
ក្នុងរឿងស្នេហាអ្នកណាក៏ចង់បានក្តីស្រឡាញ់មួយច្បាស់លាស់ដែរ ជាពិសេសមនុស្សស្រីតែងតែចង់បានមនុស្សប្រុសម្នាក់ដែលអាចបាំងខ្យល់បាំងភ្លៀងឲ្យនាងបាន មិនថាមានរឿងអ្វីក៏ដោយ តែងតែនៅក្បែរនាង និងលើកទឹកចិត្តនាងគ្រប់ពេល។ ប៉ុន្តែក្នុងទំនាក់ទំនងមួយដែលល្អអ្នកក៏មិនគួរទាមទារដៃគូឲ្យធ្វើគ្រប់យ៉ាងសម្រាប់អ្នកនោះទេ ប៉ុន្តែអ្នកគួរតែរៀនសង្កេតមើលកាយវិកា និងទង្វើតូចៗមួយចំនួនដែលគាត់ធ្វើឲ្យអ្នកដោយគ្មានលក្ខខណ្ឌនិងធ្វើឲ្យអ្នកដទៃតែងតែច្រណែនចំពោះទំនាក់ទំនងរបស់អ្នក។ ខាងក្រោមនេះជាចំនុចមួយចំនួនដែលអ្នកគួរតែសង្កេតថាអ្នកមានសំណាងក្នុងរឿងស្នេហានោះឬអត់។
១. ទទួលយកនូវចំណុចខ្វះខាតរបស់អ្នក
មានន័យថាគាត់ព្យាយាមលើកទឹកចិត្តអ្នកនៅពេលដែលអ្នកធ្វើអ្វីមួយមិនបានល្អថែមទាំងសរសើរពីចំណុចទាំងនោះផងដែរ។ លើសពីនេះគាត់មិនដែលបង្អាប់ពីចំណុចអាក្រក់ដែលអ្នកមាន ហើយថែមទាំងនិយាយថា កុំគិតច្រើនអីអូនល្អគ្រប់គ្រាន់ហើយសម្រាប់បង។

២. ស្រឡាញ់អ្នកជាអ្នក
នៅពេលដែលស្រឡាញ់គ្នាអ្នកប្រាកដថាគាត់ស្រឡាញ់តែចំណុចល្អរបស់អ្នកប៉ុណ្ណោះ តែជាក់ស្តែងគាត់មិនដែរចង់ឲ្យអ្នកកែប្រែអ្វីសម្រាប់គាត់ឡើយ ហើយគាត់ចង់ឲ្យអ្នកធ្វើជាខ្លួនឯងដោយមិនចាំបាច់ផ្លាស់ប្តូរអ្វីដែលមិនមែនជាខ្លួនអ្នកនោះទេ។ សំខាន់ជាងនេះគាត់តែងតែបង្ហាញពីទង្វើដែល ផ្តល់តម្លៃឲ្យអ្នក និងការពារអ្នកដោយមិនខ្វល់ពីសម្តីអ្នកដទៃហើយនិយាយប្រាប់អ្នកថា បងស្រឡាញ់គ្រប់យ៉ាងដែលអូនមាន មិនមែនស្រឡាញ់តែភាពស្រស់ស្អាតនិងគុណសម្បត្តិរបស់អូនទេ។
៣. តែងតែផ្តល់ទំនុកចិត្តដល់អ្នក
មនុស្សប្រុសក៏តែងតែមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនដែរជាពិសេសជាមួយមនុស្សស្រី ប៉ុន្តែគាត់មានដែនកំណត់មួយដែលអ្នកដទៃមិនអាចឆ្លងកាត់បាន គាត់តែងតែប្រាប់អ្នកពីរឿងដែលគាត់ត្រូវធ្វើនិងជួបប្រទះដល់អ្នក ធ្វើបែបនេះប្រៀបដូចជាអ្នកកំពុងនៅជាមួយគាត់ដែរ។ សំខាន់ជាងនេះគាត់មិនដែលបំផ្លាញទំនុកចិត្តរបស់អ្នកដោយ ការក្បត់ លួចលាក់ ឬ ព្យាយាមទៅរញ៉េរញ៉ៃ និងចង់បានការយកចិត្តទុកដាក់ពីមនុស្សស្រីដទៃឡើយ។

