរការរំលាយអាហារក្នុងរាងកាយប្រព្រឹត្តទៅបានរលូន ជាតិខ្លាញ់ត្រូវបានដុតបំផ្លាញបានលឿន។ ផ្លែប៉េសក៏សម្បូរទៅដោយវីតាមីន A ជួយការពារពីការបំផ្លាញដោយកាំរស្មីព្រះអាទិត្យលើស្បែក និងភ្នែករបស់អ្នក។
៤. ទំពាំងបាយជូបៃតង
ទំពាំងបាយជូរពណ៌បៃតងគឺល្អណាស់ ជាពិសេសក្នុងការដុតបំផ្លាញជាតិខ្លាញ់។ ជាមួយគ្នានេះដែរ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងទំពាំងបាយជូរពណ៌បៃតងជួយការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេដែលបង្កគ្រោះថ្នាក់ដល់ស្បែក។ ផ្លែឈើនេះក៏ជួយកាត់បន្ថយស្នាមអុចខ្មៅ និងស្នាមជ្រួញផងដែរ។ ទំពាំងបាយជូរក៏មានផ្ទុកនូវវីតាមីន C និង E ដែលធ្វើអោយស្បែកភ្លឺថ្លា និងធ្វើឱ្យកោសិកាស្បែកថ្មីដុះឡើងវិញ។
ឯកសារយោង ៖ QQ, Sohu, Eat This