អាកាសធាតុក្តៅខ្លាំង ស្បែករបស់អ្នកនឹងងាយប្រតិកម្ម ស្រអាប់មិនស្អាត ហើយភាគច្រើនតែងតែប្រឈមនឹងហានិភ័យនៃការឡើងក្រហម កន្ទួល និងរមាស់រាល់ពេលស្ថិតក្រោមពន្លឺព្រះអាទិត្យ និងបែកញើសច្រើន។ ដូច្នេះ ការថែរក្សាស្បែកតាមគ្រឿងផ្សំធម្មជាតិ គឺវិធី ការពារការខូចខាតនៃស្បែកដែលបណ្តាលមកពីពន្លឺព្រះអាទិត្យ។ ខាងក្រោមនេះជាគ្រឿងផ្សំ ៥ មុខ ជួយថែក្សាស្បែករបស់អ្នក ក្នុងកំឡុងអាកាសធាតុក្តៅ
១. ផ្លែល្ហុង
នៅក្នុងផ្លែល្ហុង មានសារធាតុជួយផលិតកូឡាជែន និង ធ្វើអោយស្បែកទន់រលោង ជួយកាត់បន្ថយជាតិពណ៌ស្បែក និងស្នាមជាំ។ លើសពីនេះ ប្រសិនបើអ្នកមានបញ្ហាស្បែកខ្មៅស្រអាប់ក្នុងរដូវក្តៅ លាបផ្លែល្ហុងនៅលើមុខរបស់អ្នក ឬអាចបុកជាដុំតូចៗ ហើយលាបជាម៉ាសលើមុខទុក១៥នាទី រួចលាងសម្អាតជាការស្រេច។
២. ដំឡូងបារាំង
ដំឡូងបារាំង គឺជាគ្រឿងផ្សំធម្មជាតិដ៏ល្អបំផុត មានប្រសិទិ្ធភាពក្នុងការបំបាត់ស្នាមជាំ ស្នាមអុចខ្មៅ កម្ចាត់ជាតិកខ្វក់ និងប្រេងចេញពីផ្ទៃមុខរបស់អ្នក និងធ្វើឱ្យស្បែកមុខភ្លឺថ្លាផងដែរ។ បន្ថែមពីនេះ អ្នកអាចលាបវានៅលើស្បែកដោយគ្រាន់តែ កិនដំឡូងបារាំងឲ្យម៉ត់ ទឹកក្រូចឆ្មារមួយស្លាបព្រាបាយ រួមជាមួយទឹកឃ្មុំមួយស្លាបព្រាបាយ ទុករយៈពេល១០ទៅ១៥នាទី រួចលាងសម្អាតមុខគឺរួចរាល់។
៣. ចេក
ចេកផ្ទុកទៅដោយវីតាមីន A, B និង E ក៏ដូចជាប៉ូតាស្យូម និង ជួយផ្តល់សំណើមបែបធម្មជាតិដល់ស្បែកមុខរបស់អ្នក។ លើសពីនេះ អ្នកអាចយកចេកធ្វើជា face-pack ដោយ កិនជាដុំៗ ហើយលាយជាមួយទឹកឃ្មុំ ទឹកដោះគោ ឬប្រេងអូលីវ។ លាងមុខរបស់អ្នកដោយទឹកក្តៅឧណ្ហៗ មុននឹងលាបគ្រឿងផ្សំទាំងនេះត្រូវចាំថា ពេលលាងសម្អាតក៏ត្រូវប្រើទឹកក្តៅឧណ្ហៗផងដែរ។
៤. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ សម្បូរដោយសារធាតុចិញ្ចឹមដូចជាវីតាមីន A, B1, C, biotins និងប៉ូតាស្យូម មានជាតិទឹកប្រហែល 96% ជួយផ្តល់សំណើមដល់ស្បែក ព្រមទាំងជួយរក្សាពណ៌ស្បែកឱ្យស្មើគ្នា និងយកសារធាតុមិនស្អាតចេញពីស្បែកមុខរបស់អ្នកថែមទៀតផង។ វិធីប្រើគ្រឿងផ្សំនេះ គឺគ្រាន់តែ យកប្រទាលកន្ទុយក្រពើមកកិន រួចប្រើកន្ត្រងមានប្រឡោះតូចៗដើម្បីបំបែកសាច់ចេញពីទឹករបស់វា។ ក្រោយពីចាក់ចូលក្នុងដប់រួចអ្ន កអាចយកទៅដាក់ក្នុងទូរទឹកកក។ មុនពេលចូលគេង ប្រើវានៅលើមុខរបស់អ្នកជាទឹកជូតសម្អាតក៏បាន ឬ អ្នកអាចលាបទឹកនេះលើស្បែក ក្នុងអំឡុងពេលថ្ងៃក្តៅក៏បានដែរ។
៥. ឪឡឹក
ឪឡឹក ត្រូវបានគេដឹងថា មានតួនាទីបំបាត់ស្នាមអុចខ្មៅ ជួយឲ្យស្បែកមុខភ្លឺរលោង និងផ្តល់សំណើមដល់ស្បែក ក៏ដូចជាជួសជុលការខូចខាត នៃស្បែកផងដែរ។ មិនតែប៉ុណ្ណោះ អ្នកអាចសាកល្បងលាយម៉ាសផ្លែឪឡឹក និងទឹកដោះគោជូរ ដោយកិនផ្លែឪឡឹកមួយចំណែក លាយឱ្យសព្វក្នុងចានមួយជាមួយទឹកដោះគោជូរ ២ ស្លាបព្រាបាយ រួចលាបជាម៉ាសលើមុខ និងក ឬ លាបលើកន្លែងដែលមានបញ្ហានៃស្បែករបស់អ្នក រួចលាងទឹកចេញក្រោយរយៈពេល ១៥ នាទី។
៥ ប្រភេទខាងលើនេះ សុទ្ធតែជាគ្រឿងផ្សំធម្មជាតិ ងាយស្រួលរក និងសក្តិសមគ្រប់ប្រភេទស្បែក ព្រោះភាគច្រើននៃរបស់ទាំងនេះមានលក្ខណៈសម្បត្តិត្រជាក់ពីធម្មជាតិ ព្រមទាំងជួយការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ និង ជួយរក្សាសំណើមដល់ស្បែកមុខក្នុងរដូវក្តៅ។