ផ្លែស្វាយមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានសារធាតុចិញ្ចឹមសម្រាប់ជំនួយដល់សុខភាព ដូចជា ការពង្រឹងភាពស៊ាំ និងការរំលាយអាហារជាដើម។ មិនតែប៉ុណ្ណោះ សារធាតុ polyphenol មួយចំនួនដែលមាននៅក្នុងផ្លែឈើនេះ អាចបន្ថយហានិភ័យនៃជំងឺមហារីក និង មានអត្ថប្រយោជន៍ជាច្រើនទៅដល់ស្បែករបស់អ្នកផងដែរ។ ខាងក្រោមនេះ ជាគុណសម្បត្តិទាំង ៦ របស់ផ្លែស្វាយទុំ សម្រាប់សុខភាពរបស់អ្នកពេលអ្នកទទួលទាន ៖
១. ផ្ទុកដោយសារធាតុចិញ្ចឹម
វីតាមីន C ជាសារធាតុចិញ្ចឹមដែលមាននៅក្នុងផ្លែស្វាយទុំ ដោយវីតាមីនទាំងនេះ ជួយដល់ប្រព័ន្ធការពាររាងកាយរបស់អ្នក ជួយឱ្យរាងកាយរបស់អ្នកស្រូបយកជាតិដែក និងជំរុញការលូតលាស់ និង ជួសជុលកោសិកាឡើងវិញ។ លើសពីនេះ ផ្លែស្វាយក៏ជាប្រភពដ៏ល្អនៃសារធាតុរ៉ែ ទង់ដែង និងហ្វូឡាត ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ ជាពិសេសអំឡុងពេលមានផ្ទៃពោះ ព្រោះវាជួយដល់ការលូតលាស់របស់គភ៌ឲ្យមានសុខភាពល្អទៀតផង។
២. មានកាឡូរីទាប
ការសិក្សាមួយបានរកឃើញថា ការទទួលទានផ្លែឈើស្រស់ ដូចជាស្វាយនៅមុនចាប់ផ្តើមញ៉ាំអាហារ អាចជួយអ្នកមិនឱ្យញ៉ាំច្រើនក្រោយពេលអាហាររួច ព្រោះផ្លែស្វាយទុំ គឺមានកាឡូរីទាប និងសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម វាអាចជាការល្អបំផុតសម្រាប់អ្នកចង់សម្រកគីឡូ និង ចង់បានរាងស្អាត។
៣. ជួយការពារជំងឺទឹកនោមផ្អែម
ស្វាយស្រស់មានជាតិស្ករធម្មជាតិខ្ពស់បើធៀបនឹងផ្លែឈើស្រស់ផ្សេងទៀត ដែលមិនប៉ះពាល់សម្រាប់អ្នកកើតជម្ងឺទឹកនោមផ្អែម។ មិនតែប៉ុណ្ណោះ បើសិនជាអ្នកទទួលទានផ្លែស្វាយទុំមួយផ្លែក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម និង ជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាម ប៉ុន្តែមិនត្រូវញ៉ាំច្រើនពេកនោះទេ។
៤. ប្រឆាំងអុកស៊ីតកម្ម
ផ្លែស្វាយត្រូវបានផ្ទុកទៅដោយសារធាតុ polyphenols ដែលជាសមាសធាតុរុក្ខជាតិដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បីការពាររាងកាយរបស់អ្នក។ ម្យ៉ាងទៀត ការខូចខាតរ៉ាឌីកាល់សេរី អាចបណ្តាលឲ្យមានសញ្ញានៃភាពចាស់ និងជំងឺរ៉ាំរ៉ៃ ដូចនេះ សារធាតុប្រឆាំងអុកស៊ីតកម្មមានសារៈសំខាន់ ព្រោះ ការពារកោសិការបស់អ្នកប្រឆាំងនឹងការខូចខាតនៃរ៉ាឌីកាល់សេរីនៅក្នុងខ្លួន។
៥. ជួយដល់សុខភាពបេះដូង
ផ្លែស្វាយទុំ មានសារធាតុចិញ្ចឹមដែលជួយដល់បេះដូងឲ្យដំណើរការបានល្អ វាផ្តល់នូវម៉ាញេស្យូម និងប៉ូតាស្យូម ដែលជួយរក្សាលំហូរឈាមឱ្យមានសុខភាពល្អ។ បន្ថែមពីនេះ សារធាតុចិញ្ចឹមទាំងនេះជួយឱ្យសរសៃឈាមរបស់អ្នកសម្រាក រក្សាលំនឹងសម្ពាធឈាមនៅក្នុងខ្លួន និង អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម ទ្រីគ្លីសេរីដ និងអាស៊ីតខ្លាញ់សេរីផងដែរ។
៦. ជួយដល់ការរំលាយអាហារ
ផ្លែស្វាយទុំ មានគុណសម្បតិ្តជាច្រើនសម្រាប់សុខភាពរំលាយអាហារ ដោយសារផ្លែស្វាយមានជាតិទឹកច្រើន និងជាតិសរសៃអាហារ វាអាចជួយដល់បញ្ហារំលាយអាហារដូចជា ទល់លាមក និងរាគជាដើម។ ជាងនេះទៅទៀត ការទទួលទានផ្លែស្វាយជារៀងរាល់ថ្ងៃមានប្រសិទ្ធភាពក្នុងការបន្ថយរោគសញ្ញានៃជម្ងឺនេះ ជាងការទទួលទានអាហារបំប៉នទៅទៀត ដូចនេះអ្នកគួរតែសាកល្បងទទួលទានវា។
ឆ្លងតាមការរៀបរាប់ខាងលើ ផ្លែស្វាយទុំមាន មានប្រយោជន៍ជាច្រើន ចំពោះសុខភាពរបស់អ្នក មិនតែប៉ុណ្ណោះ វាមានរសជាតិឆ្ងាញ់ និងងាយស្រួលក្នុងការបន្ថែមទៅក្នុងរបបអាហាររបស់អ្នក។ ទោះបីជាយ៉ាងណា ផ្លែស្វាយទុំ មានជាតិផ្អែម និងមានជាតិស្ករច្រើនជាងផ្លែឈើដទៃទៀត ដូចនេះ ទទួលទានមួយថ្លែ ក្នុងមួយថ្ងៃ គឺជាគន្លឹះល្អបំផុតសម្រាប់សុខភាពរបស់អ្នក។
ប្រភព៖ healthline.com
បញ្ចេញមតិយោបល់