ទឹកផ្លែឈើមានសារៈសំខាន់ណាស់ចំពោះសុខភាពជាពិសេសចំពោះសម្រស់មនុស្សស្រី តាមការស្រាវជ្រាវមនុស្សស្រីងាយបាត់បង់សម្រស់ច្រើនជាងមនុស្សប្រុស។ ការទទួលទានទឹកផ្លែឈើមួយថ្ងៃ ១កែវអាចធ្វើឲ្យស្បែករបស់ភ្លឺថ្លា និងជួយទប់ទល់និងភាពជ្រីវជ្រួញបានផងដែរ។ លើសពីនេះទឹកផ្លែឈើស្រស់ជួយផ្តល់ជាតិទឹកដល់រាងកាយរបស់អ្នក ថែមទាំងជួយដល់ស្បែករបស់អ្នក ព្រោះវាមានសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែដែលមាននៅក្នុងទឹកផ្លែឈើទាំងនោះ។ ថ្ងៃនេះវចនានិងនាំមកនូវទឹកផ្លែឈើទាំង៥ប្រភេទដែលជំនួយដល់សម្រស់និងស្បែកឲ្យភ្លឺថ្លាសម្រាប់មនុស្សស្រី។
១. ទឹកទទឹមស្រស់
ផ្លែទទឹមត្រូវបានគេដឹងថាជាប្រភពថាមពលនៃភាពស្រស់ស្អាត វាថែមទាំងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ស្បែករបស់មនុស្សស្រីផងដែរ។ ការញ៉ាំទឹកទទឹមក្នុងមួយថ្ងៃ១កែវ អាចការពារ និងប្រឆាំងនិងភាពចាស់ដែលមាននៅក្នុងកោសិកា និងផ្តល់សំណើមដល់ស្បែកទៀតផង។
២. ទឹកក្រូចថ្លុង
ក្រូចថ្លុងជាផ្លែឈើម្យ៉ាងដែលអាចថ្វើឲ្យស្បែករបស់អ្កមានសុខភាពល្អនិងភ្លឺថ្លា។ ដោយសារតែសារតែវាមានរសជាតិជូរអែម និងមានសារធាតុ Beta carotene និងវីតាមីន A ដែលជាសារធាតុចិញ្ចឹមដល់ស្បែករបស់អ្នក លើសពីនេះទៀត វាជួយការពារស្បែកដែលខូចខាតពីពន្លឺព្រះអាទិត្យ និងជួយពន្យឺតភាពចាស់របស់អ្នកផងដែរ។
៣. ទឹកក្រូចស្រស់
ចង់បានស្បែកមុខភ្លឺរលោងស្អាត គួរតែញ៉ាំទឹកក្រូចស្រស់មួយកែវជារៀងរាល់ថ្ងៃ។ ព្រោះផ្លែក្រូចគឺជាប្រភពវីតាមីនដ៏សម្បូរបែបដែលជួយក្នុងការពង្រឹងស្បែករបស់អ្នក ធ្វើឲ្យសម្រស់កាន់តែប្រសើរឡើងថែមទាំងធ្វើឱ្យស្បែករបស់អ្នកមានសំណើមទៀតផង។ ការផឹកទឹកក្រូចអាចជួយលើកកម្ពស់សុខភាពស្បែករបស់អ្នក និងព្យាបាលការរលាករបស់ស្រទាប់ស្បែកផងដែរ។ ក្រៅពីនេះ វាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពារការបង្កើតស្នាមជ្រីវជ្រួញ ជួយប្រឆាំងនឹងភាពចាស់នៃស្បែក។
៤. ទឹកប៉ោមស្រស់
ផ្លែប៉ោមត្រូវបានគេចាត់ទុកថាជាប្រភពសម្បូរទៅដោយអាស៊ីត malic ហើយវាអាចជួយឱ្យស្បែកមានសុខភាពល្អ តឹងណែន និងក្មេងជាងវ័យ។ ផ្លែឈើនេះផ្ទុកនូវបរិមាណដ៏សំខាន់នៃខូឡាជែនដែលអាចបង្កើតកោសិកាស្បែករបស់អ្នកឡើងវិញ និងជំរុញភាពយឺតនៃស្បែក។ ការផឹកទឹកផ្លែប៉ោមអាចមានប្រយោជន៍ខ្លាំងណាស់ព្រោះវាអាចជួយការពារស្បែករបស់អ្នកពីភាពចាស់មុនអាយុ។ សំខាន់ជាងនេះទៅទៀត វាអាចសម្អាតពោះវៀនធំ និងគ្រប់គ្រងចលនាពោះវៀនបានត្រឹមត្រូវ ដែលជាហេតុនាំឱ្យស្បែកស្អាតគ្មានមុន ។
៥. ទឹកត្រសក់
ផ្លែសក់សម្បូរទៅដោយជាតិទឹក ហើយវាល្អសម្រាប់ស្បែក ព្រោះវារក្សាសំណើមដល់ស្បែក និងផ្តល់សារធាតុចិញ្ចឹមបានល្អ។ ដោយគ្រាន់តែទទួលទានទឹកត្រសក់ស្រស់មួយកែវជារៀងរាល់ថ្ងៃ អ្នកអាចជំនួសស្បែកខ្មៅស្រអាប់របស់អ្នកឱ្យភ្លឺថ្លាបាន។ ត្រសក់ក៏មានផ្ទុកនូវប៉ូតាស្យូម ម៉ាញ៉េស្យូម វីតាមីន A, B1 និង C ដែលអាចជួយធ្វើឱ្យស្បែកភ្លឺថ្លា និងគ្មានស្នាមជ្រួញ។
សម្រាប់មនុស្សស្រីដែលចង់បានស្បែកស្អាត និង សុខភាពល្អ កុំខ្ជិលញ៉ាំរបស់ទាំងនេះអី រៀនចាប់ផ្ដើមញ៉ាំទឹកផ្លែឈើស្រស់ៗឲ្យបានច្រើនជាពិសេសទឹកផ្លែឈើដែលណែនាំខាងលើ។ ហើយអ្នកប្រាកដជាមានអារម្មណ៍ថាមានភាពខុសគ្នាខ្លាំងនៅពេលដែលអ្នកបានទទួលទានវាជារៀងរាល់ថ្ងៃ។ លើសពីនេះការធ្វើដោយខ្លួនឯងវាមិនបាត់បង់សារធាតុចិញ្ចឹម និងជាតិសរសៃច្រើនមានន័យថា ផ្តល់ អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់សុខភាពទូទៅ និងសម្រាប់ស្បែករបស់អ្នក។