ទឹកមានសារៈសំខាន់ណាស់សម្រាប់រាងកាយរបស់អ្នក ទោះបីជាយ៉ាងណាក៏ដោយ បើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់រាងកាយរបស់អ្នកក៏មិនសូវមានសុខភាពល្អដែរ។ លើសពីនេះ បើសិនជាអ្នកខ្វះពេលទៅហាត់ប្រាណឲ្យបានទៀងទាត់ ប៉ុន្តែចង់ស្រកទម្ងន់ ដូច្នេះហើយ ទឹកក្តៅឧណ្ណ ក៏ជាវិធីសាមញ្ញមួយដែលអាចជួយសម្រកទម្ងន់របស់អ្នកបានដោយមិនបាច់ចំណាយពេលច្រើនផងដែរ។ ខាងក្រោមនេះ ជាចំណុចដែលទឹកក្តៅជួយដល់សុខភាពរាងកាយរបស់អ្នក ៖
១. ផ្តល់សំណើមដល់រាងកាយ
ការរក្សារាងកាយរបស់អ្នកឱ្យមានជាតិទឹកគឺការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ក្នុងគ្រប់ទម្រង់ មិនថាត្រជាក់ ឬក្តៅ។ កោសិកានីមួយៗនៅក្នុងរាងកាយរបស់អ្នកត្រូវការទឹក ដើម្បីស្រូបយកសារធាតុចិញ្ចឹម និងបញ្ចេញកាកសំណល់ផ្សេងៗ។ លើសពីនេះ ជាតិទឹកជួយឱ្យតម្រងនោមបណ្តេញកាកសំណល់ និងជាតិពុលចេញពីរាងកាយផងដែរ។
២. ជាភ្នាក់ងារសម្អាត និងបន្សុទ្ធដោយធម្មជាតិ
ការផឹកទឹកក្តៅ ជួយក្នុងការសម្អាតរាងកាយយ៉ាងមានប្រសិទ្ធភាព និង អាចព្យាបាលបញ្ហារំលាយអាហារមិនល្អបានយ៉ាងងាយ ដោយគ្រាន់តែទទួលទានទឹកក្តៅមួយកែវពីរដងក្នុងមួយថ្ងៃ។ ម្យ៉ាងទៀត ផឹកទឹកក្តៅមួយកែវនៅពេលព្រឹកព្រលឹមជួយបណ្តេញជាតិពុលចេញពីរាងកាយ និងសម្អាតប្រព័ន្ធរំលាយអាហារបានដូចជា ជួយសម្រួលចលនាពោះវៀន និងព្យាបាលការទល់លាមក។
៣. ជួយឲ្យស្រកទម្ងន់
ទឹកក្តៅ គឺអាចជួយបំបែកស្រទាប់ខ្លាញ់ចេញពីរាងកាយ និងជួយអ្នកក្នុងការសម្រកទម្ងន់យ៉ាងឆាប់រហ័ស។ លើសពីនេះ ទទួលទានទឹកក្ដៅឧណ្ហៗនៅពេលព្រឹក ក៏កាត់បន្ថយការឃ្លាន ផ្តល់ជាតិទឹកដល់រាងកាយរបស់អ្នក និងធ្វើឱ្យក្រពះមិនសូវឃ្លានអាហារ ដូច្នេះអាចជួយដុតកាឡូរីបានលឿនក្នុងរាងកាយរបស់អ្នកឲ្យងាយយនឹងស្រកទម្ងន់។
ទឹកក្តៅឧណ្ហៗ អាចជួយសម្រួលដល់ការរំលាយអាហារ លើកកម្ពស់ស្បែកឲ្យភ្លឺថ្លា និងមានសុខភាពល្អ។ មិនតែប៉ុណ្ណោះ ការញ៉ាំទឹកក្តៅរាល់ព្រឹកជួយឲ្យរាងកាយអ្នកមានសុខភាពល្អ បន្សាបជាតិពុល និង បញ្ចេញកាកសំណល់ពីក្នុងខ្លួនរបស់អ្នក។