កត្តា2យ៉ាង ធ្វើឱ្យនារីៗជាំមុខ និង មូលហេតុដែលព្យាបាលជាំមិនងាយជា ឬជាហើយរើឡើងវិញ 

Vachana-Website5-Beauty-Health-V2

បញ្ហាជាំមុខសម្រាប់នារីៗ គឺជារឿងធំណាស់ អាចធ្វើឱ្យស្រ្តីបាត់បង់ទំនុកចិត្តលើភាពស្រស់ស្អាតនៃផ្ទៃមុខរបស់ខ្លួនឯង និងតម្រូវឱ្យប្រើម្សៅបិតបាំងជាប្រចាំថែមទៀតផង។ នៅក្នុងវេជ្ជសាស្រ្តពេទ្យ បញ្ហាជាំមុខ ត្រូវបានចាត់ទុកថាជាជំងឺសើស្បែករ៉ាំរ៉ៃដែលភាគច្រើនកើតលើស្រ្តី (បុរសក៏អាចជាំមុខដែរ) ជាពិសេសវ័យរាងជ្រេរបន្តិចចាប់ពី35ឆ្នាំឡើងទៅ។ 

នៅក្នុងអត្ថបទនេះ ដុកទ័រ សូរ ធឿន ដែលជាគ្រូពេទ្យឯកទេសផ្នែកសើស្បែកនិងកែសម្ផស្សដោយមិនវះកាត់ មានបទពិសោធន៍ជាង7ឆ្នាំក្នុងការព្យាបាលជំងឺសើស្បែក និងជាប្រធានគ្លីនិកស្បែកស្គីនមេឌិច នឹងបកស្រាយលម្អិតអំពីជាំ, កត្តាធំៗ2ធ្វើឱ្យជាំ និងមូលហេតុដែលព្យាបាលជាំមិនងាយជា ឬជាហើយងាយរើឡើងវិញ។ 

ដុកទ័រ សូរ ធឿន មានប្រសាសន៍ថា “ជំងឺជាំមុខនេះកើតឡើងច្រើនខ្លាំងលើប្រជាជនខ្មែរ បើគិតជាតួលេខ។ មូលហេតុចម្បងដែលធ្វើឱ្យជាំគឺ ដោយសារតែការមិនទាន់យល់ដឹងច្បាស់ពីការការពារស្បែកពីពន្លឺព្រះអាទិត្យ ដែលធ្វើឱ្យកាំរស្មីចូលទៅប៉ះជាមួយកោសិកាផលិតជាតិពណ៌នៅក្រោមស្រទាប់ស្បែក នាំឱ្យឡើងខ្មៅដុំៗ ដែលយើងហៅថាជាំនោះឯង។”

តាមរយៈបទពិសោធន៍ដុកទ័រ សូរ ធឿន ព្យាបាលជំងឺជាង7ឆ្នាំកន្លងមកនេះ មានមូលហេតុធំ2ដែលធ្វើឱ្យជាំមុខគឺ៖

+ ការបណ្តោយឱ្យស្បែកមុខប៉ះនឹងកម្តៅ/ពន្លឺព្រះអាទិត្យរយៈពេលយូរឆ្នាំ: ដុកទ័របានពន្យល់ថា ក្រោមស្បែកយើងគឺមានកោសិកាផលិតជាតិពណ៌ដូចគ្នា តែបរិមាណដែលស្បែកផលិតមកគឺខុសគ្នា ដែលជាហេតុធ្វើឱ្យអ្នកខ្លះមានសម្បុរពណ៌ ស, ខ្មៅ ឬសណ្តែកបាយជាដើម។

ចំណែកឯនរណាដែលនៅក្រោមកម្តៅថ្ងៃខ្លាំង ចាប់ពីរាប់3ឆ្នាំឡើងទៅ ធ្វើឱ្យកោសិកាផលិតជាតិពណ៌នោះស៊ាំនឹងការផលិតពណ៌ច្រើនៗ ដែលជាហេតុយូរៗទៅឡើងជាំដុំៗ ទោះជាពេលនោះគាត់ឈប់នៅក្រោមកម្តៅថ្ងៃហើយក៏ដោយ តែកោសិកាបានទម្លាប់ទៅហើយ។ 

+ កត្តាអ័រម៉ូនពីខាងក្នុង: សម្រាប់ស្រ្តីៗដែលលេបថ្នាំពន្យារកំណើត, មានផ្ទៃពោះ, ឬមានបញ្ហាអ័រម៉ូនពីកំណើតដែលអាចធ្វើឱ្យអ័រម៉ូនប្រែប្រួលឡើងចុះខ្លាំង ក៏អាចធ្វើឱ្យមានបញ្ហាជាំមុខដែរ ហើយជាំនេះក៏ពិបាកព្យាបាលដែរ លុះត្រាតែអ្នកជំងឺផ្ទាល់គាត់អនុវត្តការថែទាំសុខភាពផង ធ្វើតាមការណែនាំពីដុកទ័រក្នុងការព្យាបាលជាំផង។

  • ដុកទ័រ សូរ ធឿន បានសង្កត់ធ្ងន់ថាព្យាបាលជាំឱ្យជាសះស្បើយ ឱ្យស្បែកត្រលប់មកពណ៌ស្មើរស្អាតឡើងវិញបានគឺពឹងផ្អែកធំបំផុតលើការតមពន្លឺថ្ងៃ និងកម្តៅផ្សេងៗ ព្រោះថាជាំគឺជាយន្តការមួយនៃការការពារស្បែកមុខពីកម្តៅនិងពន្លឺទាំងនោះ។

ឧទាហរណ៍ថាស្បែកមុខត្រូវពន្លឺខ្លាំង បើមិនឡើងពណ៌ខ្មៅជាំដើម្បីការពារទេ អាចនឹងមានការរលាកស្បែកទៅជាជំងឺស្បែកផ្សេងៗទៀត ហេតុនេះទើបពណ៌ខ្មៅដែលជាជាំឡើងមក។ អាស្រ័យហេតុនេះហើយ ទើបបញ្ហាជាំពិបាកព្យាបាល ឬព្យាបាលជាហើយ ងាយឡើងមកវិញ។ ប៉ុន្តែកន្លងមកតាមបទពិសោធន៍ដុកទ័រ សូរ ធឿនផ្ទាល់មានករណីជាច្រើនដែលអ្នកជំងឺពូកែថែទាំងស្បែក បូករួមនឹងការព្យាបាលពីដុកទ័រជំនាញធ្វើឱ្យអ្នកជំងឺជាំអាចជាសះស្បើយបាន ស្បែកមុខត្រលប់មកពណ៌ស្មើរស្អាតវិញបានជាច្រើនករណីផងដែរ។

ជាចុងក្រោយសុំផ្តាំថា សូមបងប្អូនមានបញ្ហាជាំកុំអស់សង្ឃឹម ប៉ុន្តែត្រូវយកចិត្តទុកដាក់លើការថែទាំងស្បែកខ្លួនឯងឱ្យច្រើន ស្រឡាញ់ខ្លួនឯងឱ្យច្រើន និងតមពន្លឺថ្ងៃឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន៕

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង