មកស្តាប់ការបកស្រាយរបស់ វេជ្ជបណ្ឌិត ងិន រតនរមនា ឯកទេស ជំងឺផ្លូវចិត្ត ថាតើធ្វើយ៉ាងណាទើបយើងអាចដឹងថា យើងកើតជំងឺ ផ្លូវចិត្ត ?
ដើម្បីដឹងថា យើងមានជំងឺផ្លូវចិត្តទាល់តែយើងដឹងពីនិយមន័យសិន ថាជំងឺផ្លូវចិត្តហ្នឹងគឺជាអ្វី?
ជំងឺផ្លូវចិត្ត គឺសម្តៅទៅលើសភាពដែលវាបានប៉ះពាល់ទៅដល់ចិត្ត ប៉ះពាល់ទៅដល់ការគិត អារម្មណ៍ និងអាកប្បកិរិយារបស់យើង ហើយវាក៏មានទាញទៅជាមានរោគសញ្ញាផ្លូវកាយដែរ ដូចជាគេងមិនលក់ ពិបាកក្នុងការញ៉ាំអាហារ ឈឺក្បាល វិលមុខ ពិបាកដកដង្ហើម ថប់ៗណែនជាដើម ហើយបន្តទៅទៀតគឺវានឹងប៉ះពាល់ទៅដល់ជីវភាពប្រចាំថ្ងៃរបស់យើង ឧទាហរណ៍ យើងជាអ្នករកស៊ីយើងមិនអាចប្រកបមុខរបរបាន បើយើងជាអ្នកធ្វើការគឺយើងមិនអាចធ្វើការបាន ហើយបើជាអ្នករៀនសូន្យ គឺវាប៉ះពាល់ទៅដល់ការរៀនសូន្យទាំងអស់ហ្នឹង ។
អ្វីដែលសំខាន់នោះគឺ វាប៉ះពាល់ទៅដល់ទំនាក់ទំនងរបស់យើងជាមួយមនុស្សជុំវិញខ្លួន ប៉ះពាល់ទៅដល់គ្រួសារ ឬក៏មនុស្សដែលរស់នៅក្នុងសង្គមជាមួយគ្នា ហើយការប៉ះពាល់ទាំងអស់នោះ វាគួរតែស្ថិតនៅក្នុងពេលមួយដែលច្បាស់លាស់ ចឹងបើយើងជាមនុស្សធម្មតា យើងបានត្រឹមតែសង្ស័យទេថា យើងអាចមានជំងឺផ្លូវចិត្ត ។
ប៉ុន្តែអ្នកដែលអាចកំណត់រោគវិនិឆ្ឆ័យបានច្បាស់លាស់គឺ គ្រូពេទ្យជំនាញ ចឹងបើសង្ស័យថាមានជំងឺផ្លូវចិត្ត កុំភ័យខ្លាចក្នុងការទៅជួបគ្រូពេទ្យផ្លូវចិត្ត ដើម្បីឲ្យគាត់បានធ្វើរោគវិនិឆ្ឆ័យ និងផ្តល់ជូននូវការព្យាបាលមួយដ៏ត្រឹមត្រូវ ។