ធម្មជាតិជាមនុស្សស្រីគឺចង់ស្អាត ចង់ក្មេង ប៉ុន្តែអ្វីដែលយើងបានឃើញភាគច្រើនទៅហើយនោះគឺការប្រែប្រួលខ្លាំងទៅលើមនុស្សស្រីគឺនាងឆាប់ចាស់ សម្រស់ក៏ធ្លាក់។ ខាងក្រោមនេះជាហេតុផលមួយចំនួនដែលជាហេតុនាំឲ្យមនុស្សស្រីឆាប់បាក់សម្រស់ មើលទៅចាស់ជាងវ័យ។
១. អាយុច្រើននាំឲ្យបាត់បង់ខូឡាចែន
អាយុជាធម្មជាតិដែលមិនអាចរារាំងបាន នៅពេលអាយុកាន់តែច្រើន ការផលិតខូឡាចែនកាន់តែធ្លាក់ចុះ។ នៅពេលខូឡាចែនថយចុះ ស្បែកក៏ចាប់ផ្តើមស្ងួត សញ្ញានៃភាពចាស់ក៏លេចឡើង ដែលមានដូចជាស្បែកជ្រួញ យារធ្លាក់ ស្រអាប់ ជាដើម។ បែបនេះហើយការបំពេញខូឡាចែនដែលខ្វះខាតគឺសំខាន់ ហើយរឹតតែសំខាន់គឺការជ្រើសរើស និងប្រើប្រាស់ផលិតផលជំនួយឲ្យបានត្រឹមត្រូវ ដើម្បីជួយទប់ស្កាត់ភាពចាស់។
២. ភាពហត់នឿយ
មនុស្សស្រីឆាប់ចាស់ណាស់នៅពេលដែលនាងទទួលរងនូវសម្ពាធច្រើន និងភាពហត់នឿយច្រើន។ បើសិនជានាងមិនអាចសម្រាកបានគ្រប់គ្រាន់ មិនមានភាពស្រឡាញ់ខ្លួននោះទេ ច្បាស់ណាស់គឺនាងនឹងចាស់មុនអាយុ ហើយសម្រស់នាងនឹងទៅតាមនោះដែរ។
៣. បម្រែបម្រួលក្រោយមានកូន
មនុស្សស្រីក្រោយមានកូនគឺមានការប្រែប្រួលខ្លាំងណាស់ទាំងរូបរាង ទាំងស្បែក ទាំងអារម្មណ៍ ដូច្នេះហើយបើប្តី បើគ្រួសារមិនបានយកចិត្តទុកដាក់ថែទាំនាងនោះទេ នាងកាន់តែបាក់សម្រស់ និងទ្រុឌទ្រោម។ បែបនេះហើយទើបយើងឃើញថាអ្នកខ្លះគាត់នៅតែស្អាតទោះមានកូន តែអ្នកខ្លះគាត់គឺគាតបាក់ខ្លាំងតែម្ដងក្រោមមានកូន នោះក៏ព្រោះការមើលថែ និងសុភមង្គលក្នុងគ្រួសារដែរ។
៤. សុខភាពផ្លូវចិត្ត
មនុស្សស្រីទោះរឹងមាំប៉ុណ្ណាក៏ដោយក៏នៅតែឆាប់ទទួលការប៉ះទង្គិចផ្លូវចិត្តដដែលហ្នឹង។ នាងនឹងមើលទៅឆាប់ចាស់បើនាងមានបញ្ហាផ្លូវចិត្តច្រើន ដូច្នេះបើនាងពិបាកចិត្តច្រើន ឈឺចាប់ច្រើន តានតឹងច្រើន នោះនឹងនាំឲ្យនាងចាស់ មិនស្រស់បស់ដូចអ្នកដែលគេសប្បាយចិត្តច្រើននោះទេ។
មនុស្សប្រុសជាប្តីអើយ បើអ្នកបានអានអត្ថបទនេះ សង្ឃឹមថាអ្នកនឹងចាប់ផ្តើមដឹងពីផលលំបាករបស់មនុស្សស្រី ហើយស្រឡាញ់នាង មើលថែនាងឲ្យបានល្អ កុំឲ្យនាងហត់នឿយ និងពិបាកចិត្តពេកអី។