តើអ្នកដឹងទេថា អូមេហ្គា៣ គឺជាប្រេង រឺខ្លាញ់ដែលចម្រាញ់ចេញពីជាលិកាត្រី ដែលជាធម្មតាមាននៅក្នុងត្រីមួយចំនួន ដូចជាត្រីធូណាជាដើម ហើយក្នុងនោះប្រេងត្រីនេះ គឺជាប្រភពដ៏ល្អនៃអូមេហ្គា៣ ដែលល្អសម្រាប់បេះដូង និងខួរក្បាល ហើយខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏ល្អនៃខ្លាញ់ត្រីចំពោះសុខភាពរបស់អ្នក។
១. ជួយដល់សុខភាពបេះដូង
ការសិក្សាបង្ហាញថា អ្នកដែលទទួលទានត្រីច្រើន មានអត្រានៃជំងឺបេះដូងទាប ដែលក្នុងនោះខ្លាញ់ត្រីដែលមានអូមេហ្គា៣នេះ បានជួយបង្កើនកម្រិតកូឡេស្តេរ៉ុល HDL ហើយក៏អាចបន្ថយកម្រិតកូឡេស្តេរ៉ុល LDL អាក្រក់ មិនតែប៉ុណ្ណោះវាក៏ជួយកាត់បន្ថយសម្ពាធឈាម ធ្វើឲ្យបន្ទះសរសៃឈាមកាន់តែមានស្ថេរភាព និងមានសុវត្ថិភាពជាងមុន។
២. អាចជួយព្យាបាលស្ថានភាពសុខភាពផ្លូវចិត្តមួយចំនួន
ខួរក្បាលរបស់អ្នក ត្រូវបានបង្កើតឡើងដោយជាតិខ្លាញ់ជិត ៦០ភាគរយ ហើយភាគច្រើននៃជាតិខ្លាញ់នេះ គឺអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលមានសារៈសំខាន់សម្រាប់មុខងារខួរក្បាលធម្មតា ហើយតាមការសិក្សាមួយចំនួនបានបង្ហាញថា ខ្លាញ់នេះអាចកាត់បន្ថយឱកាស នៃជំងឺវិកលចរិកចំពោះអ្នកដែលមានហានិភ័យផងដែរ។
៣. អាចជួយដល់សុខភាពភ្នែក
ដូចខួរក្បាលដែរ ភ្នែករបស់អ្នកពឹងផ្អែកលើខ្លាញ់អូមេហ្គា៣ ដែលវាមានឥទ្ធិពលវិជ្ជមាន សម្រាប់ជំងឺភ្នែកស្ងួតជាពិសេស ជាងនេះទៅទៀត សុខភាពភ្នែកចាប់ផ្តើមធ្លាក់ចុះនៅពេលដែលអ្នកកាន់តែចាស់ តែការបរិភោគត្រីត្រូវបានគេរកឃើញថា បានជួយសុខភាពភ្នែកនេះបានយ៉ាងមានប្រសិទ្ធភាព។
៤. អាចកាត់បន្ថយការរលាក
ការរលាក គឺជាវិធីដែលប្រព័ន្ធភាពស៊ាំរបស់អ្នក ប្រើក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ និងការព្យាបាលរបួស ទោះជាយ៉ាងណាក៏ដោយ ការរលាករ៉ាំរ៉ៃត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្ថានភាពសុខភាពដូចជា ភាពធាត់ ជំងឺទឹកនោមផ្អែម ជំងឺធ្លាក់ទឹកចិត្ត និងជំងឺបេះ ហើយខ្លាញ់អូមេហ្គា៣ គឺជួយក្នុងការកាត់បន្ថយការរលាក និងព្យាបាលរោគសញ្ញានៃជំងឺទាំងនេះ។
៥. អាចជួយឱ្យស្បែកមានសុខភាពល្អ
ស្បែក គឺជាសរីរាង្គធំបំផុតនៅក្នុងខ្លួនរបស់មនុស្ស ហើយវាមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ ជាច្រើន យ៉ាងណាមិញសុខភាពស្បែកអាចធ្លាក់ចុះជាពិសេសពេលដែលវ័យរបស់អ្នកកាន់តែចាស់ រឺបន្ទាប់ពីត្រូវពន្លឺព្រះអាទិត្យច្រើនពេក តែខ្លាញ់អូមេហ្គា៣ នឹងជួយជាអាហារបំប៉នចំពោះជំងឺស្បែកមួយចំនួន រួមទាំងជំងឺស្បែករបកក្រហម និងជំងឺរលាកស្បែកជាដើម។
៦. អាចជួយដល់ការមានគភ៌
អូមេហ្គា៣ គឺចាំបាច់ណាស់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍ដំបូង ដែលអាចជួយនូវការអភិវឌ្ឍខួរក្បាលរបស់ទារក ការមើលឃើញ និងជួយកាត់បន្ថយហានិភ័យនៃអាឡែស៊ីផងដែរ ដូច្នេះវាជារឿងសំខាន់ណាស់ក្នុងការទទួលបានអូមេហ្គា៣ ឲ្យបានគ្រប់គ្រាន់អំឡុងពេលមានផ្ទៃពោះ និងអំឡុងពេលបំបៅដោះ។
៧. អាចកាត់បន្ថយខ្លាញ់ថ្លើម
ថ្លើម ដំណើរការជាតិខ្លាញ់ភាគច្រើននៅក្នុងខ្លួនរបស់អ្នក ដែលវាដើរតួនាទីក្នុងការឡើងទម្ងន់ ក្នុងនោះអូមេហ្គា៣ គឺអាហារបំប៉នមួយដែលអាចធ្វើឲ្យប្រសើរឡើងនូវមុខងារថ្លើម និងការរលាកផងដែរ។
៨. អាចធ្វើអោយសុខភាពឆ្អឹង ប្រសើរឡើង
ក្នុងអំឡុងពេលវ័យចំណាស់ ឆ្អឹងអាចចាប់ផ្តើមបាត់បង់សារធាតុរ៉ែសំខាន់ៗ ដែលងាយនឹងបាក ក៏អាចនាំឲ្យមាន ជំងឺពុកឆ្អឹងផងដែរ តែការទទួលទានអូមេហ្គា៣ គឺវាជួយជាអាហារបំប៉ន ក្នុងការជួយការពារជំងឺឆ្អឹង។
សរុបមកវិញ ខ្លាញ់អូមេហ្គា៣ គឺពិតជាល្អយ៉ាងខ្លាំងចំពោះសុខភាពរបស់អ្នក ក្នុងការបង្ការជំងឺជាច្រើន ដែលអាចនិយាយបានថា ខ្លាញ់ត្រីនេះ គឺជាជម្រើសដ៏ល្អសម្រាប់សុខភាពរបស់អ្នក។
ប្រភព៖ healthline.com