ជីវិតដែលពោរពេញទៅដោយភាពស្រស់ស្អាត និងរីករាយមិនមែនមានន័យថាត្រូវមានលុយ មានបុណ្យសក្តិខ្ពង់ខ្ពស់នោះទេ តែវាជាសុភមង្គលផ្លូវចិត្ត និងបេះដូង។ ទោះបីជាអ្នកគ្មានអ្វីធំដុំនឹងគេ ក៏អ្នកអាចឲ្យជីវិតខ្លួនឯងរឹងមាំ និង រីករាយបានដែរ ដោយរៀនអនុវត្តតាមវិធីខាងក្រោមនេះ៖
១. ទទួលយកខ្លួនឯង និងអភិវឌ្ឍបន្ត
ដឹងថាពេលខ្លះអ្នកអន់ចិត្តនឹងខ្លួនឯងដែលកើតមកមិនស្អាត មិនល្អដូចគេ ប៉ុន្តែអ្នកត្រូវបើកចិត្តថាមនុស្សម្នាក់ៗសុទ្ធតែមានចំណុចល្អរៀងខ្លួន មិនប្រាកដថាអ្នកដែលស្អាតមានវាសនាល្អនោះទេ អ្វីដែលសំខាន់យើងចេះទទួលយកការពិតហើយរស់នៅដោយក្ដីស្រឡាញ់សម្រាប់ខ្លួនឯង។ លើសពីនេះបើរកឃើញថាខ្លួនអន់អ្វី ក៏ប្រឹងហ្វឹកហាត់ខ្លួនឯងចំណុចនោះឲ្យប្រសើរជាងមុន នោះគ្រប់យ៉ាងនឹងស្រស់ស្អាត។
២. ប្រើជីវិតខ្លួនឯងឲ្យមានតម្លៃ
ការពិតជីវិតរបស់មនុស្សម្នាក់ៗសុទ្ធតែមានតម្លៃ អ្វីដែលសំខាន់តើអ្នកចេះប្រើវាទេ? ទោះបីជាអ្នកមានជីវិតដុនដាបយ៉ាងណាក៏ដោយ តែបើអ្នកចេះស្វែងរកផ្លូវចេញ ហើយចាត់ទុកជីវិតខ្លួនឯងមានតម្លៃ នោះអ្នកនឹងរីករាយ ហើយថ្ងៃណាមួយអ្នកប្រាកដជាអាចស្វែងរកផ្លូវជីវិតមួយដ៏ប្រសើរ ដែលគ្មានអ្នកណាអាចមើលឃើញក៏ថាបាន។
៣. បន្តក្ដីស្រមៃ
អ្នកណាក៏ដូចអ្នកណាដែរ ទម្រាំឈោងចាប់ក្ដីស្រមៃខ្លួនឯងបានមិនមែនងាយស្រួលនោះទេ ដូច្នេះត្រូវចេះលើកទឹកចិត្តខ្លួនឯង ទោះគ្មានអ្នកណាលើកទឹកចិត្តអ្នកក៏ដោយ ត្រូវចាំថាគ្មានអ្នកណាល្អដាក់អ្នកជាងអ្នកខ្លួនឯងនោះទេ។ បើដួលក៏ងើប ងើបហើយបន្តទៅមុខទៀត កុំចុះចាញ់បើយើងមិនទាន់ប្រឹងអស់លទ្ធភាព។
៤. ប្រឡូកក្នុងជីវិតការងារឲ្យបានច្រើន
ការងារណាក៏បង្រៀនអ្នកដែរ អ្នកធ្វើការកាន់តែច្រើន អ្នកកាន់តែស្គាល់ពីខ្លួនឯង និងសង្គមមនុស្សកាន់តែច្បាស់។ ការងារបង្រៀនអ្នកឲ្យរឹងមាំ និងមានថាមពលជីវិតកាន់តែខ្លាំង ព្រោះក្នុងជីវិតការងារមានមនុស្សគ្រប់ប្រភេទ ហើយបើអ្នកមិនឈ្លាសវៃអ្នកនឹងអាចរងគ្រោះដោយសារមនុស្សទាំងអស់នោះ។
៥. ធ្វើជាមនុស្សដែលនៅកណ្ដាល
កុំធ្វើជាមនុស្សដែលដើរតាមគេ បើគេស្អប់អ្នកនេះ អ្នកក៏ស្អប់អ្នកនេះដែរ នោះអ្នកគ្មានថ្ងៃរីកចម្រើនឡើយ។ អ្នកត្រូវធ្វើជាមនុស្សដែលនៅផ្លូវកណ្ដាល កុំឆាប់ជឿ កុំឆាប់ស្ដាប់អ្នកណាពេក ត្រូវចេះសម្របខ្លួន និងគិតពីការពិតឲ្យបានត្រឹមត្រូវ។
ការពិតជីវិតនោះលំបាកនៅពេលអ្នកគិតថាវាលំបាក តែបើអ្នកយកការលំបាកនោះមកច្នៃជាកម្លាំងចិត្ត វានឹងបង្រៀនអ្នកឲ្យរឹងមាំ ហើយអាចឲ្យអ្នកចេះប្រើជីវិតដែលមានពណ៌ស៊ីជម្ពូរទៀតផង។