មានគេសួរខ្ញុំថា បើមនុស្សដែលខ្ញុំស្រឡាញ់ចង់ចាកចេញពីខ្ញុំ តើអារម្មណ៍របស់ខ្ញុំបែបណា?? ខ្ញុំសើចហើយឆ្លើយថា ទោះជាខ្ញុំឈឺចាប់ ក៏ខ្ញុំនៅតែបើកផ្លូវឲ្យគេទៅ ហេតុផលមិនមែនខ្ញុំមិនស្រឡាញ់គេនោះទេ ប៉ុន្តែខ្ញុំមិនចេះឱបក្រសោបមនុស្សដែលគេចង់ទៅឡើយ។
ខ្ញុំមិនមែនជាមនុស្សចិត្តដាច់អីណាស់ណានោះទេ ប៉ុន្តែខ្ញុំមិនចូលចិត្តបង្ខំឲ្យនរណាម្នាក់នៅជាមួយខ្ញុំទាំងដែលគេមានអារម្មណ៍ថាទើសទាល់។ លើសពីនេះ ខ្ញុំមិនដែលហាមឃាត់មនុស្សដែលចង់ចាកចេញពីខ្ញុំនោះទេ បើសិននោះជាអ្វីដែលធ្វើឲ្យគេមានក្តីសុខ និងជាសេចក្តីត្រូវការរបស់ពួកគេ។
ម្យ៉ាងវិញទៀត ខ្ញុំមិនមែនជាក្មេងស្រីទៀតឡើយ ខ្ញុំគឺជាមនុស្សធំម្នាក់ដែលអាចយល់ពីហេតុផលខ្លះៗ ព្រោះមនុស្សម្នាក់ដែលគេចង់នៅជាមួយខ្ញុំពិតមែន មិនថាមានឧបសគ្គអ្វីមករារាំងក៏ដោយ ក៏គេនៅតែអាចរកវិធីដើម្បីអាចនៅជាមួយខ្ញុំបាន។
ដូចនេះហើយ មិនចាំបាច់សួរខ្ញុំថា ហេតុអីបានជាខ្ញុំមិនហាមឃាត់អ្នកដែលចង់ចាកចេញទេ ព្រោះក្តីស្រឡាញ់ខ្លះមិនមែនបាននៅជាមួយគ្នាទើបជាក្តីស្រឡាញ់ឡើយ អ្វីដែលសំខាន់ឲ្យតែអ្នកដែលចាកចេញពីខ្ញុំហើយមានក្តីសុខ ខ្ញុំក៏ញញឹម និង ជូនពរគេដូចគ្នា។