ការលាងមុខមិនបានស្អាតល្អ កាន់តែធ្វើឲ្យស្បែករបស់អ្នកប៉ះពាល់កាន់តែធ្ងន់ធ្ងរ

Vachana-Website-Beauty3-Health-V2

ការលាងសម្អាតមុខ គឺជាជំហានថែរក្សាស្បែកដ៏សំខាន់បំផុត សម្រាប់ភាពស្រស់ស្អាតនៃស្បែករបស់អ្នក។ ប្រសិនបើអ្នកសម្អាតមុខបានស្អាតល្អ ផលិតផលថែរក្សាស្បែកដែលអ្នកប្រើ អាចជ្រាបចូលស្បែកកាន់តែមានប្រសិទ្ធភាព ហើយស្បែករបស់អ្នកនឹងប្រសើរឡើងថែមទៀត។ ផ្ទុយទៅវិញ ប្រសិនបើស្បែកមិនត្រូវបានសម្អាតឱ្យបានហ្មត់ចត់ទេនោះ បញ្ហាជាបន្តបន្ទាប់នឹងកើតឡើង ដែលភាគច្រើនកើតមានញឹកញាប់បំផុតនោះគឺ មុន និងរន្ធញើសធំៗ។ ដូចនេះ ប្រសិនបើសង្កេតឃើញ ៤ ចំណុចនេះ បង្ហាញថាអ្នកលាងមុខមិនបានស្អាតឡើយ​៖

១. សេសសល់គ្រឿងសម្អាងនៅលើមុខ

បើយោងតាមអ្នកជំនាញផ្នែកសម្រស់ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក Ann Marie Cilmi បើអ្នកឃើញមុខរបស់អ្នកនៅសល់គ្រឿង make up មានន័យថា អ្នកមិនទាន់លាងសម្អាតស្បែកមុខបានស្អាតល្អទេ ។ ដូច្នេះហើយ អ្វីដែលសំខាន់ អ្នកអាចប្រើសំឡី ជាមួយទឹក toner ជូនសម្អាតស្បែកមុខរបស់អ្នកបន្ថែម ហើយត្រូវយកចិត្តទុកដាក់ថា អ្នកបានលាងសម្អាតគ្រប់ជ្រុងជ្រោយឬនៅ។

២. ស្បែករបស់អ្នកមើលទៅមិនស្អាត និងមានអារម្មណ៍ថាស្ទះរន្ធញើស

ប្រសិនបើអ្នកជួបប្រទះបញ្ហាមុនក្បាលខ្មៅ ឡើងរោលតូចៗ  មូលហេតុនេះ អាចមកពីការមិនលាងមុខឱ្យបានត្រឹមត្រូវ និង ការស្ទះរន្ធញើសនឹងកើតឡើងនៅពេលដែលមានធូលីដី ឬ គ្រឿង make up ណាមួយមិនទាន់សម្អាតស្អាត។ លើសពីនេះ ជំនាញផ្នែកសម្រស់ Andrea Ghigliazza-Lembkey នៅ San Francisco ថា “រន្ធញើសស្ទះអាចជាលទ្ធផលនៃការប្រើប្រាស់ផលិតផលមិនសមស្របនិងស្បែកមុខ និង ស្បែកមិនមានជាតិសំណើមគ្រប់គ្រាន់ ឬកំហុសធំបំផុតគឺការលាងមុខរបស់អ្នកមិនបានត្រឹមត្រូវ។

៣. ភ្ញាក់ឡើងជាមួយរង្វង់ភ្នែកខ្មៅ និង ក្រហម

បើសិនជាពេលព្រឹក អ្នកមានអារម្មណ៍ថា ភ្នែកក្រហម ហើម រមាស់… នោះមានន័យថាអ្នកមិនបានសម្អាតស្បែកឱ្យបានស្អាតល្អនោះទេ។ ម្យ៉ាងទៀត ស្បែកជុំវិញភ្នែក និងរង្វង់ភ្នែកដែលមិនបានសម្អាត មិនបង្កឱ្យកើតមុនទេ ប៉ុន្តែនឹងធ្វើឱ្យភ្នែករបស់អ្នកក្រហាយ និង រង្វង់ភ្នែករបស់អ្នកកាន់តែខ្មៅពីមួយថ្ងៃទៅមួយថ្ងៃ។

៤. ស្បែកមានភាពស្អិត និង គ្រើម

បើយោងតាមអ្នកជំនាញ Andrea Ghigliazza-Lembkey ប្រសិនបើអ្នកលាងសម្អាតស្បែកដោយគ្មានប្រសិទ្ធភាព មិនពេញលេញ ជាលទ្ធផល ធូលីដី និង មេរោគ នឹងជ្រាបចូលទៅក្នុងស្បែក ដែលបណ្តាលឱ្យមានជាតិខ្លាញ់ច្រើន និង បង្កឲ្យឡើងមុននៅលើស្បែករបស់អ្នកកាន់តែច្រើន។

ដូចនេះ ការលាងមុខឲ្យបានត្រឹមត្រូវ គឺសំខាន់ណាស់សម្រាប់ស្បែកមុខរបស់អ្នក ព្រោះនៅពេលដែលអ្នកមិនបានលាងមុខឲ្យស្អាតល្អទេ នឹងនាំឲ្យស្បែករបស់អ្នកកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងធ្វើឲ្យស្បែករបស់អ្នកអាចឡើងមុនបានយ៉ាងងាយផងដែរ។

ប្រភព ៖ guu.vn.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង