អាកាសធាតុក្តៅណាស់! ញ៉ាំបន្លែអ្វីខ្លះទើបជួយដល់សុខភាពផងនិងជំនួយដល់ស្បែកផង?

Vachana-Website-Beauty-Ad-JUERA-1

ក្នុងកំឡុងពេលអាកាសធាតុក្តៅខ្លាំង អ្នកគួរតែញ៉ាំបន្លែ និង ផ្លែឈើឲ្យបានច្រើន ព្រោះប្រសិនបើអ្នកញ៉ាំបន្លែ និង ផ្លែឈើច្រើន រាងកាយរបស់អ្នកនឹងមិនសូវបាត់បង់ទឹកច្រើនឡើយ។ សំខាន់ជាងនេះទៀត អ្នកអាចទទួលទានបន្លែ និង ផ្លែឈើស្រស់ៗដែលសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងៗទៀតជួយដល់សុខភាព និង ស្បែករបស់អ្នកបានថែមទៀតផង។ ខាងក្រោមនេះជាបន្លែ និង ផ្លែឈើស្រស់ៗ ដែលអ្នកគួរតែទទួលទាននៅពេលអាកាសធាតុក្តៅខ្លាំង ៖

១. ពោតក្រហម ឬ ពោតផ្អែម

ពោតសម្បូរទៅដោយសារធាតុ lutein និង zeaxanthin ដែលដើរតួជាខែលការពារការប្រឆាំងនឹងកាំរស្មី UV នៃព្រះអាទិត្យ។ លើសពីនេះនៅពេលអាកាសធាតុក្តៅខ្លាំង កាំរស្មីព្រះអាទិត្យកាន់តែក្តៅ និងមានចំហាយក្តៅ ដែលធ្វើឲ្យកាំរស្មីទាំងអស់នោះ បណ្តាលស្បែករបស់អ្នកខូចខាតដោយមិនដឹងខ្លួន។ មិនតែប៉ុណ្ណោះ សមាសធាតុផ្សំដែលមាននៅក្នុងពោតនឹងជួយការពារជំងឺមួយចំនួនដូចជា រលាកស្បែក និងកន្ទួលលើស្បែក ព្រមទាំងមហារីកស្បែកផងដែរ។

២. ទឹកដូង

ទឹកដូង មានអត្ថប្រយោជន៍ដូចជាការទទួលទានទឹកដែរ ប៉ុន្តែទឹកដូងមានរសជាតិផ្អែមឆ្ងាញ់ និងមានជីវជាតិខ្ពស់ថែមទាំងមានជាតិស្ករធម្មជាតិនៅក្នុងនោះផងដែរ។ ម្យ៉ាងទៀតក្នុងអំឡុងថ្ងៃក្តៅ ភាគរយដែលរាងកាយបាត់បង់ជាតិទឹក គឺមានឱកាសខ្ពស់ ដូចនេះ ការផឹកទឹកដូងអាចជួយឲ្យរាងកាយអ្នកជៀសវាងការខះជាតិទឹក ឬ ខ្សោះជាតិទឹកក្នុងខ្លួនរបស់អ្នកបាន។

៣. ផ្លែ ល្ពៅ

ល្ពៅមានលក្ខណៈ diuretic អាចជួយប្រឆាំងនឹងដង្កូវពោះវៀន បញ្ហារំលាយអាហារ និង ការទល់លាមកជាដើម។ ជាងនេះទៅទៀតល្ពៅក៏ល្អសម្រាប់ការលូតលាស់សក់ថែមទៀតផង។ មិនតែប៉ុណ្ណោះ វាមានលក្ខណៈសម្បត្តិ ប្រឆាំងនឹងការរលាកនៅក្នុងរាងកាយរបស់អ្នក នៅពេលដែលអ្នកបែកញើស និងស្ថិតក្រោមកម្តៅថ្ងៃខ្លាំង។

៤. ប៉េងប៉ោះ

ផ្លែប៉េងប៉ោះសម្បូរទៅដោយសារធាតុ Lycopene ដែលសមាសធាតុទាំងនេះ បង្កើតជាស្រទាប់ការពារនៅលើស្បែករបស់អ្នក ដែលការពារប្រឆាំងនឹងការ sunburn និង suntan និងបញ្ហារលាកស្បែកផ្សេងៗ។លើសពីនេះ ប៉េងប៉ោះក៏មានផ្ទុកជាតិទឹក ដូច្នេះពួកវាថែមទាំងជួយរក្សាជាតិទឹកក្នុងខ្លួនរបស់អ្នកពេលក្តៅខ្លាំងផងដែរ។

៥. ឪឡឹក

ផ្លែ​ឪឡឹក​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក មានជីវជាតិខ្ពស់ និង សារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនដែលមាននៅក្នុងផ្លែឈើនេះ ដូចជាវីតាមីន C អាស៊ីត pantothenic ទង់ដែង ប៉ូតាស្យូម ប៊ីយ៉ូទីន ម៉ាញេស្យូម និងវីតាមីន B1 និង B6 ។ ម្យ៉ាងទៀតផ្លែឈើនេះ មានសារធាតុរ៉ែ និងវីតាមីន ដែលនឹងជួយឱ្យអ្នករក្សាបាននូវភាពឆ្អែតនិងជាតិទឹកក្នុងរាងកាយរយៈពេលយូរ។

ដូច្នេះហើយ ពេលអាកាសធាតុក្តៅ មនុស្សជាច្រើនតែងតែមានហានិភ័យនៃជំងឺជាច្រើន ទោះបីជាយ៉ាងណាផ្លែឈើ និង បន្លែស្រស់ៗមួយចំនួនតែងតែជួយទប់ស្កាត់ និង ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់អ្នក ក៏ជាខែលការពារស្បែករបស់អ្នកពីការខូចខាតនៃកម្តៅ ដែលអ្នកអាចសាកល្បងទទួលទានជាអាហារប្រចាំថ្ងៃក៏បានដែរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង