ទាក់ទងនឹងបែបបទនៃការពិនិត្យសុខភាពស្ត្រី និង អេកូសាស្ត្រ វេជ្ជ. ទឹង សុគន្ធមាលា ឯកទេសសម្ភព និង រោគស្រី្ត នៅ Mémoire Polyclinic and Maternity នឹងធ្វើការបង្ហាញតាមខាងក្រោមនេះ ៖
១. ការពិនិត្យសុខភាពស្ត្រីគួរត្រូវធ្វើឡើងនៅពេលណា? ដោយបែបបទបែបណាទើបប្រសើរ?
– ការពិនិត្យគួរតែធ្វើអោយបានទៀងទាត់ជារៀងរាល់ឆ្នាំ ដើម្បីធានាពីភាពប្រក្រតីនៃសុខភាព ឬ លឿនជាងនេះក្នុងករណីរកឃើញថាមានបញ្ហាណាមួយ។
បែបបទ ៖
+ ចាប់ផ្តើមពីការសាកសួរប្រវត្តិពីមុន និង ស្ថានភាពសុខភាពបច្ចុប្បន្ន។
+ ទី២៖ ពិនិត្យសរីរាង្គស្ត្រីខាងក្រៅ ស្ថានភាពទ្វារមាស និង មាត់ស្បូន។
+ ទី៣៖ ពិនិត្យកោសិកាមាត់ស្បូន(ករណីលទ្ធផលធម្មតា ស្ត្រីអាចចាក់វ៉ាក់សាំងបាន)។
+ ទី៤៖ អេកូសាស្ត្រពិនិត្យសរីរាង្គខាងក្នុងរបស់ស្ត្រី(ស្បូន ក្រពេញបញ្ចេញមេជីវិត…) និង ស្ថានភាពជុំវិញអាងត្រគៀក។
- – ករណី> ៣៥ឆ្នាំ ៖
- + គួរបន្ថែម តេស្តរកមេរោគHPV (រយៈពេលវែងនៃការមានដៃគូបង្កើនអត្រាឆ្លងកាន់តែខ្ពស់)។
- + ការពិនិត្យអេកូសាស្ត្រផ្នែកសុដន់ (ធ្វើលឿនជាងនេះករណីមានសញ្ញាសង្ស័យ ឬ មានអត្រាប្រឈម)។
២. ហេតុអ្វីបច្ចុប្បន្នគេជ្រើសរើសយកការពិនិត្យអេកូសាស្ត្រតាមទ្វារមាសមកពិនិត្យសុខភាពស្ត្រី?
– ផ្តល់ប្រសិទ្ធភាពខ្ពស់៖
- + សុងប៉ះផ្ទាល់នឹងសរីរាង្គរបស់ស្ត្រី មិនមានរបាំងបន្ថែមដូចអេកូសាស្ត្រតាមលើពោះ ( រាប់ពីសុងអេកូសាស្ត្រ៖ ស្បែកពោះ ខ្លាញ់ក្រោមស្បែក ប្លោកនោម )។
- + ពិនិត្យបានទាំងដុំសាច់ និង គីសដែលមានទំហំតូចៗ។
- + មានសុវត្ថិភាព និង មិនមានការឈឺចាប់ ៖ សុងមានទំហំតូច និង ត្រូវបានការពារពីក្រៅដោយស្រោមអនាម័យគ្រប់ពេលពិនិត្យ។
- អាចប្រើសម្រាប់វាយតម្លៃសមត្ថភាពបង្កកំណើតរបស់ស្ត្រី( ពិនិត្យទាំងគុណភាព និង ចំនួនមេជីវិត)។