វេជ្ជ. ឯកទេសស្បែក ប្រាប់ពីរបៀបសម្គាល់ប្រភេទស្បែកមុខទាំង៤ និងការរើសឡេការពារកម្តៅថ្ងៃ កុំឱ្យទិញខុសខាតលុយ

Vachana-Website-Beauty6-Health-V2

ឡេការពារកម្តៅថ្ងៃ គឺជាស្គីនឃែរសំខាន់បំផុតមួយក្នុងចំណោមស្គីនឃែរជាច្រើនទៀតដែលអ្នកស្រឡាញ់សម្រស់ត្រូវតែប្រើជាដាច់ខាត ដើម្បីការពារមុខពីពន្លឺថ្ងៃកុំឱ្យចាស់ជាងវ័យលឿន ងាយជាំ ងាយរលាកស្បែកផ្សេងៗ។ ក្រឡេកទៅមើលឡេការពារកម្តៅថ្ងៃដែលមានដាក់លក់លើទីផ្សារ បើសិនជាមានពេលអង្គុយរាប់វិញ ប្រហែលជាមានមិនក្រោម១លានប្រភេទឡើយដែលជាហេតុធ្វើឱ្យបងប្អូនខ្លះនៅមានបញ្ហាក្នុងការរើសឡេការពារកម្តៅមកប្រើជាប្រចាំថ្ងៃ។

ដើម្បីជាដំណោះស្រាយលើបញ្ហាខាងលើថ្ងៃនេះ វេជ្ជបណ្ឌិត សូរ ធឿន ដែលជាគ្រូពេទ្យឯកទេសផ្នែកសើរស្បែក និងកែសម្ផស្សដោយមិនវះកាត់មានបទពិសោធន៍ជាង៧ឆ្នាំក្នុងការព្យាបាលជំងឺស្បែកផ្ទាល់ និងជាប្រធានគ្លីនិកស្បែកស្គីនមេឌិច បានបកស្រាយនូវចម្ងល់ខាងលើដោយពន្យល់ពីប្រភេទស្បែកទាំង៤របស់មនុស្សយើង និងរបៀបក្នុងការរើសឡេការពារកម្តៅថ្ងៃឱ្យត្រូវតាមប្រភេទស្បែក។ 

វេជ្ជបណ្ឌិត សូរ ធឿន មានប្រសាសន៍ថា “មុននឹងបងប្អូនទៅទិញឡេការពារកម្តៅថ្ងៃមកប្រើឱ្យបានត្រឹមត្រូវ គឺមិនមែនទៅមើលប្រភេទឡេការពារកម្តៅថ្ងៃនោះ ម៉ាកអ្វី SPFប៉ុន្មាននោះទេ តែត្រូវមើលថាស្បែកមុខរបស់ខ្លួនឯងជាប្រភេទស្បែកមួយណាសិន”។

បន្ថែមទៅលើប្រសាសន៍ខាងលើ វេជ្ជបណ្ឌិត សូរ ធឿន បានពន្យល់ច្បាស់ៗទៀតថាស្បែកមុខរបស់មនុស្សយើងបែកចែកជា៤ប្រភេទ គឺប្រភេទស្បែកធម្មតា, ស្បែកប្រេង, ស្បែកស្ងួត និងស្បែកចម្រុះ។

លក្ខណៈសម្គាល់សម្រាប់អ្នកស្បែកមុខធម្មតា ជាទូទៅជាមុខមិនងាយឡើងមុន, គល់រោមមិនធំ និងស្បែកមិនងាយឡើងរោល ឡើងរមាស់ងាយៗឡើយ។ ចំណែកឯអ្នកមានស្បែកមុខប្រេងវិញ ជាទូទៅមានគល់រោលធំ, ងាយឡើងមុន និងងាយបន្សស់ជាស្នាមក្រោយកើតមុន។ រីឯស្បែកមុខស្ងួតវិញ គឺភាគច្រើនងាយឡើងអាចម៍រុយ គល់រោមតូចៗ និងមិនងាយឡើងមុនឡើយ។

ចុងក្រោយស្បែកមុខចម្រុះ ដែលមានន័យថានៅលើមុខមានទាំងផ្នែកដែលមានប្រេង និងផ្នែកដែលស្ងួត ពោលគឺT-Zoneជាស្បែកប្រេង និងថ្ពាល់ជាស្បែកស្ងួត ហើយអ្នកស្បែកមុខចម្រុះនេះហើយពិបាកក្នុងការប្រើឡេការពារកម្តៅថ្ងៃបំផុត ដោយពួកគាត់ត្រូវប្រើទាំងឡេការពារកម្តៅថ្ងៃសម្រាប់អ្នកស្បែកមុខប្រេងផង និងឡេការពារកម្តៅថ្ងៃសម្រាប់អ្នកស្បែកស្ងួតផង។

វេជ្ជបណ្ឌិត សូរ ធឿន សរុបយ៉ាងខ្លីមកវិញថា “មិនថាឡេការពារកម្តៅថ្ងៃប្រ៊េនណានោះទេ បើបងប្អូនស្រឡាញ់ចូលចិត្តប្រ៊េនណាអាចទិញប្រ៊េននោះប្រើបាន ប៉ុន្តែអ្វីដែលបងប្អូនត្រូវដឹងគឺដឹងពីប្រភេទស្បែកមុខខ្លួនឯងថាជាស្បែកធម្មតា, ប្រេង, ស្ងួត ឬ ចម្រុះ ព្រោះថាទោះផលិតផលគេល្អប៉ុនណាក៏ដោយ បើយើងរើសមកប្រើមិនត្រូវខ្លួនឯងនោះក៏មិនបានផលពីផលិតផលដែលយើងប្រើដែរ”៕

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង