ម៉ាក់ៗមានឆ្ងល់អត់ ថាការតាមដានផ្ទៃពោះទៅតាមបច្ចេកទេសវេជ្ជសាស្ត្រមានអីខ្លះ? ហើយការពិនិត្យបែបណាបានត្រឹមត្រូវ? គេអាចគ្រាន់តែមើលពោះ មើលអេកូ ឬមានអីផ្សេងទៀត? នេះជារឿងទូទៅដែលម៉ាក់ៗតែងជួបប្រទះ ជាពិសេសម៉ាក់ៗកូនដំបូងតែម្ដងដោយសារគាត់មានការបារម្ភច្រើនទៅលើការពពោះរបស់គាត់ ដោយសារមិនធ្លាប់ឆ្លងកាត់។ ដើម្បីឲ្យកាន់តែលម្អិតដើម្បីឲ្យម៉ាក់ស្រួលចិត្ត ខាងក្រោមនេះជាការតាមដានសុខភាពផ្ទៃពោះទៅតាមត្រីមាសនីមួយៗដែលម៉ាក់គួរដឹង។
ចឹងម៉ាក់ៗមានដឹងខ្លះអត់ថាត្រីមាសទីមួយហ្នឹងគេធ្វើអីខ្លះ?
១.ការពិនិត្យសុខភាពកំឡុងត្រីមាសទី១ រួមមាន៖
- ការសាកសួរប្រវត្តិសុខភាពផ្ទាល់ខ្លួន និង ឳពុកម្តាយ ដើម្បីកត់ត្រាក្នុងសៀវភៅតាមដានផ្ទៃពោះ រួចផ្តល់ថ្នាំដែលចាំបាច់ផ្សេងៗ ទៅតាមសុខភាពម៉ាក់ៗ និង គភ៍ ។
- បូមឈាមលើកទី១ គោលបំណងពិនិត្យសុខភាពម្តាយ និង ស្វែងរកជំងឺចាំបាច់មួយចំនួន។
- សម្រាប់កូន អាចបូមឈាមពីម្តាយធ្វើតេស្តស្វែងរកអត្រាប្រឈមនៃជម្ងឺខ្សោយប្រជ្ញាពីកំណើត។
- អេកូសាស្ត្រជារឿងចាំបាច់ ដើម្បី បញ្ជាក់ទីតាំង អាយុគភ៌ និង ពិនិត្យរង្វាស់ប្រឡោះទឹកក្រោយ ក របស់ទារក។ ស្វែងបញ្ហារោគស្ត្រីផ្សេងៗដែលអាចមានជាមួយគ្នាដូចជា ដុំសាច់ស្បូន គីសក្រពេញបញ្ចេញមេជីវិត។
ចុះពេលចូលត្រីមាសទី២វិញ គេនៅពិនិត្យដូចត្រីមាសទី១ទៀតអត់?
២. ចូលត្រីមាសទី២ការពិនិត្យមានដូចជា
- វាយតម្លៃសុខភាពម្តាយឡើងវិញ និង សាកសួរសញ្ញាមិនប្រក្រតីនៃផ្ទៃពោះ ដូចជាការធ្លាក់ឈាម រឺ ចុកពោះខុសប្រក្រតី។
- ផ្តល់វីតាមីន និង សារជាតិកាល់ស្យូមបន្ថែមលើសារជាតិដែក បន្ទាប់មកចាប់ផ្តើមផ្តល់ការប្រឹក្សាលើរបបអាហារដែលចាំបាច់។
- អេកូសាស្ត្រនៅពេលនេះ លើសពីបញ្ជាក់ភេទទារក សំខាន់បំផុតគឺ បញ្ជាក់ថ្ងៃគ្រប់ខែច្បាស់លាស់នៅ៤០សប្តាហ៍ ពិសេសស្រាវជ្រាវរកភាពមិនប្រក្រតីពីកំណើតរបស់ទារក ។
- ចាប់ផ្តើមផ្តល់វ៉ាក់សាំងតេតាណុស និង ផ្តាសាយ។
- វិភាគទឹកនោមរហ័សរៀងរាល់ខែ រកមើលក្រែងលោមាន ជាតិប្រៃ និង ផ្អែមក្នុងទឹកនោម។
ចូលដល់ត្រីមាសទី៣ ម៉ាក់ៗមានអារម្មណ៍ភ័យអត់ ព្រោះជិតដល់ពេលសម្រាលចឹង?
