មនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានស្នេហាដែលច្បាស់លាស់ និង ចង់បានមនុស្សម្នាក់ដែលអាចកាន់ដៃ និង មើលថែគ្នាទៅវិញទៅមក។ ជាក់ស្តែងមានមនុស្សតិចណាស់ដែលស្ថិតក្នុងទំនាក់ទំនងមួយដែលមិនដឹងថាជាស្នេហាបែបចាស់ទុំ ឬ គ្រាន់តែកំដអារម្មណ៍មួយពេល។ ខាងក្រោមនេះជាសញ្ញាដែលបញ្ជាក់ថាអ្នកស្ថិតក្នុងស្នេហាបែបចាស់ទុំហើយ៖
១. រក្សាអារម្មណ៍ល្អចំពោះគ្នាទៅវិញទៅមក
ជារឿងធម្មតាហើយដែលគូស្នេហ៍ខ្លះមិនអាចនៅក្បែរគ្នាគ្រប់ពេលទេ ប៉ុន្តែ អារម្មណ៍នឹក និង បារម្ភតែងតែមានចំពោះគ្នាទៅវិញទៅមក មិនថាទោះក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងតែផ្តល់ឲ្យគ្នានូវអារម្មណ៍ដែលល្អៗសម្រាប់គ្នាជានិច្ច។ លើសពីនេះទង្វើបែបនេះគឺមិនមែនផ្តល់ឲ្យតែម្ខាងនោះទេ គឺផ្តល់ឲ្យគ្នាទៅវិញទៅមក ដោយមិនចាំបាច់ឲ្យម្ខាងណាសុំ ឬ ទាមទារឡើយ។

២. ផ្តល់សេរីភាព និង ពេលវេលាផ្ទាល់ខ្លួន
ពិតណាស់មនុស្សពីរនាក់ដែលមានស្នេហាបែបចាស់ទុំ គេមិនដែលបិទសិទ្ធិចំពោះពេលវេលាផ្ទាល់ខ្លួនរបស់ដៃគូនោះទេ ព្រោះពួកគេមានគំនិតវិជ្ជមានចំពោះទំនាក់ទំនងរបស់ខ្លួន ហើយថែមទាំងផ្តល់សេរីភាពចំពោះអ្វីដែលពួកគេអាចផ្តល់ឲ្យបានថែមទៀតផង។ ជាងនេះទៅទៀត ពួកគេគិតថាស្នេហាមួយដែលល្អមិនចាំបាច់ជួបគ្នា និង ចំណាយពេលវេលានៅជាមួយគ្នារាល់ថ្ងៃពេកទេ ព្រោះនរណាក៏ត្រូវការពេលសម្រាប់ធ្វើរឿងផ្ទាល់ខ្លួនដែរ។

៣. ចេះគ្រប់គ្រាន់ និង មិនរញ៉េរញ៉ៃច្រើន
នៅពេលដែលមនុស្សពីរនាក់ស្ថិតក្នុងទំនាក់ទំនងបែបចាស់ទុំហើយ ពួកគេប្រាកដជាមិនមានអារម្មណ៍ថាចង់ទៅរញ៉េរញ៉ៃជាមួយនរណាម្នាក់ទៀតទេ មិនថាពេលកំពុងឈ្លោះគ្នា ឬ មិនបានឈ្លោះគ្នាក៏ដោយ ក៏មនោសញ្ចេតនារបស់ពួកគេមិនងាយផ្លាស់ប្តូរទៅតាមអារម្មណ៍ដែលពួកគេជួបប្រទះឡើយ។ ដូចនេះសាករៀនសង្កេតរឿងទាំងនេះជាមួយដៃគូរបស់អ្នកទៅបើចង់ដឹងថាអ្នកស្ថិតក្នុងទំនាក់ទំនងបែបណា។

៤. ស្មោះត្រង់ចំពោះគ្នា
នៅពេលដែលអ្នកមានស្នេហាដែលចាស់ទុំមួយ អ្នកមិនចាំបាច់ទាល់តែបង្ហាញទៅមនុស្សមនុស្សដទៃទៀតឲ្យដឹង ទើបបញ្ជាក់ថា អ្នកអាចទទួលបានក្តីស្រឡាញ់ដែលស្មោះត្រង់នោះទេ ព្រោះស្នេហាពិតមិនចាំបាច់បង្ហាញឡើយ ត្រឹមតែមានភាពស្មោះត្រង់និង ក្តីស្រឡាញ់បរិសុទ្ធមួយគឺគ្រប់គ្រាន់ហើយ។ ម្យ៉ាងទៀតស្នេហាដែលស្មោះត្រង់ មិនលួចក្បត់ មិន អនុញ្ញាតឲ្យអ្នកដទៃចូលមកក្នុងទំនាក់ទំនងរបស់មនុស្សពីរនាក់គឺជាស្នេហាបែបច្បាស់លាស់ និង ចាស់ទុំ ដោយមិនចាំបាច់ដាក់លក្ខខណ្ឌចំពោះគ្នា។

៥. យល់ពីហេតុផល
មនុស្សដែលចាស់ទុំ តែងតែព្យាយាមបង្កើតទំនាក់ទំនងមួយដែលមានហេតុផលត្រឹមត្រូវ ដើម្បីឲ្យទំនាក់ទំនងរបស់ពួកគេអាចទៅមុខបានដោយរលូន។ លើសពីនេះការរៀនយល់ពីហេតុផលរបស់ដៃគូគឺជារឿងមួយដែលធ្វើឲ្យស្នេហារបស់អ្នកអាចយល់ចិត្តគ្នាកាន់តែច្បាស់ និង មិនស្ថិតក្នុងអារម្មណ៍លេងសើចមួយពេលនោះទេ ថែមទាំងអាចជឿជាក់លើគ្នាទៅវិញទៅមកជាជាងអ្នកណាទាំងអស់ ដូចនេះរៀនមានហេតុផល ប្រសិនបើអ្នកមិនចង់ឲ្យស្នេហាអ្នកក្លាយជាស្នេហាក្មេងៗ និង ឆាប់បែកបាក់។

ស្នេហាមួយដែលអាចទៅមុខបានអាស្រ័យលើមនុស្សពីអ្នកយល់ចិត្តគ្នា ស្នេហាបែបមនុស្សធំ គឺតែងតែមានហេតុផល ចេះយោគយល់ មានភាពស្មោះត្រង់ និង បារម្ភពីគ្នាគ្រប់ពេលទោះមិនបាននៅក្បែរគ្នា២៤ម៉ោង ក៏ដោយ ក៏មិនអាចផ្លាស់ប្តូរចិត្តស្រឡាញ់ចំពោះគ្នា ដោយងាយៗឡើយ។