លាងមុខ2តង់ជាប់គ្នា ពិតជាជួយឱ្យមុខស្អាតមែនឬអត់? នរណាខ្លះគួរធ្វើ នរណាខ្លះមិនត្រូវធ្វើដាច់ខាត?

Vachana-Website-Beauty6-Health-V2

ការលាងមុខ2តង់ ឬDouble Cleansing ត្រូវបានក្លាយជាប្រធានបទពេញនិយមមួយ ដែលមនុស្សជាច្រើនធ្វើតាមគ្នាដោយគិតថាវិធីនេះអាចជួយឱ្យមុខរបស់ពួកគេជ្រុះកោសិកាចាស់អស់ ធ្វើឱ្យស្បែកមុខស្អាត សុខភាពល្អ។ 

វេជ្ជបណ្ឌិត សូរ ធឿន គ្រូពេទ្យឯកទេសផ្នែកសើស្បែក និងសម្រស់មានបទពិសោធន៍ជាង៧ឆ្នាំក្នុងការព្យាបាលជំងឺស្បែក និងជាប្រធានគ្លីនិកស្បែកស្គីនមេឌិច បានបកស្រាយច្បាស់ៗទៅលើប្រធានបទនេះ ដោយបង្ហាញអំពីក្រុមមនុស្សដែលគួរធ្វើ  និងមិនគួរធ្វើដែលអាចនាំផលវិបាកឱ្យស្បែកមុខរោល ឡើងមុន ឬប្រតិកម្មស្បែកបាន។ វេជ្ជបណ្ឌិត សូរ ធឿន បានពន្យល់ឱ្យដឹងថា “Double Cleansing ឬផលិតផលដើម្បីប្រើទៅសម្អាតមុខ2តង់ គេផលិតផលឡើងមកសម្រាប់តែបុគ្គល២ក្រុមប៉ុនណោះ។

ក្រុមទី1 គឺអ្នកមានស្បែកមុខប្រេងខ្លាំង ដោយសារក្រុមនេះងាយមានបញ្ហាស្ទះក្រពេញខ្លាញ់ ស្ទះគល់រោម ដែលនាំឱ្យកើតមុន ហេតុនេះពួកគេគួរប្រើឬធ្វើDouble cleansing ដើម្បីសម្អាតប្រេងដែលសេសសល់ឱ្យអស់ពីស្បែកមុខ កុំឱ្យមានបញ្ហាផ្សេងៗកើតមានឡើង។ 

ក្រុមទី2 អ្នកប្រើប្រាស់ផលិតផលផាត់មុខច្រើន, ជាទូទៅនៅក្នុងផលិតផលផាត់មុខទាំងអស់តែងតែមានជាតិប្រេងដើម្បីឱ្យខាំជាប់នឹងស្បែកមុខបានយូរ ដែលជាហេតុលាងជាមួយទឹកឬហ្វូមធម្មតាមិនគ្រប់គ្រាន់ឡើង។ បើពួកគេមិនធ្វើDouble Cleansingទេ អាចនឹងស្ទះគល់រោម ឡើងមុនរោល មុនកប់ពេញមុខទៅវិញ។” 

ប្រសិនបើទាំងអស់គ្នា ស្ថិតក្នុងស្ថានភាពស្បែកមុខណាមួយក្នុងចំណោមលក្ខខណ្ឌខាងលើទាំង2 អ្នកទាំងអស់គ្នាអាចធ្វើDouble Cleansing បាន។ ដោយឡែក អ្នកដែលមានស្បែកមុខស្ងួត, ងាយរោល, ងាយប្រតិកម្ម ហើយគាត់ទៅធ្វើDouble Cleansingដែរ នោះគឺជាបញ្ហាធំទៅវិញ។ 

អ្នកខ្លះគាត់យល់ច្រលំ ឃើញគេធ្វើDouble Cleansing បានផល មុខស្អាត គាត់ច្រលំទៅធ្វើតាមដែរទាំងដែលមិនស្គាល់ពីប្រភេទស្បែកមុខខ្លួនឯង។ បើស្បែកមុខគាត់កំពុងស្ងួត ហើយធ្វើDouble Cleansingទៀត មុខគាត់នឹងកាន់តែស្ងួត កាន់តែងាយប្រតិកម្ម ខូចរនាំងការពារស្បែក មានបញ្ហាស្បែកមុខកាន់តែច្រើនទៅវិញ។ 

ជាសរុបមក ការធ្វើDouble Cleansing គឺសម្រាប់តែអ្នកមានស្បែកមុខប្រេង និងអ្នកប្រើប្រាស់ផលិតផលផាត់មុខច្រើនតែប៉ុណ្ណោះ បើអ្នកមានស្បែកមុខស្ងួត ងាយប្រតិកម្មកុំទៅធ្វើ Double Cleansing ប្រយ័ត្នខូចស្បែកមុខ ពិបាកព្យាបាលកាន់តែខ្លាំង។

រៀបចំអត្ថបទដោយ: ក្រុមការងារគ្លីនិកស្បែកស្គីនមេឌិច

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង