គន្លឹះ៥យ៉ាងដែលធ្វើឲ្យជីវិតមនុស្សស្រីកាន់តែមានក្តីសុខជាងមុន

Vachana-Website-Life-&-Carrier

ក្នុងការរស់នៅប្រចាំថ្ងៃគ្រប់គ្នាតែងតែជួបបញ្ហា ជួបមនុស្សដែលមិនសមប្រកប ឬ រឿងមួយចំនួនដែលធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នក ជាពិសេសមនុស្សស្រីតែម្ដងដែលតែងតែមានចិត្តច្រើន ឆាប់ប៉ះជាងមនុស្សមនុស្សប្រុស។ ថ្ងៃនេះវចនា នឹងនាំអ្នកទាំងអស់គ្នាឲ្យដឹងពីវិធី៥យ៉ាងដែលធ្វើឲ្យអ្នកមានក្តីសុខច្រើនជាងមុន ជាពិសេសសម្រាប់មនុស្សស្រី។
១.​ កុំគិតពីរឿងដែលកើតឡើងហើយ

មានន័យថា អ្នកគួរតែបោះបង់ចោលនូវរឿងអតីតកាល រឿងខ្លះអាចនឹងធ្វើឲ្យអ្នកសោកស្តាយ ប៉ុន្តែអ្នកត្រូវតែរៀនបើកចិត្តទទួលយក និងគិតពីរឿងល្អៗដែលអាចកើតមាននៅថ្ងៃស្អែក។ អតីតកាលជារឿងមិនអាចលុបបាន តែយើងអាចមិនរំលឹកបាន ដូច្នេះកុំរំលឹក កុំសើរើអី។


២. រស់នៅក្នុងភាពជាខ្លួនឯង

ប្រាកដណាស់បើអ្នករស់នៅសម្រាប់តែផ្គាប់ភ្នែកអ្នកដទៃ នោះអ្នកមិនអាចមានក្តីសុខបានទេ អ្នកមិនចាំបាច់ផ្លាស់ប្តូរខ្លួនឯងទៅជាមនុស្សម្នាក់ទៀត ដើម្បីនរណាម្នាក់ឡើយ។ ត្រូវចេះធ្វើអ្វីឲ្យខ្លួនឯងមានសេចក្តីសុខ ជាជាងសម្រាប់អ្នកដទៃ ជាពិសេសក្នុងទំនាក់ទំនងស្នេហា បើគេស្រឡាញ់អ្នកពិត គឺគេនឹងទទួល ហើយរីករាយជាមួយអ្វីដែលអ្នកមាន។


៣. កាត់បន្ថយការរំពឹងទុក

បើសិនជាអ្នកមានការរំពឹងទុកខ្ពស់ វាអាចធ្វើឲ្យអ្នកខកចិត្ត និង អស់សង្ឃឹម។ ផ្ទុយមកវិញ បើអ្នករៀនកាត់បន្ថយ វាជួយអ្នកឲ្យហ៊ានទទួលយកដោយពេញចិត្ត។ រំពឹងខ្លាំង ឈឺកាន់តែខ្លាំង ដូច្នេះចូរធ្វើធម្មតាៗ ទើបជីវិតស្រស់ស្រាយ។


៤. កុំប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ

ពិតណាស់អ្នកអាចនឹងមិនពេញចិត្តនូវអ្វីដែលខ្លួនឯងមាន ប៉ុន្តែអ្វីដែលអ្នកមាន អ្នកដទៃគ្មានក៏ថាបាន ត្រូវចេះ គ្រប់គ្រាន់នឹងអ្វីដែលយើងទទួលបាន និង ស្រឡាញ់អ្វីដែលយើងមាន។ ធម្មជាតិបង្កើតមនុស្សយើងមក គឺមានលក្ខណៈផ្សេងៗគ្នា ដូច្នេះកុំចូលចិត្តប្រៀបធៀបពេក គ្មានអីសប្បាយទេ មានតែខូចចិត្តប៉ុណ្ណោះ។


៥. រៀនគ្រប់គ្រងអារម្មណ៍ និងកំហឹង

ដឹងថាមនុស្សយើងមានចិត្ត ដូច្នេះមិនអាចធម្មតារហូតទេ តែអ្វីដែលអាចជួយអ្នកឲ្យល្អ គឺចេះគ្រប់គ្រងអារម្មណ៍ជាពិសេសពេលខឹង។ ចំណុចនេះអ្នកអាចនឹងខុសជាញឹកញយ ព្រោះនៅពេលដែលអ្នកខឹង អ្នកអាចនិយាយអ្វីដោយមិនបានគិតពីចិត្តអ្នកដទៃ ។ ពាក្យសម្តីខ្លះមិនគួរនិយាយនៅពេលអ្នកមានអារម្មណ៍មិនល្អនោះទេ ត្រូវរៀនចេះទប់កំហឹង នឹងធ្វើចិត្តឲ្យស្ងប់ នោះអ្នកនឹងដឹងថាខ្លួនឯងល្អ ពីមួយថ្ងៃទៅមួយថ្ងៃ នឹងធ្វើឲ្យមនុស្សជុំវិញខ្លួនមានមានអារម្មណ៍ល្អនឹងអ្នកផងដែរ។

ពេលខ្លះយើងគួរតែរៀនធ្វើជីវិតឲ្យធូរស្រាលបន្តិច កុំស្មុគស្មាញពេក រឿងណាភ្លេចបាន ក៏ភ្លេច ហើយចេះញញឹម និងទទួលយករឿងដែលបានកើតឡើង។ គ្រប់គ្នាមានការលំបាករៀងៗ សំខាន់គឺយើងមានគន្លឹះធ្វើចិត្តឲ្យរីករាយបាន។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង