“មេរោគ HPV និង វ៉ាក់សាំងការពារមហារីកមាត់ស្បូន” នៅតែជាប្រធានបទសុខភាពសំខាន់ដែលបងប្អូនទាំងអស់គ្នាត្រូវយល់ដឹងព្រោះបើយើងមានចំណេះដឹងច្បាស់លាស់នោះយើងក៏អាចការពារវាបានយ៉ាងល្អដែរ។ ទាក់ទងនឹងប្រធានបទនេះ វេជ្ជបណ្ឌិត ទឹងសុគន្ធមាលា ឯកទេសសម្ភព និងរោគស្ត្រី នៅ Mémoire Polyclinic and Maternity បានពន្យល់ទាក់ទងនឹង “មេរោគ HPV និង វ៉ាក់សាំងការពារមហារីកមាត់ស្បូន” ជាមួយ វចនា-Vachana យ៉ាងលម្អិតដូចខាងក្រោមនេះ៖
១. តើអ្វីជាHPV?
• HPV គឺជាឈ្មោះរបស់ក្រុមវីរុសមានច្រើនជាង១០០ប្រភេទផ្សេងគ្នា ដែលអាចចម្លងទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទ រឺ ការប៉ះពាល់ស្បែកនៅតំបន់ប្រដាប់បន្តពូជ។
• លក្ខខណ្ឌនៃការបង្ករោគ ៖
+ HPV អាចសំងំក្នុងរាង្គកាយដោយមិនបង្កជាបញ្ហាមកខាងក្រៅ ។
+ប្រភេទខ្លះ បង្កជាជម្ងឺសេរមាន់នៅបរិវេណប្រដាប់បន្តពូជ ទ្វារលាមក រឺ តំបន់មាត់ និង បំពង់ក។
+ ប្រភេទខ្លះទៀត នឹងវិវត្តទៅជាមហារីក ជាពិសេសគឺមហារីកមាត់ស្បូន។
២. តើយើងអាចប្រើមធ្យោបាយអ្វីខ្លះដើម្បីបញ្ជាក់ ?
• ពិនិត្យដោយវេជ្ជបណ្ឌិតឯកទេសនៅតំបន់ដែលមានរោគសញ្ញា។
• វិភាគកោសិកាមាត់ស្បូន(ចំពោះស្ត្រី)ដើម្បីស្វែងរកកំរិតនៃការបំរែបំរួលមាត់ស្បូន (PAP Smear test ) និង បញ្ជាក់ពីវត្តមាននៃមេរោគ ( HPV testing ) ។
៣. តើមេរោគ HPV តំរូវព្យាបាលគ្រប់ករណីទេ?
• មិនទាំងអស់ទេ ៖ ករណីមិនមានរោគសញ្ញា បន្តតាមដាន(តាមលក្ខខណ្ឌបច្ចេកទេស) ។
• ព្យាបាល៖ ករណីលេចចេញជាសេរមាន់នៅប្រដាប់បន្តពូជ និង កន្លែងផ្សេងៗរបស់សារពាង្គកាយ រឺ មានបំរែបំរួលកោសិកានៅមាត់ស្បូនរបស់ស្ត្រី។
៤. តើការចម្លងពី HPV និង មហារីកមាត់ស្បូនអាចបង្ការបានរឺទេ?
• អ្នកមិនអាចការពារបានទាំងស្រុងនោះទេ(ការប្រើស្រោមអនាម័យ ក៏មិនអាចការពារបាន១០០% ដែរ ព្រោះវាមិនបានគ្របលើស្បែកទាំងអស់ ជុំវិញបរិវេណប្រដាប់នោះទេ)។
• ប៉ុន្តែការចាក់វ៉ាក់សាំង នឹងបង្កើនប្រព័ន្ធការពារ ទប់ទល់នឹងការរាតត្បាតនៃវីរុស HPV ។
៥. តើអ្វីខ្លះដែលគួរយល់ដឹង ទាក់ទងនឹងវ៉ាក់សាំងបង្ការវីរុស HPV?
• វ៉ាក់សាំងមាន ២ប្រភេទ ៖ ជំនាន់ចាស់ បង្ការបានតែជម្ងឺមហារីកមាត់ស្បូន ឯជំនាន់ថ្មី(មាន ៤ និង ៩ វ៉ាឡង់) ការពារបានទាំងអម្បូរដែលបង្កអោយមានជាជម្ងឺសេមាន់ និង ជម្ងឺមហារីកមាត់ស្បូនរបស់ស្ត្រី។
• អាចចាក់បានទាំងបុរស និង ស្ត្រីចាប់ពីអាយុ ០៩ ឆ្នាំឡើងទៅ។
• កំរិតនៃការចាក់៖ អាយុក្រោម ១៤ឆ្នាំ ចាក់២ដង ចាប់ពី១៤ឆ្នាំ តំរូវចាក់៣ដង បន្តគ្នា(តាមកាលវិភាគកំណត់ច្បាស់លាស់)។
• មុននឹងចាក់វ៉ាក់សាំង៖
តំរូវទទួលការពិនិត្យសុខភាពជាមួយវេជ្ជបណ្ឌិតឯកទេសជាមុន។
តំរូវទទួលការវិភាគកោសិកាមាត់ស្បូន (លទ្ធផលមិនមានបញ្ហា ) សម្រាប់អ្នកដែលធ្លាប់មានដៃគូរួច។
ទាំងនេះសុទ្ធតែជាចំណុចសំខាន់ទាក់ទងនឹងមហារកមាត់ស្បូនដែលគ្រប់គ្នាគួរតែដឹង ហើយជាពិសេសនោះគឺស្ត្រីខ្លួនឯងតែម្ដង ដើម្បីបង្ការ និងកាពារខ្លួន។