ក្នុងទំនាក់ទំនងស្នេហា គឺតែងតែមានការឈ្លោះប្រកែកគ្នាជារឿងធម្មតា ប៉ុន្តែបើសិនជាស្នេហារបស់អ្នក តែងតែមានការឈ្លោះគ្នា និង ខ្វែងគំនិតគ្នាឥតឈប់ នោះជាសញ្ញាមួយដែលមិនល្អនៅក្នុងទំនាក់ទំនងរបស់អ្នកទាំងពីរ។ ខាងក្រោមនេះ ជាសញ្ញាទាំង ៤ យ៉ាងដែលបង្ហាញថាអ្នកស្ថិតក្នុងទំនាក់ទំនង Toxic ៖
១. ឈ្លោះប្រកែកគ្នាញឹកញាប់ពេក
ការឈ្លោះគ្នានៅក្នុងទំនាក់ទំនងស្នេហាគឺជារឿងទូទៅ ប៉ុន្តែបើសិនជាអ្នកឈ្លោះគ្នាលើសកម្រិតពេកនឹងធ្វើឲ្យដៃគូកាន់តែ មានសម្ពាធ ហត់នឿយ និង ស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះ ការឈ្លោះគ្នាញឹកញាប់ពេកជារឿងដែលធ្វើឲ្យទំនាក់ទំនងឆាប់បែកបាក់ ព្រោះគ្មាននរណាម្នាក់ទ្រាំបានជាមួយទំនាក់ទំនងដែលមិនសប្បាយចិត្ត និង ឈ្លោះគ្នារាល់ពេលនោះទេ ។

២. ហួងហែង និង គ្រប់គ្រងខ្លាំងពេក
បើសិនជាអ្នកស្ថិតក្នុងទំនាក់ទំនងមួយដែលដៃគូរបស់ហួងហែងខ្លាំងពេក នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកខ្វះសេរីភាព ដោយពួកគេមិនចង់ឲ្យអ្នកណាម្នាក់នៅក្បែរអ្នក និង យកចិត្តទុកដាក់នឹងអ្នក ដែលធ្វើឱ្យអ្នកកាន់តែឃ្លាតឆ្ងាយពីមិត្តភ័ក្តិរបស់អ្នកបន្តិចម្តងៗ នេះហើយជាសញ្ហាដែលបង្ហាញថាអ្នកស្ថិតក្នុងទំនាក់ទំនងដែល toxic ខ្លាំង។

៣. មិនដែលជឿទុកចិត្តអ្នក
ទំនាក់ទំនងមួយដែលល្អត្រូវបង្កើតឡើងជាមួយទំនុកចិត្ត ហើយដៃគូទាំងពីរគួរតែមានកន្លែង និងពេលវេលាផ្ទាល់ខ្លួនខ្លះ ប៉ុន្តែបើដៃគូរបស់អ្នកមិនដែលជឿទុកចិត្តចំពោះអ្នក ហើយបែរជាជឿលើពាក្យអ្នកដទៃច្រើនជាងសម្តីអ្នកនោះ ដល់ពេលដែលអ្នកត្រូវដើរចេញពីទំនាក់ទំនងប្រភេទនេះហើយ ព្រោះវានាំឲ្យអ្នកនូវបញ្ហា និង រឿងឈឺក្បាលប៉ុណ្ណោះ។

៤. មិនឲ្យតម្លៃចំពោះអ្នក
ទំនាក់ទំនងដែល toxicខ្លាំងបំផុតនោះគឺ ដៃគូរបស់អ្នកមិនដែលផ្តល់តម្លៃដល់អ្នក មិនយកចិត្តទុកដាក់ចំពោះអ្នក តែបែរជាឲ្យតម្លៃមនុស្សស្រីដទៃជាជាងអ្នកទៅវិញ នេះបង្ហាញថាគេមិនដែលចាត់ទុកអ្នកជាមនុស្សដែលគេស្រឡាញ់នោះទេ បើឃើញបែបនឹងហើយដើរចេញទៅ ព្រោះបើអ្នកនៅបន្តទៀតនឹងធ្វើឲ្យអ្នកកាន់តែអស់តម្លៃជាមិនខាន។

កុំឲ្យខ្លួនឯងទ្រាំជាមួយស្នេហាប្រភេទនេះ ទង្វើខ្លះអ្នកអាចគិតថាមិនសូវខ្លាំង និង ជារឿងសាមញ្ញសម្រាប់ភាពជាដៃគូ ប៉ុន្តែ បើធ្វើជាញឹកញាប់ពេកគឺក្លាយទៅជាទម្លាប់ដែលបណ្តាលឲ្យអ្នកធ្លាក់ចូលទៅក្នុងស្នេហាមួយដែលមានតែភាព មិនសប្បាយចិត្ត ហត់នឿយ ស្មុគស្មាញ និង មានតែរឿងឈឺក្បាលប៉ុណ្ណោះ។
បញ្ចេញមតិយោបល់