ជឿថាក្នុងស្នេហាអ្នក មិនមែនជួបតែរឿងល្អរហូតនោះទេ ជួនកាលអាចមានពេលដែលមិនយល់ពីគ្នា ឬមានរឿងទាស់ទែងគ្នាតិចតួច ប៉ុន្តែអ្នកកុំយកកំហុសតិចតួចរបស់ដៃគូមកដាក់មុខ។ អ្វីដែលសំខាន់ ត្រូវសង្កេតមើលថាតើក្នុងទំនាក់ទំនងស្នេហារបស់អ្នកមានប៉ុន្មានចំណុចនេះឬអត់ បើសិនជាមានលើសពី ៣ មានន័យថាអ្នកស្ថិតក្នុងទំនាក់ទំនងមួយដែលមានភាពល្អប្រសើរហើយ ដូចនេះគួរកត់សម្គាល់ចំណុចទាំងនេះ ៖
១. តែងតែសរសើរអ្នក
ពិតណាស់ដៃគូដែលល្អមិនមែនចាំតែចាប់កំហុសរបស់អ្នកឡើយ ប៉ុន្តែពួកគេតែងតែសរសើរអ្នក សូម្បីតែរឿងតូចតាចដើម្បីឲ្យអ្នកសប្បាយចិត្ត។ ម្យ៉ាងទៀត ពួកគេមិនដែលនិយាយអ្វីដែលបំបាក់ទឹកចិត្តរបស់អ្នកឡើយ ដូចនេះបើដៃគូរបស់អ្នកមានចំណុចប្រកដជាល្អណាស់។

២. សម្របសម្រួលគ្នា
ស្នេហាមួយដែលល្អប្រសើរមិនមែនមិនធ្លាប់ឈ្លោះគ្នាឡើយ ប៉ុន្តែគ្រប់ពេលដែលឈ្លោះគ្នាហើយ ម្នាក់ៗតែងតែមានចិត្តអភ័យទោសចំពោះគ្នាមិនថារឿងធំ ឬរឿងតូចនោះទេ ហើយព្យាយាមសម្របសម្រួលគ្នាដោយក្តីស្រឡាញ់វិញ បែបនេះហើយដែលអាចធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់តែល្អប្រសើរ។

៣. ទុកចិត្តគ្នា
បើអ្នកស្ថិតនៅក្នុងទំនាក់ទំនងមួយដែលទុកចិត្តគ្នាទៅវិញទៅមកគឺល្អខ្លាំងណាស់ ព្រោះអ្នកមិនបាច់ហត់ចិត្ត ក្នុងការសង្ស័យនេះ សង្ស័យនោះចំពោះដៃគូឡើយ។ មិនតែប៉ុណ្ណោះ ការផ្តល់ទំនុកចិត្តរវាងគ្នានិងគ្នា គឺជាគន្លឹះមួយជួយឲ្យស្នេហារបស់អ្នកកាន់តែមានតម្លៃមិនថាស្ថិតក្នុងកាលៈទេសៈណា។

៤. តែងតែគាំទ្រគ្នា
ជាធម្មតាទេ បើអ្នកស្ថិតក្នុងទំនាក់ទំនងមួយដែលល្អ គឺតែងតែមានការជ្រោមជ្រែង គាំទ្រ និងការលើកទឹកចិត្តពីដៃគូគ្នាទៅវិញទៅមក ព្រោះបើអ្នកស្ថិតក្នុងស្នេហាមួយដែលមិនល្អនោះទេ ហើយដៃគូរបស់អ្នកតែងតែបង្អាប់ និងមិនដែលគាំទ្រគំនិតរបស់អ្នកជីវិតអ្នកក៏កាន់តែយ៉ាប់យ៉ឺនទៅតាមហ្នឹងដែរ។

៥. គោរពគ្នាទៅវិញទៅមក
ទំនាក់ទំនងមួយដែលល្អ ត្រូវតែចេះគោរពគ្នា ផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក ព្រោះការឲ្យតម្លៃចំពោះដៃគូ គឺធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់តែចុះសម្រុងនឹងគ្នាជាងមុន ដូចនេះការគោរពគ្នាគឺជារបស់សំខាន់ណាស់ក្នុងទំនាក់ទំនងមួយ។

ទំនាក់ទំនងល្អ និងទៅមុខបានដោយរលូន គឺអាស្រ័យទៅលើមនុស្សពីរអ្នកផ្តល់តម្លៃឲ្យគ្នា រៀនយល់ពីគ្នា គាំទ្រគ្នា និង ផ្តល់ទំនុកចិត្តឲ្យគ្នាទៅវិញទៅមក។ បើស្នេហាអ្នកមាន ចំណុចនេះហើយមានន័យថាអ្នកស្ថិតក្នុងទំនាក់ទំនងមួយដែលប្រសើរហើយ។