អ្នកដែលកើតមុនរួច១០០ស្ទើរតែ១០០ទៅហើយដែលសល់ស្នាមពេញមុខ ពេលខ្លះក៏សល់ស្នាមខ្មៅ ពេលខ្លះទៀតក៏សល់ស្នាមក្រហម។ សំនួរសួរថា នៅពេលដែលឡើងមុនរួច សល់ស្នាមហើយយើងអត់ព្យាបាលស្នាមចេញ តើវាអាចក្លាយទៅជាខ្មូត ខូងសាច់ឬអត់?
វេជ្ជបណ្ឌិត សូរ ធឿន ដែលជាគ្រូពេទ្យឯកទេសផ្នែកសើរស្បែក និងកែសម្ផស្សដោយមិនវះកាត់ មានបទពិសោធន៍ជាង៧ឆ្នាំក្នុងការព្យាបាលជំងឺស្បែកផ្ទាល់ និងជាប្រធានគ្លីនិកស្បែកស្គីនមេឌិច បានពន្យល់មកវិញច្បាស់ៗថា “ស្នាមមិនអាចក្លាយជាខ្មូតបានទេ ស្នាមគឺស្នាម ខ្មូតគឺខ្មូត គ្រាន់តែថាស្នាមនិងខ្មូតគេចាត់ទុកវាជាស្នាមក្រោយកើតមុនដូចគ្នា។”
និយាយបែបនេះ ប្រហែលជាបងប្អូនកំពុងឆ្ងល់អានទាំងជ្រួញចិញ្ចើមហើយមើលទៅ! ប្រាកដណាស់ បងប្អូនមិនបានអានច្រលំទេ ស្នាមខ្មៅ ស្នាមក្រហមឬខ្មូត គឺស្ថិតក្នុងអម្បូរជាមួយគ្នា នៅក្នុងផ្នែកវេជ្ជសាស្រ្តពេទ្យ ទាំង២នេះគឺជាស្នាមក្រោយកើតមុនដូចគ្នា គ្រាន់តែខុសប្រភេទគ្នាតែប៉ុណ្ណោះ។
វេជ្ជបណ្ឌិត សូរ ធឿន បន្តពន្យល់ថា នៅពេលដែលបងប្អូនចង់ដឹងច្បាស់ពីស្នាម បងប្អូនត្រូវដឹងពីប្រភេទមុនសិន ព្រោះថាស្នាមគឺជាសំណល់របស់មុន។
សម្រាប់អ្នកដែលមានស្បែកមុខឡើងមុនតូចៗ រួចហើយយើងយកដៃទៅកេះ ជាលទ្ធផលនៅពេលមុនជា វានឹងលេចចេញជាស្នាមខ្មៅៗតូចៗពេញមុខ ហើយស្នាមនេះគេហៅថាស្នាមខ្មៅ ដោយវាមានតែជាតិពណ៌ប៉ុណ្ណោះ មិនមានការផតសាច់ឬខូងសាច់នោះឡើយ។ ស្នាមខ្មៅនេះក៏អាចបាត់ទៅវិញរយៈពេល២ទៅ៣ខែដោយខ្លួនឯងផងដែរ។
ចំណែកឯអ្នកមានស្បែកមុខកើតមុនធំៗ មុនខ្ទុះ មុនដំបូក ឬមុនគីសវិញ ជាទូទៅនៅពេលដែលគាត់ជាពីមុនទាំងអស់នោះគឺមានសាច់ថ្មីដុះមកនៅតំបន់ដែលធ្លាប់កើតមុនហ្នឹង ទើបធ្វើឱ្យយើងមើលទៅឃើញក្រហមៗ។ កន្លែងក្រហមៗដែលមានកោសិកាស្បែកថ្មីដុះមកនោះ នៅពេលសាច់ថ្មីដុះមិនស្មើរគ្នាធ្វើឱ្យស្បែកគាត់ផត ខូង មិនស្មើរសាច់ដែលបងប្អូនស្គាល់ថាវាជាស្នាមខ្មូត។
ជាសរុបមកវិញវេជ្ជបណ្ឌិត សូរ ធឿន បញ្ជាក់ថាស្នាមមុនមិនអាចក្លាយជាស្នាមខ្មូតទេ ព្រោះថាស្នាមខ្មូតនោះក៏ជាស្នាមក្រោយកើតមុនដូចគ្នាដែរ។ បើបងប្អូនមិនចង់ឱ្យមានបញ្ហាខ្មូតលើស្បែកមុខគឺបងប្អូនត្រូវការពារតាំងពីពេលដំបូង គឺពេលដែលមានការកើតមុនខ្ទុះ មុនដំបូក ឬមុនគីស ឬនៅពេលដែលកើតមុនភ្លាម ប្រញាប់រកផលិតផលលាបឬព្យាបាលចេញដើម្បីកុំឱ្យខ្ទុះក្លាយនាំឱ្យខ្មូតកាន់តែជ្រៅ៕