ចង់បានស្បែកមុខមានសុខភាពល្អ មិនងាយឡើងមុន សាកអនុវត្ត 5 ចំណុចនេះ

Vachana-Website-Beauty-5-Health-V2-1

ស្បែកមុខ មានសុខភាពល្អ ភ្លីម៉ត់រលោង គ្មានមុន គ្មានស្នាមសុទ្ធតែជាអ្វីដែលមនុស្សស្រីចង់បានបំផុត ប៉ុន្តែ ទោះបីជាយ៉ាងណា ការកើតមុននៅលើផ្ទៃមុខអាចបណ្តាលមកពីកត្តាធម្មជាតិ និង ពេលខ្លះមកពីទម្លាប់របស់អ្នក ម្នាក់ៗ។ ដូច្នេះ បើចង់ឲ្យស្បែកមុខរបស់អ្នកមិនសូវឡើងមុនទេ អាចសាកល្បងអនុវត្ត ៥ វិធីនេះបាន ៖

១. ប្រើប្រាស់ sunscreen យ៉ាងហោចណាស់ ២ដង ក្នុងមួយថ្ងៃ

ជាធម្មតាទេ នៅពេលដែលស្បែកមុខរបស់អ្នកមិនបានប្រើប្រាស់ឡេការពារកម្តៅថ្ងៃរាល់ពេលនោះ  ស្បែកមុខរបស់អ្នកខូចខាតខូឡាជេន នឹងប្រែជាឆាប់ចាស់ ព្រមទាំងងាយនឹងឡើងមុនយ៉ាងឆាប់រហ័ស ដោយសារតែទទួលរងផលប៉ះពាល់ពីកម្តៅព្រះអាទិត្យ។ ដូចនេះ កុំភ្លេចប្រើប្រាស់ Sunscreenមុនពេលដែលអ្នកចេញទៅក្រៅ ដើម្បីជួយការពារ និងទប់ស្កាត់ស្បែកមុខរបស់អ្នកមិនឲ្យខូចខាតខ្លាំង។

២. កុំភ្លេចលាងសម្អាតស្បែកមុខរបស់អ្នក

ដូចដែលអ្នកបានដឹងរួចមកហើយ ការលាងមុខរបស់អ្នកឲ្យបានស្អាតល្អ គឺជាជំហានសំខាន់ណាស់ក្នុងការថែរក្សាស្បែកមុខរបស់អ្នក ព្រោះវាអត្ថប្រយោជន៍ជួយរារាំងការកើតមុនពីធូលីដី និង មិនឲ្យកកស្ទះរន្ធញើសនៅលើផ្ទៃមុខរបស់អ្នកឡើយ ដូចនេះ កុំភ្លេចលាងសម្អាតមុខរបស់អ្នកយ៉ាងហោចណាស់ ២ទៅ៣ដងក្នុងមួយថ្ងៃបន្ទាប់ពីមកពីខាងក្រៅ ឬមុនពេលអ្នកលាប Sunscreen។

៣. ប្រើប្រាស់ក្រែមផ្តល់សំណើមដល់ស្បែកមុខ

ការប្រើប្រាស់ក្រែមផ្តល់សំណើមដល់ស្បែកមុខគឺ មានសារៈសំខាន់ណាស់ ព្រោះវាជួយឲ្យស្បែកមុខរបស់អ្នកមិនងាយស្ងួត ឬឡើងស្នាមអុចខ្មៅ។ មួយវិញទៀត ក្រែមផ្តល់សំណើមមានតួនាទីព្យាបាលដល់ស្បែកមុខ និង ជួយឲ្យស្បែកមុខរបស់អ្នកកាន់តែរលោងនិងភ្លឺថ្លាជាងមុន។

៤. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់

ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ គឺមានអត្ថប្រយោជន៍ជាច្រើន មិនត្រឹមតែជួយដល់រាងកាយរបស់អ្នកឲ្យមានសុខភាពល្អនោះទេ ប៉ុន្តែជួយដល់សុខភាពស្បែករបស់អ្នកផងដែរ។ ការទទួលទានទឹកបានគ្រប់គ្រាន់ជួយឲ្យស្បែករបស់អ្នកកាន់តែភ្លឺជាងមុន និង មិនងាយប្រតិកម្ម ឬចេញស្នាមរោលក្រហមនៅលើ់ស្បែកមុខនៅពេលដែលអ្នកបែកញើស ស្ថិតក្រោមកម្តៅថ្ងៃឡើយ។

៥. កុំយកដៃជូតមុខពេលបែកញើស

ជាធម្មតាទេ ដៃរបស់អ្នកមិនមែនស្អាតគ្រប់ពេលឡើយ ដូចនេះ នៅពេលដែលអ្នកយកដៃទៅជូតមុខរបស់អ្នកជាញឹកញាប់ ស្បែកមុខរបស់អ្នកនឹងឆ្លងមេរោគ ឬបាក់តេរី ដែលងាយបង្កឲ្យស្បែកមុខរបស់អ្នកឡើងមុន។ ផ្ទុយមកវិញ បើអ្នកឧស្សាហ៍បែកញើសខ្លាំង គួរតែប្រើក្រដាសត្រជាក់ជូត និង ជៀសវាងការយកដៃរបស់អ្នកប៉ះមុខជាញឹកញាប់។

ទាំងអស់នេះ គឺជាចំណុចងាយៗដែលអ្នកទាំងអស់គ្នាអាចធ្វើបាន ព្រោះវាមិនពិបាកប៉ុន្មានទេ គ្រាន់តែជៀសវាងនូវទម្លាប់ខ្លះៗដែលប៉ះពាល់ដល់ស្បែកមុខរបស់អ្នក ហើយងាកមកថែរក្សាស្បែកមុខរបស់អ្នកឲ្យបានកាន់តែប្រសើរឡើងវិញ ព្រោះស្បែកមុខគឺសំខាន់ណាស់ ជាពិសេសសម្រាប់មនុស្សស្រីតែម្តង ដូចនេះកុំភ្លេចថែរក្សាឲ្យបានល្អណា។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង