ដោយសារតែមានចម្ងល់ច្រើនទាក់ទងនឹងថា តើបរិភោគថ្នាំងងុយគេងច្រើន អាចនាំឲ្យញៀនមិនអាចផ្តាច់បានឬយ៉ាងណា ពេលនេះ វេជ្ជបណ្ឌិត ង៉ូវ សៀកឃីម ដែលជាគ្រូពេទ្យឯកទេស ជំងឺផ្លូវចិត្តនៅមន្ទីសម្រាកអ៊ែរ ផ្លឹស នឹងធ្វើការបកស្រាយជូនអ្នកទាំងអស់គ្នា តាមរយៈ Vachana-វចនា ដូចខាងក្រោម ៖
ជាការពិត ដែលថាញ៉ាំថ្នាំងងុយគេងអាចញៀន ប្រសិនបើអ្នកជំងឺមិនញ៉ាំថ្នាំតាមវិជ្ជបញ្ជា ដែលភាគច្រើនគឺអ្នកជំងឺទិញតាមកន្លែងលក់ថ្នាំផ្សេងៗទៅបរិភោគ ប៉ុន្តែប្រសិនបើជំងឺមួយចំនួនខ្លះតម្រូវឲ្យគាត់ញ៉ាំថ្នាំ ហើយគាត់ញ៉ាំតាមវិជ្ជមញ្ជា ហើយទទួលការតាមដានត្រឹមត្រូវ នឹងមិនធ្វើឲ្យអ្នកជំងឺញៀនទេ ព្រោះគ្រូពេទ្យដឹងថា ថ្នាំទាំងអស់ហ្នឹងញ៉ាំបែបណា ទើបមិនធ្វើឲ្យអ្នកជំងឺញៀន។
ដោយឡែក អ្នកជំងឺខ្លះមកព្យាបាលដោយសារតែអាការៈពិបាកគេង ចឹងពេលដែលទទួលការព្យាបាលទៅគាត់គេងលក់ តែពេលដែលគាត់ផ្តាច់ថ្នាំងងុយគេង គាត់ស្រាប់តែគេងលែងលក់ ធ្វើឲ្យគាត់គិតថាប្រហែលជាញៀនហើយ ព្រោះលើកមុនគាត់លេបថ្នាំហើយឥលូវថយតិចអត់បាន គាត់គេងអត់លក់ គាត់អាចនឹងញៀន ប៉ុន្តែជាក់ស្តែងជំងឺដើមរបស់គាត់គឺពិបាកគេង ចឹងមានន័យថា ជំងឺពិបាកគេងរបស់គាត់ គឺមិនទាន់ជាសះស្បើយទេ ទើបគាត់បន្ថយថ្នាំ ទៅជាគេងអត់លក់។