ទាក់ទងនឹងប្រធានបទការពារមហារីកមាត់ស្បូននេះ ក៏មានសំណួរជាច្រើនទាក់ទងនឹងបញ្ហានេះ ហើយថ្ងៃនេះ វេជ្ជបណ្ឌិត ទឹងសុគន្ធមាលា ឯកទេសសម្ភព និងរោគស្ត្រី នៅ Mémoire Polyclinic and Maternity នឹងលម្អិតទាក់ទងនឹង “មេរោគ HPV និង វ៉ាក់សាំងការពារមហារីកមាត់ស្បូន” ដូចខាងក្រោមនេះ៖
- តើវ៉ាក់សាំងការពារមេរោគ HPV អាចប្រើលើស្ត្រីមានផ្ទៃពោះបានឬទេ?
មិនអាចទេ ប៉ុន្តែអាចមានផ្ទៃពោះបានភ្លាម បន្ទាប់ពីចាក់ចប់ ហើយអាចចាក់បានក្នុងពេលបំបៅដោះ (នេះបើតាមការសិក្សាពីឆ្នាំ២០០៦-២០១០ លើស្ត្រីមានផ្ទៃពោះ បន្ទាប់ពីចាក់វ៉ាក់សាំង Gardasil ៤ វ៉ាឡង់ )។
2. ចុះបើមានផ្ទៃពោះចៃដន្យពេលចាក់ដូសទី១ តើត្រូវធ្វើបែបណា?
មិនតម្រូវអោយយកចេញទេ ដូសបន្តនឹងត្រូវចាក់ក្រោយសម្រាល (បើយោងតាមការសិក្សាពីឆ្នាំ ២០០៦-២០១០ លើស្ត្រីមានផ្ទៃពោះក្រោយចក់វ៉ាក់សាំង)។
ប៉ុន្តែទោះមិនមានផលវិបាកទេ ក៏លើកទឹកចិត្តអោយប្រុងប្រយត្ន័ព្រោះការសិក្សាមានចំនួនតិចពេក។
3. តើត្រូវចាំរយៈពេលប៉ុន្មានទើបអាចចាក់វ៉ាក់សាំងផ្សេងទៀតបាន?
តាមបច្ចេកទេសយើងអាចចាក់វ៉ាក់សាំងផ្សេងទៀតភ្លាមបាន ព្រោះវាជាវ៉ាក់សាំងអសកម្ម។
ប៉ុន្តែជាការប្រសើរ យើងគួររក្សាគម្លាត ពី១០-១៤ថ្ងៃ ដើម្បីកាត់បន្ថយកំរិតរបស់ផលរំខាន។
4. តើវ៉ាក់សាំងនោះមានប្រសិទ្ធភាពកំរិតណាទៅ?
យោងតាមការសិក្សារបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងផ្ទាល់( Merckvaccines ) ៖
វ៉ាក់សាំង Gardasil ៤ និង ៩ អាចបង្ការជម្ងឺមហារីកមាត់ស្បូន ទ្វារមាស និង បរិវេណប្រដាប់បន្តពូជក្រៅ (ដែលបណ្តាលពី HPV ៦ ១១ ១៦ ១៨) រហូតដល់ ៩៨-១០០% ។ ជម្ងឺមហារីកបរិវេណទ្វារលាមក ប្រហែល ៧៥%។
វ៉ាក់សាំង Gardasil ៩ មានឥទ្ធិពលបង្ការទៅលើមហារីកដែលបណ្តាលពី HPV ៥ ប្រភេទផ្សេងទៀត ( ៣១ ៣៣ ៤៥ ៥១ ៥៨) រហូតដល់ ៩៧%។
5. ករណីស្ត្រីធ្លាប់ចាក់ម្តងរួចហើយតំរូវអោយចាក់រំលឹកទេ?
តាមអនុសាសន៍ឆ្នាំ២០២០របស់ American College of Obstetrician–Gynecologists (ACOG) ករណីធ្លាប់ចាក់ Cervarix អាចចាក់ Gardarsil4 ឬ 9 បាន ករណីធ្លាប់ចាក់ Gardarsil 4 មិនតំរូវអោយចាក់រំលឹក Gardarsil 9 ទេ
6. តើវ៉ាក់សាំងនេះមានផលរំខានអ្វីខ្លះ?
តាំងពីឆ្នាំ២០០៦ ដែលវ៉ាក់សាំងបានចរាចរមក មិនដែលឃើញមានបញ្ហាប្រតិកម្មធ្ងន់ធ្ងរនោះទេ។ផលរំខានបន្តិចបន្តួចមានដូចជា៖ ការឈឺ ឬហើមនៅកន្លែងចាក់ ចុកដៃ១ចំហៀង ឈឺក្បាលឬក្តៅខ្លួនតិចតួច។ ផលរំខាននេះកើតលើ វ៉ាក់សាំង ៩វ៉ាឡង់ ច្រើនជាង ៤ វ៉ាឡង់។
7. មតិយល់ច្រលំអ្វីខ្លះទាក់ទងនឹងសកម្មភាពរបស់វ៉ាក់សាំង លើប្រពន្ធ័ភាពស៊ាំរាង្គកាយ
ចាក់វ៉ាក់សាំងនេះហើយ នឹងដុសប្រពន្ធ័ការពារប្រឆាំង HPV បានគ្រប់ប្រភេទ => ចម្លើយគឺទេ។
ចាក់វ៉ាក់សាំងហើយ អាចបំបាត់មេរោគ HPV ដែលបានឆ្លងរួចពីមុន => ចម្លើយក៏ទេ។
ចាក់វ៉ាក់សាំងអាចព្យាបាលដំបៅនៃជម្ងឺសេរមាន់ដែលចេញនៅតាមសារពាង្គកាយបាន => វ៉ាក់សាំងមិនប្រើដើម្បីព្យាបាលទេ ប៉ុន្តែវាមានសមត្ថភាពបន្ថយការលាប់ឡើងវិញ របស់ជម្ងឺសេរមាន់។