ទម្លាប់ល្អទាំង ៥ ដើម្បីធ្វើឲ្យជីវិតរបស់អ្នកប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ

Vachana-Website-Life-Carrier-2
ផ្លូវចិត្ត គឺជារឿងមួយដែលសំខាន់សម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែមនុស្សតិចណាស់ដែលព្យាយាមថែរក្សាផ្លូវចិត្តរបស់ពួកគេជារៀងរាល់ថ្ងៃ។ លើសពីនេះ បើសិនជាអ្នកចង់បានសុខភាពផ្លូវចិត្តល្អ ជាដំបូងអ្នកត្រូវរៀនបង្កើតទម្លាប់ថ្មីៗដែលជួយទៅដល់រាងកាយរបស់អ្នក មិនតែប៉ុណ្ណោះទម្លាប់ល្អ​អាច​ធ្វើ​ឱ្យ​ជីវិត​របស់​យើង​ប្រសើរ​ឡើង និង​ធ្វើ​ឱ្យ​អ្នកជា​មនុស្ស​មាន​ភាពរីករាយជាងពេលធម្មតា។ ខាងក្រោមនេះជាទម្លាប់ល្អ ទាំង ៦ ដើម្បីជួយជំរុញជីវិតអ្នកឲ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ៖
១. ញ៉ាំទឹកមួយកែវពេលភ្ញាក់ពីគេងរាល់ព្រឹក
នេះ​ជា​ទម្លាប់មួយដែលជួយឲ្យអ្នកមានសុខភាពល្អ និង ជួយឲ្យជីវិតអ្នកកាន់តែស្រស់ស្រាយ ដោយសារតែ នៅពេលទទួលទានទឹកពេលពោះទទេ វាជួយបណ្តេញជាតិពុល និងជួយដល់ការរំលាយអាហារ ធ្វើឱ្យប្រព័ន្ធការពាររាងកាយរបស់អ្នករឹងមាំ ថែមទាំងជួយបង្កើន ទៅលើថាមពលនៃសកម្មភាពប្រចាំថ្ងៃរបស់អ្នក និងធ្វើឲ្យរាងកាយអ្នកមិនងាយទ្រុឌទ្រោម និង ផ្តោតអារម្មណ៍របស់អ្នកមិនសូវឆេវឆាវបានថែមទៀតផង។
២. រីករាយជាមួយធម្មជាតិ
ការរស់នៅជាមួយធម្មជាតិជួយធ្វើឱ្យលំនាំផ្លូវចិត្តរបស់អ្នកមានលក្ខណៈស្រស់ស្រាយ បង្កើនវីតាមីន D នៅក្នុងខ្លួន និងជួយកាត់បន្ថយអរម៉ូនស្ត្រេសរបស់អ្នក គ្រាន់តែអ្នកចំណាយពេលប្រហែល១០ នាទីដើម្បីបន្ធូរអារម្មណ៍ជាមួយធម្មជាតិ នោះនឹងធ្វើឲ្យសុខភាពផ្លូវចិត្តរបស់អ្នកកាន់តែប្រសើរឡើង។ ម្យ៉ាងទៀតអ្នកមិនចាំបាច់ដល់ចូលទៅព្រៃ ឬ កន្លែងដែលមានដើមឈើច្រើនពេកនោះទេ អ្នកគ្រាន់តែស្រូបយកខ្យល់បរិសុទ្ធជាមួយសម្លេងស្លឹកឈើ និង ពេលខ្លះអ្នកអាចសាកដាំផ្កានៅក្នុងសួនច្បាររបស់អ្នកបាន។
៣. ទម្លាប់អានសៀវភៅ
អត្ថប្រយោជន៍នៃការអានសៀវភៅមានច្រើនណាស់ ហើយប្រសិនបើអ្នកចង់ពង្រីកសាច់ដុំខួរក្បាលរបស់អ្នក គឺរៀនពីអ្វីថ្មីៗ និង បង្កើតទម្លាប់នៃចំណង់ចំណូលចិត្តសាមញ្ញ ជាវិធីដ៏ល្អមួយដើម្បីធ្វើវាជារៀងរាល់ថ្ងៃក្នុងការជួយឲ្យចិត្តរបស់កាន់តែស្ងប់ស្ងាត់ល្អ។ លើសពីនេះ ការអានក៏អាចជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បីជួយអ្នកសម្រេចបាននូវគោលដៅផ្សេងទៀតក្នុងជីវិតរបស់អ្នក ដោយជួយអ្នកឱ្យរីកចម្រើនជារៀងរាល់ថ្ងៃ។
៤. ការថែទាំខ្លួនឯងជាអទិភាព
ទម្លាប់មួយទៀតសម្រាប់ឲ្យជីវិតអ្នកកាន់តែរីកចម្រើន និង មានក្តីសុខនោះគឺ ថែរក្សាខ្លួនឯងជានិច្ច។ ការចាប់ផ្តើមទម្លាប់ថែរក្សាសម្រស់ និង រូបរាងរបស់ខ្លួនឯងខ្លះ គឺជាវិធីដ៏អស្ចារ្យមួយដើម្បីមានអារម្មណ៍ធូរស្រាល បន្ធូរអារម្មណ៍តានតឹង ជួយឲ្យសម្រស់អ្នកកាន់តែប្រសើរឡើង និងក្លាយជាទម្លាប់ដ៏ល្អបំផុតសម្រាប់អ្នកនៅក្នុងជីវិតប្រចាំថ្ងៃ។
៥. រស់នៅក្នុងភាពសាមញ្ញ

មនុស្សជាច្រើនតែងតែចង់មានជីវិតដែលសាមញ្ញមួយហើយសប្បាយចិត្ត ប៉ុន្តែការរស់នៅរបស់ពួកគេបែរជាមិនសាមញ្ញទៅវិញ ប៉ុន្តែអ្នកអាចប្រើជីវិតរបស់អ្នកក្នុងការរស់នៅបែបធម្មតា មិនចាំបាច់អួតពីសម្ភារៈនិយម មិនចាំបាច់ប្រើរបស់ថ្លៃៗ អ្នកគ្រាន់តែដឹងថាអ្នកត្រូវការអ្វីខ្លះ ចង់បានអ្វីខ្លះ ដើម្បីឲ្យខ្លួនឯងសប្បាយចិត្តគឺគ្រប់គ្រាន់ហើយ។

ទម្លាប់ខ្លះអ្នកត្រូវតែបង្កើតដោយខ្លួនឯង ណាមួយបើសិនជាអ្នកចង់ឲ្យខ្លួនឯងកាន់តែល្អត្រូវតាំងចិត្តថាខ្លួនឯងធ្វើបាន ហើយត្រូវចាប់ផ្តើមពីទម្លាប់តូចៗទាំងនេះ ដើម្បីឲ្យខ្លួនឯងកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង