ប្រុងប្រយ័ត្នលើផលិតផល ការព្យួរសេរ៉ូម ឬការចាក់ថ្នាំសាច់ស ដែលគ្មានការទទួលស្គាល់ និងមិនបានធ្វើឡើងដោយវេជ្ជបណ្ឌិតត្រឹមត្រូវ

Vachana-Website-Beauty-&-Health-1

អ្នកប្រើប្រាស់គួរតែប្រុងប្រុងប្រយ័ត្នលើផលិតផល ការព្យួរសេរ៉ូម ឬការចាក់ថ្នាំសាច់ស្អាត សាច់សដែលគ្មានការទទួលស្គាល់ និងមិនបានធ្វើឡើងដោយវេជ្ជបណ្ឌិតត្រឹមត្រូវ

នេះគឺជាអត្ថបទមួយដែល រដ្ឋបាលចំណីអាហារ និងឪសថ (FDA)សហរដ្ឋអាមេរិកបានចេញផ្សាញ ទាក់ទងនឹងផលិតផល សេរ៉ូម ឬការចាក់ថ្នាំសាច់ស្អាត សាច់សដែលគ្មានសុវត្ថិភាព

ក្នុងអត្ថបទនេះបានលើកឡើងថា៖

អ្នក​ប្រើ​ប្រាស់​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ផលិតផល​ដែល​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ ​ឬ​ស​។ ផលិតផលទាំងនេះ រួមមានទាំងផលិតផលធ្វើឲ្យស្បែកសដែលមានទាំងការចាក់ ការព្យួរ គឺអាចគ្មានសុវត្ថិភាព និងគ្មានប្រសិទ្ធភាព ហើយវាអាចមានសារធាតុគ្រោះថ្នាក់ ឬសារធាតុកខ្វក់ដែលមិនស្គាល់។

ផលិតផល​សម្រាប់ធ្វើ​ស្បែក​ឱ្យ​ស ​មាន​ទីផ្សារ​សម្រាប់​ការ​ចាក់​ចូល​តាម​សរសៃ ឬ​សាច់ដុំ ឬ​ក្រោម​ស្បែក។ ផលិតផលទាំងនោះត្រូវបានលក់តាមអ៊ីនធឺណិត និងនៅតាមហាងលក់រាយ និងស្ប៉ាសាឡនមួយចំនួន។ ជារឿយៗពួកគេសន្យាថានឹងធ្វើឱ្យស្បែកភ្លឺថ្លា កែពណ៌ស្បែកមិនស្មើគ្នា និងកាត់បន្ថយស្នាមជាំ។ ផលិតផលមួយចំនួនទាំងនោះថែមទាំងអះអាងថាអាចព្យាបាលលក្ខខណ្ឌដូចជាជំងឺថ្លើម និងជំងឺផ្សេងៗទៀតផង។

ទោះបីជាអ្នកប្រើប្រាស់ជាមធ្យមប្រហែលជាមិនសន្មត់ដូច្នេះក៏ដោយ ផលិតផលទាំងនេះគឺជាថ្នាំថ្មីដែលមិនត្រូវបានអនុម័ត ដែលការលក់មិនត្រូវបានយល់ព្រមដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA)នោះទេ។ FDA មិន​បាន​អនុម័ត​ថ្នាំ​ដែល​អាច​ចាក់​បាន​សម្រាប់​ការ​ធ្វើ​ឱ្យ​ស្បែក​ស ឬ​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​នោះ​ឡើយ។

“ផលិតផលទាំងនេះបង្កហានិភ័យសុវត្ថិភាពយ៉ាងសំខាន់ដល់អ្នកប្រើប្រាស់។ អ្នក​កំពុង​ចាក់​សារធាតុ​ដែល​មិន​ស្គាល់​ចូល​ទៅ​ក្នុង​ខ្លួន​អ្នក—អ្នក​មិន​ដឹង​ថា​វា​មាន​ផ្ទុក​សារធាតុ​អ្វី​ ឬ​របៀប​ដែល​វា​ត្រូវ​បាន​គេ​ផលិត​នោះ​ទេ»។

លើសពីគ្រោះថ្នាក់ដែលអាចកើតមានពីផលិតផលខ្លួនវា ការអនុវត្តការចាក់ថ្នាំមិនត្រឹមត្រូវ ឬមិនមានសុវត្ថិភាពអាចចម្លងជំងឺ បណ្តាលឱ្យឆ្លងមេរោគ និងបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ។

ម្យ៉ាងវិញទៀតអត្ថបទមួយទៀតរបស់សារព័ត៌មានកម្ពុជាថ្មីដែលបានសម្ភាសជាមួយលោកវេជ្ជបណ្ឌិត ហ៊ាង រតនា នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះក៏បានសរសេរដែរថា៖

