តារាស្រីវ័យ 48 ឆ្នាំរូបនេះ ទើបតែឈ្នះបានពានរង្វាន់ ៣ជាប់គ្នានៅកម្មវិធី TVB Anniversary Awardsលើកទី 56។ ជាមួយនឹងសមត្ថភាពមិនធម្មតា Charmaine Sheh នៅតែសាងភាពទាក់ទាញជាមួយនឹងសម្រស់ រូបរាង និង ស្បែកដ៏ស្រស់ស្អាតរបស់នាងទៀតផង។
ដូចនេះហើយ ក្នុងបទសម្ភាសន៍មួយ តារាស្រីដែលមានប្រជាប្រិយភាពរូបនេះបានចែករំលែកនូវអាថ៍កំបាំងថែរក្សាសម្រស់របស់នាង ៖
១. ការហាត់ប្រាណ
ពិតណាស់ Charmaine Sheh តែងតែឆ្លៀតពេលធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ដោយតារារូបនេះតែងតែរត់រយៈពេល 45 នាទីនៅពេលព្រឹក និងហាត់យូហ្គាថែមទៀតផង ព្រោះ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការធ្វើលំហាត់ប្រាណ និងថែរក្សារូបរាងរបស់នាង។
២. របបអាហារ
តារាសម្តែងស្រីរូបនេះបានសង្កត់ចំណុចសំខាន់នេះថា របបអាហារក៏សំខាន់សម្រាប់ការថែរក្សារូបរាង និង ស្បែករបស់អ្នកដែរ។ ម្យ៉ាងទៀតការដែលអ្នកញ៉ាំអាហារដែលមានវីតាមីន សារធាតុចិញ្ចឹម និង អាហារដែលមានសុខភាពល្អច្រើន នោះ ធ្វើរាងកាយ ព្រមទាំងស្បែករបស់អ្នកនឹងកាន់តែប្រសើរឡើង។ បន្ថែមពីនេះ Charmaine Sheh បាននិយាយបន្តថា ខ្ញុំតែងតែទទួលទានផ្លែឈើ ឬទឹកផ្លែឈើស្រស់ដោយមិនប្រើស្ករឡើយ ព្រោះរបបអាហារបែបនេះអាចជួយដល់សុខភាពស្បែក និង រាងកាយរបស់ខ្ញុំ។
៣. ផឹកទឹកឱ្យបានគ្រប់គ្រាន់
Charmaine Sheh បាននិយាយថា ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ជួយឲ្យស្បែករបស់អ្នកមិនងាយស្ងួត មានសំណើម ព្រមទាំងជួយជួសជុលកោសិកាស្បែក និងបណ្តេញជាតិពុលពីក្នុងខ្លួនថែមទៀតផង។ ដូចនេះហើយការផឹកទឹកក្នុងបរិមាណគ្រប់គ្រាន់ជារឿងដែលចាំបាច់សម្រាប់គន្លឹះនៃការថែរក្សារសម្រស់។
៤. ផលិតផលថែរក្សាស្បែកមុខ
ក្រៅពីប្រើប្រាស់ឡេការពារកម្តៅថ្ងៃក្នុងកំឡុងពេលថតរឿងនោះ នៅពេលដែលទំនេរពីការងារ Charmaine Sheh តែងតែចំណាយពេលប្រហែល ១ម៉ោងដើម្បីម៉ាស្សាមុខ និង បិទម៉ាស់។ ដូចនេះហើយ ការធ្វើបែបនេះ វាក៏ជួយដល់ស្បែកបានមួយកម្រិតទៀតផងដែរ។
ជាចុងក្រោយ Charmaine Sheh បានបញ្ជាក់ថា ទាំងអស់នេះគឺជាវិធីថែក្សាស្បែកដ៏សាមញ្ញរបស់នាង ប៉ុន្តែការហាត់ប្រាណ ហើយរបបអាហារអាចនឹងខុសគ្នាអាស្រ័យលើរាងកាយរបស់អ្នកទៅតាមស្ថានភាពជាក់ស្តែង។