គ្មានអ្នកណាម្នាក់ចង់បរាជ័យលើការងារដែលខ្លួនធ្វើនោះទេ ប៉ុន្តែយើងត្រូវដឹងថាទម្រាំដើរដល់កន្លែងដែលយើងចង់បាន យើងត្រូវឆ្លងកាត់បញ្ហា និងរឿងរ៉ាវជាច្រើន ខ្លះក៏ដូចចិត្ត ខ្លះក៏មិនសមដូចចិត្ត។ បែបនេះហើយ អ្នកត្រូវចេះជួយខ្លួនឯង កុំឲ្យចុះចាញ់ ពេលដែលរឿងមិនល្អចូលមក ៖
១. ប្រាប់ខ្លួនឯងថាវាគ្រាន់តែជាការខកចិត្តម្ដងប៉ុណ្ណោះ
ក្នុងជីវិតយើងមិនអាចជួបតែរឿងល្អទាំងអស់នោះទេ តែងជួបរឿងដែលធ្វើឲ្យអ្នកខកចិត្ត ដូច្នេះត្រូវប្រាប់ខ្លួនឯងវាគ្រាន់តែជារឿងដែលយើងមិនចង់ជួបប៉ុណ្ណោះ មិនមែនជាហេតុផលដែលអ្នកត្រូវបោះបង់នោះឡើយ។
២. បើយើងបោះបង់ចោល បញ្ហានេះនៅតែរត់មករកយើង
អ្នកមិនអាចចេះតែរត់គេចពីបញ្ហានោះទេ យើងត្រូវហ៊ានប្រឈមមុខជាមួយគ្រប់រឿងរ៉ាវដែលចូលមក បើមិនដូច្នេះទេ វានៅតែបង្ហាញខ្លួនឲ្យអ្នកឃើញម្ដងហើយម្ដងទៀត។ គេចថ្ងៃនេះបាន ក៏មិនអាចគេចបានរហូតដែរ។
៣. ត្រូវចាំថារឿងអ្វីក៏មានដំណោះស្រាយដែរ
ទោះអ្នកជួបឧបសគ្គអ្វីក៏ដោយ ត្រូវគិតថាវាមិនអស់ផ្លូវដើរទេ ឲ្យតែយើងមិនចុះចាញ់ ហើយព្យាយាមជម្នះវា នោះបញ្ហានឹងអាចដោះស្រាយបាន។ លើសពីនេះអ្នកក៏ធ្លាប់លឺពាក្យមួយឃ្លាដែលថា «ទេវតាមិនបិទផ្លូវមនុស្សទេ» ដូច្នេះឲ្យតែមានដង្ហើម ជីវិតនៅតែមានផ្លូវដើរ។
៤. ពង្រឹងអ្វីដែលយើងនៅខ្វះខាត
បើការងារនោះមិនទាន់ជោគជ័យ ត្រូវយកវាមកគិតឡើងវិញថាហេតុអីយើងមិនជោគជ័យ? ត្រូវរកចំណុចដែលអ្នកនៅខ្វះខាតឲ្យឃើញ រួចចាប់ផ្ដើមពង្រឹងចំណុចនោះឲ្យបានសិន។ រឿងខ្លះមិនអាចធ្វើម្ដងក៏បានសម្រេចឡើយ វាត្រូវការពេល ត្រូវការជំនាញ ត្រូវការទិសដៅត្រឹមត្រូវ ដូច្នេះដកឃ្លា មកគិតឡើងវិញ សឹមសម្រុកទៅមុខម្ដងជាពីរដងទៀត។
៥. ត្រូវមានការអត់ធ្មត់ចំពោះខ្លួនឯង
ការអត់ធ្មត់គឺជាគន្លឹះដែលនាំអ្នកទៅកាន់ភាពជោគជ័យ ហើយការអត់ធ្មត់ចំពោះខ្លួនឯងគឺសំខាន់ណាស់ បើអ្នកមិនអាចមានចំពោះខ្លួនឯងផង តើអាចមានចំពោះអ្នកដទៃ ឬ ការងារដែលយើងធ្វើម៉េចនឹងកើត។ រៀនរំងាប់ចិត្ត ហើយអត់ធ្មត់ខ្លះ។
៦. ត្រូវមានមោទនភាពចំពោះរឿងតូចៗដែលយើងសម្រេចបាន
មិនចាំបាច់ទាល់តែការងារធំទើបអបអរទេ ទោះការងារតូចៗក៏អ្នកត្រូវមានមោទនភាពលើខ្លួនឯងដែរ ព្រោះនេះជាអ្វីដែលអ្នកធ្វើដោយកម្លាំងញើសឈាមរបស់អ្នក។ រៀនសប្បាយចិត្ត និងអបអរខ្លួនឯងចំពោះគ្រប់ការប្រឹងប្រែង មិនថាវាចេញជាលទ្ធផលបានប៉ុណ្ណានោះទេ។
៧. ត្រូវចាំថាមិនមែនមានតែយើងនោះទេដែលឈឺចាប់
គ្មានបុគ្គលជោគជ័យណា មិនធ្លាប់ជួបរឿងឈឺចាប់ និងបរាជ័យនោះទេ តែអ្វីដែលសំខាន់គឺការក្រោកឈរបន្តក្ដីសុបិនទៅមុខទៀត។ បើយើងដួលហើយមិនងើបនោះយើងនឹងគ្មានថ្ងៃទទួលបានអ្វីដែលយើងចង់បាននោះទេ។
កុំបាម្ភអី គ្រប់យ៉ាងនឹងប្រសើរឲ្យតែអ្នកចេះគ្រប់គ្រងចិត្តឲ្យប្រសើរ និងរៀបចំផែនការបានល្អ និងរៀនពីរឿងដែលអ្នកបានជួបកន្លងមក៕