៣.ចូលដល់ត្រីមាសទី៣ ជាពេលសំខាន់ដែលត្រូវប្រុងប្រយ័ត្នខ្ពស់ និង មើលថែសុខភាពដើម្បីត្រៀមខ្លួនក្នុងការសម្រាល ដូច្នេះការតាមដានរួមមាន
- ត្រូវកំរិតរបបអាហារណាដែលមិនចាំបាច់ និង គួរធ្វើលំហាត់ប្រាណដែលសមស្របតាមសុខភាពផ្ទៃពោះ។
- បងៗគួរចាប់អារម្មណ៍លើសញ្ញាមិនប្រក្រតី ១ចំនួនដូចជា៖ ហើមរឺការឡើងទម្ងន់លើសកំណត់ ហត់ខ្លាំង ឈឺពោះខុសធម្មតា សង្ស័យមានឆ្លងរោគតាមទ្វាមាស ។
- អេកូសាស្ត្រអោយបានទៀងទាត់ ដើម្បីធានានៅការវិវត្តន៍ក្នុងកំរិតប្រក្រតី ក្រៅណិនេះពិនិត្យទីតាំងរបស់សុក បរិមាណទឹកភ្លោះ និង វាស់ប្រវែងមាត់ស្បូន។
- ពិនិត្យឈាមម្តងទៀត ស្វែងរកបញ្ហាកង្វះគ្រាប់ឈាម ជម្ងឺទឹកនោមផ្អែម មុខងាររបស់សរីរាង្គសំខាន់ៗ ដើម្បីស្វែងរដំណោះស្រាយទុកជាមុនករណីរកឃើញថាមានបញ្ហាណាមួយ។
ហើយម៉ាក់មានដឹងអត់ពេលជិតសម្រាលចឹងគេពិនិត្យអីទៀតដើម្បីឲ្យម៉ាក់ៗសម្រាលបានដោយសុវត្ថិភាព?
៤.ដើម្បីបន្ថយហានិភ័យសម្រាប់ការសម្រាលអោយបានច្រើនបំផុត ត្រូវការពិនិត្យបន្ថែមដូចជា
- ការពិនិត្យសុខភាពទូទៅ ដើម្បីវាយតម្លៃស្ថានភាពម្តាយ ពិនិត្យអេកូបេះដូង និង សិក្សាចង្វាក់បេះដូងម្តាយ។
- ការពិនិត្យតាមទ្វារមាស បំណងសំខាន់គឺ ពិនិត្យមាត់ស្បូន លក្ខណៈអាងត្រគាកម្តាយ ដើម្បីប៉ាន់ស្មានបែបបទនៃការសម្រាល(តើអាចសម្រាលតាមធម្មជាតិបានទេ)។ រួចពិនិត្យស្ថានភាពទ្វារមាស ករណីមានមេរោគផ្តល់ថ្នាំព្យាបាល។
- ការពិនិត្យផ្សេងៗទៀត រួមមាន ពិនិត្យឈាមដែលចាំបាច់មុនសម្រាល ពិនិត្យទឹកនោម ការតាមដានចង្វាក់បេះដូងទារក និង ការកន្ត្រាក់របស់ស្បូនដោយម៉ាស៊ីនអេឡិចត្រនិក ។
បែបនេះហើយបានជាម៉ាក់ៗត្រូវតាមដានសុខភាពផ្ទៃពោះទៅតាមត្រីមាសនីមួយៗកុំឲ្យខកខាន។ ការតាមដានបានជាក់លាក់គឺសំខាន់ណាស់ ព្រោះ ករណីមានបញ្ហាឆាប់ស្វែងរកដំណោះស្រាយព្រោះបញ្ហាខ្លះត្រូវចូលរួមពីដុកទ័រឯកទេសផ្សេងទៀត។ ហើយពិសេសជាងនេះដើម្បីសម្រួលដល់ការខ្វល់ខ្វាយច្រើនម៉ាក់ៗអាចរើសបាននូវកញ្ចប់ពិនិត្យ និងតាមដាមផ្ទៃពោះ ដែលមានគ្រប់សព្វទាំងអស់ ដើម្បីធានាបាននូវសុវត្ថិភាពម្ដាយ និងកូន។ រឿងដែលសំខាន់ ម៉ាក់គ្រាន់តែមកតាមការណាត់ឲ្យបានទៀងទាត់ ឬមកពិនិត្យនៅពេលមានភាពប្រក្រតីណាមួយកើតឡើងតែប៉ុណ្ណោះ។