នៅក្នុងសេរ៉ូមសាច់ស មានផ្ទុកសារធាតុល្អនៃវីតាមីនជាច្រើនប្រភេទ ដែលមិនផ្តល់ផលប៉ះពាល់សម្រាប់អ្នកចាក់ឡើយ ប៉ុន្តែសារធាតសំខាន់មួយផ្សេងទៀត ដែលផ្តោតធ្វើឱ្យសាច់សនោះ គឺពពួកហ្គុយតាស្យូម Glutathione អាចជាដើមហេតុនៃបញ្ហា បើសិនជាអ្នកដែលហ៊ានលាយ និងចាក់ថ្នាំប្រភេទនេះ មិនមែនជា ពេទ្យជំនាញ។

Glutathione គេស្គាល់ជាទូទៅថា “គ្លុយតា” បើសិនជាប្រើបានត្រឹមត្រូវតាមកម្រិត មិនមានផលប៉ះពាល់ អ្វីឡើយ ប៉ុន្តែបើប្រើមិនត្រូវកម្រិត អាចធ្វើឱ្យមានប្រតិកម្ម គ្រោះថ្នាក់ដល់អាយុជីវិត។

វេជ្ជបណ្ឌិតរូបនេះ សង្កត់ធ្ងន់ថា មនុស្សម្នាក់ៗមានស្ថានភាពសុខភាពមិនដូចគ្នា ឯការប្រតិកម្មជាមួយថ្នាំ មានអ្នកខ្លះក៏ប្រតិកម្មជាមួយប្រភេទថ្នាំប៉ារ៉ាសេតាមុលក៏មានដែរ។ ហេតុនេះ បើសិនជាថ្នាំប្រភេទនេះ ត្រូវបាន ផ្តល់ជូនដោយអ្នកកែ សម្ផស្ស ដែលគ្មានជំនាញ មិនត្រឹមតែផ្តល់ប៉ះពាល់ប៉ុណ្ណោះទេ ថែមទាំងអាចនឹងធ្វើឱ្យ គ្រោះថ្នាក់ដល់ជីវិតទៀតផង បើមិនបានដឹងពីរបៀបជួយបានទាន់ពេលវេលា។

បើតាមលោកវេជ្ជបណ្ឌិត ហ៊ាង រតនា មានតែពេទ្យជំនាញប៉ុណ្ណោះ ដែលដឹងពីកម្រិតនៃការប្រើ ថាតើ អ្នកដែលចង់ចាក់សេរ៉ូមសាច់ស ត្រូវពិនិត្យអ្វីខ្លះមុននឹងចាក់ ហើយត្រូវប្រើរយៈពេលប៉ុន្មាន។

ទន្ទឹមនេះ លោកវេជ្ជេបណ្ឌិត ហ៊ាង រតនា អះអាងថា បច្ចុប្បន្នមានផលិតផលនាំចូលជាច្រើន ដែលសូម្បីលោក ផ្ទាល់ ក៏មិនដឹងនិងស្គាល់ពីសារធាតុទាំងនោះដែរ ហើយខ្លះមិនមានឈ្មោះ និងការពណ៌នាអីត្រឹមត្រូវ ដែលជា រឿងគួរឱ្យបារម្ភផងដែរ។ លោកថា “វាអាចប៉ះពាល់ ព្រោះនាំចូលដោយគ្មានបញ្ចិកាអីត្រឹមត្រូវ អត់មានឈ្មោះជាតិថ្នាំ នោះវាហានិភ័យណាស់ នៅពេលយើងចាក់បញ្ចូល”។

ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ណែនាំដល់អ្នកដែលចង់បានស្បែកស្អាត សាច់ស្អាត ឬទាក់ទងនឹងស្បែក សូមជួបពិនិត្យពិគ្រោះពិភាក្សាជាមួយគ្រូពេទ្យឯកទេសសើរស្បែក Dermatologist មុននឹងប្រើប្រាស់សេវាទាំងនោះ ពិសេស ជៀសវាង ប្រថុយ ជាមួយអ្នកគ្មានជំនាញ៕

សម្រាប់ការអានបន្ថែមទៅលើអត្ថបទរបស់ FDA អ្នកទាំងអស់គ្នាអាចចូលអានតាម link នេះបាន៖ https://www.fda.gov/consumers/consumer-updates/injectable-skin-lightening-and-skin-bleaching-products-may-be-unsafe?fbclid=IwAR0qx1kP3scUZLZNi3eRlAbjV33YEWlACzQV8Ugr4AaZId1iO-fmXZeAB2Q

សម្រាប់ការអានបន្ថែមទៅលើអត្ថបទរបស់សារព័ត៌មានកម្ពុជាថ្មី៖ https://www.kampucheathmey.com/local-news/553841?fbclid=IwAR3eIDNRlSEbi5c80TN2Ct11E04-IP4UujA1alFUxfoZ_X9Ew4UjGWnh-KQ

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង