យើងទាំងអស់គ្នាបានដឹងហើយថា ការទទួលទានអាហារដែលមានសុខភាព និងមានតុល្យភាព គឺវានឹងធ្វើឲ្យអ្នកអាចរក្សាសុខភាពឲ្យបានល្អ ហើយនោះគឺជាហេតុផលតែមួយគត់ ដែលយើងបរិភោគអាហារដែលមានសុខភាពល្អ ផ្ទុកទៅដោយសារធាតុរ៉ែ និងវីតាមីនសំខាន់ៗដែលជួយឲ្យយើងមានសុខភាពល្អ។
ប៉ុន្តែតើអ្នកដឹងទេថា ការញ៉ាំអាហារផ្តល់សុខភាពទាំងនេះខុសម៉ោង អាចប៉ះពាល់ដល់សុខភាពអ្នក? ចង់ដឹងថា តើអាហារណាខ្លះដែលអាចមានផល់បះពាល់ដល់អ្នក នៅពេលដែលអ្នកទទួលទានខុសពេល អានការរៀបរាប់ខាងក្រោម។
១. ទឹកដោះគោ
អត្ថប្រយោជន៍សុខភាពរបស់ទឹកដោះគោ ត្រូវបានគេដឹងគ្រប់គ្នាថា ផ្តល់ឲ្យអ្នកផឹកនូវសារធាតុចិញ្ចឹម និងប្រូតេអ៊ីន ហើយការផឹកទឹកដោះគោមួយកែវ ជារៀងរាល់ថ្ងៃអាចជួយរក្សាឆ្អឹង និងធ្មេញរបស់អ្នកឲ្យមានសុខភាពល្អ និងផ្តល់ឱ្យអ្នកនូវកម្រិតវីតាមីន D ដ៏ល្អ។ ទោះជាយ៉ាងណាក៏ដោយ តាមអ្នកជំនាញបានអះអាងថា ពេលវេលាដ៏ល្អបំផុតក្នុងការផឹកទឹកដោះគោ គឺនៅពេលយប់ ព្រោះវាធ្វើឲ្យរាងកាយរបស់អ្នកសម្រាក ក៏អនុញ្ញាតឱ្យកោសិកាស្រូបយកសារធាតុចិញ្ចឹមទាំងអស់បានត្រឹមត្រូវ ខណៈពេលដែលអ្នកសម្រាក។
២. បាយ
ជនជាតិអាស៊ីភាគច្រើនចូលចិត្តទទួលទានបាយ ហើយពិតណាស់ បានមានអត្ថប្រយោជន៍ជាច្រើន ដូចជាផ្តល់ថាមពល ការពារការធាត់ គ្រប់គ្រងសម្ពាធឈាម ការពារជំងឺមហារីក បង្កើនការរំលាយអាហារ និងធ្វើអោយប្រព័ន្ធរំលាយអាហារប្រសើរឡើង។ ប៉ុន្តែតាមអ្នកជំនាញបាននិយាយថា ការទទួលទានបាយ ត្រូវតែចៀសវាងពេលយប់ ព្រោះវាមានជាតិម្សៅច្រើន វាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាហើមពោះ ហើយអ្នកអាចនឹងមានបញ្ហាក្នុងការគេង និងធ្វើឲ្យអ្នកឡើងទម្ងន់ផងដែរ ផ្ទុយទៅវិញ ពេលវេលាល្អបំផុតក្នុងការទទួលទានបាយគឺ នៅពេលថ្ងៃ ព្រោះអត្រាមេតាបូលីសរបស់យើង ខ្ពស់ជាងនៅពេលថ្ងៃ។
៣. ចេក
ចេកជាផ្លែឈើដែលផ្តល់សុខភាពល្អ ជួយសម្រួលដល់ការរំលាយអាហារ ធ្វើឲ្យអ្នកមានថាមពល និងបំបាត់ការក្រហាយទ្រូងផងដែរ តែតាមអ្នកជំនាញ អ្នកគួរតែជៀសវាងការទទួលទានផ្លែចេកនេះ នៅពេលយប់ ព្រោះវាអាចបណ្តាលក្អក និងបង្កើតស្លេស ម្យ៉ាងទៀតអ្នកមិនគួរញ៉ាំផ្លែឈើនេះ ពេលពោះទទេនោះទេ ព្រោះវាអាចធ្វើឲ្យឈឺក្រពះ។ ផ្ទុយទៅវិញ វានឹងល្អប្រសិនបើអ្នកទទួលទានចេកមួយផ្លែក្នុងអំឡុងពេលថ្ងៃ អាចធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ និងជួយរក្សាកម្រិតថាមពលរបស់អ្នកពេញមួយថ្ងៃ។
៤. ផ្លែប៉ោម
ផ្លែប៉ោម សម្បូរទៅដោយអាស៊ីតសរីរាង្គ និងបង្កើនកម្រិតអាស៊ីតនៅក្នុងក្រពះ ដូច្នេះប្រសិនបើញ៉ាំនៅពេលយប់ វាអាចធ្វើឲ្យកើតជំងឺច្រាលអាស៊ីតបាន។ ម៉្យាងផ្លែប៉ោម គឺជាផ្លែឈើមួយប្រភេទដែលមនុស្សជាច្រើន តែងតែបរិភោគខុសម៉ោង តាមអ្នកជំនាញបានបញ្ចាក់ថា អ្នកគួរតែជៀសវាងការទទួលទានផ្លែប៉ោមនៅពេលយប់ ផ្ទុយទៅវិញ អ្នកគួរតែបរិភោគផ្លែប៉ោមនៅពេលថ្ងៃ ព្រោះវាមានផ្ទុកសារជាតិម៉្យាង ដែលជាប្រភពសម្បូរជាតិសរសៃ ជួយសម្រួលដល់មុខងារពោះវៀន ការពារការទល់លាមក និងកម្ចាត់សារធាតុបង្កមហារីកចេញពីរាងកាយ។
៥. ស្ករ
ដូចផ្លែប៉ោមដែរ ស្ករក៏ជាអាហារមួយដែលមនុស្សជាច្រើនញ៉ាំខុសម៉ោង អាហារដែលមានជាតិស្ករដូចជា សូកូឡា នំខេក ឬក្រីម អ្នកមិនគួរទទួលទាននៅពេលយប់ឡើយ ដោយសារតែការទទួលទានអាហារផ្អែមនៅពេលយប់ អាចបង្កើនជាតិខ្លាញ់ក្នុងខ្លួន និងធ្វើឱ្យអ្នកធាត់។ ដូច្នេះ ស្ករគួរតែទទួលទាននៅពេលព្រឹក ព្រោះពេលថ្ងៃ រាងកាយអាចដុតជាតិស្ករបានច្រើនពេញមួយថ្ងៃ ដោយសារយើងហាត់ប្រាណខ្លាំង។
សរុបមកវិញ វាជាការល្អបំផុត ក្នុងការញ៉ាំអាហារនៅពេលត្រឹមត្រូវ ដើម្បីទទួលបានអត្ថប្រយោជន៍នៃអាហារូបត្ថម្ភ ទាំងអស់របស់ពួកវា។
ប្រភព ៖ medylife