៤. គោរពគ្រួសារអ្នក
គាត់តែងតែផ្តល់តម្លៃដល់គ្រួសាររបស់អ្នកដូចគ្រួសាររបស់គាត់ដែរ មិនថាទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គាត់ធ្វើនូវទង្វើដែលបង្ហាញពីក្តីស្រឡាញ់និងការគោរពចំពោះគ្រួសារអ្នកដោយមិនមានការទាមទារ ឬចង់បានអ្វីមួយឡើយ ព្រោះនៅពេលដែលគាត់ស្រឡាញ់អ្នកពិត គាត់និងបញ្ជាក់ការគោរពទៅកាន់គ្រួសាររបស់អ្នកដូចគ្នាដែរ។
៥. យកចិត្តទុកដាក់និងអ្នកគ្រប់ពេល
គាត់យកចិត្តទុកដាក់ចំពោះទម្លាប់តូចៗរបស់អ្នក និងហ្មត់ចត់ចំពោះរឿងអ្វីដែលអ្នកបានប្រាប់គាត់ ដោយកាត់តែងតែកត់សម្គាល់អ្វីមួយរបស់អ្នកដោយអ្នកមិនបានដឹងខ្លួន។ ឧទាហរណ៍ តែងតែដឹងពីចំណង់ចំណូលចិត្តរបស់អ្នក របស់ដែលអ្នកស្រឡាញ់ និង រឿងអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត។

៦. ផ្តល់កិត្តិយសដល់អ្នកគ្រប់ពេល
មានន័យថាគាត់តែងតែណែនាំអ្នកឲ្យគ្រួសាររបស់គាត់បានស្គាល់ និងធ្វើអ្វីមួយតែងតែគោរពសិទ្ធិរបស់អ្នក និងសួរយោបល់ពីអ្នកមុនសិនមិនថារឿងតូចឬធំ គាត់តែងតែស្តាប់អ្នក និងព្យាយាមសម្របសម្រួល ដោយលើកហេតុផលទៅកាន់អ្នកប្រសិនបើគាត់ចង់បដិសេធ។ ម្យ៉ាងវិញទៀតគាត់តែងតែបើកចំហរពីទំនាក់ទំនងរបស់គាត់ជាមួយអ្នកដោយអ្នកមិនបាច់សុំ។
៧. មានគម្រោងអនាគតជាមួយអ្នក
ពិតណាស់នៅពេលដែលគាត់មានគំនិតគិតដល់អនាគតជាមួយអ្នក គាត់តែងតែព្យាយាមបង្ហាញពីទង្វើច្បាស់លាស់សម្រាប់អ្នកដោយគ្មានលក្ខខណ្ឌ ព្រោះសម្រាប់គាត់អ្នកសំខាន់ណាស់ ដោយគ្រប់យ៉ាងដែលគាត់ធ្វើគឺចង់ផ្តល់
អនាគតដែលល្អមួយសម្រាប់អ្នក និងសាងគ្រួសារដ៏មានសុភមង្គលមួយក្នុងថ្ងៃអនាគតជាមួយអ្នក។

បើបានជួបមនុស្សប្រុសទាំងនេះហើយអ្នកគួរតែរៀនចេះថែរក្សាគាត់ឲ្យបានល្អព្រោះ ក្តីស្រលាញ់ខ្លះមិនមែនយកលុយមកទិញបានឬទាល់តែជួបមនុស្សប្រុសមានលុយច្រើនទើបមានសំណាងក្នុងរឿងស្នេហាទេ។ ប៉ុន្តែវាអាស្រ័យលើទង្វើតូចៗដែលគាត់ផ្តល់ឲ្យអ្នក និងភាពស្មោះត្រង់ចំពោះអ្នក ទើបអ្នកក្លាយជាមនុស្សស្រីដែលសំណាងបំផុតក្នុងទំនាក់ទំនងស្នេហា។
បញ្ចេញមតិយោបល់