៥ចំណុចសំខាន់ៗនៃមនុស្សប្រុសអ្នកគួរសង្កេត​បើចង់ដឹងថាគេស្រឡាញ់អ្នកពិតឬអត់?

Vachana-Website-Love-Family-2
យើងអាចនិយាយថាមនុស្សប្រុសមិនងាយបង្ហាញអារម្មណ៍របស់ពួកគេទៅកាន់មនុស្សស្រីដែលខ្លួនស្រឡាញ់នោះទេ ប៉ុន្តែទង្វើខ្លះៗដែលគាត់បង្ហាញថាគាត់ស្រឡាញ់អ្នកពិត មិនមែនគ្រាន់តែចង់បានអ្នកមួយពេលឡើយ។ ជាក់ស្តែងមនុស្សប្រុសដែលស្រឡាញ់អ្នកពិតតែងតែចង់ឃើញអ្នករីកចម្រើន និងក្លាយទៅជាល្អ រីឯមនុស្សប្រុសដែលមិនស្រឡាញ់អ្នកតែងតែចង់ឲ្យអ្នកកែប្រែគ្រប់យ៉ាងដើម្បីគេ ៥ចំណុចខាងក្រោមនេះដែលបញ្ជាក់ថាគាត់ជាស្នេហាពិតរបស់អ្នក។
១. គាត់ស្រឡាញ់អ្នកជាអ្នក 
ស្នេហាពិតមិនដែលប្រកាន់រូបសម្រស់ និងគុណវិបត្តិរបស់ដៃគូឡើយ មិនតែប៉ុណ្ណោះគាត់ព្យាយាមបង្ហាញឲ្យមនុស្សគ្រប់គ្នាដឹងថាគាត់ស្រឡាញ់នូវអ្វីដែលអ្នកមានដោយមិនចាំបាច់លាក់បាំង ឬក្លែងបន្លំអ្វីដែលមិនមែនជាខ្លួនអ្នកនោះទេ។ លើសពីនេះគាត់តែជួយលើកទឹកចិត្តអ្នកឲ្យកាន់តែប្រសើរ និង ជួយជ្រោមជ្រែងអ្នកឲ្យមានភាពរីកចម្រើនទៅមុខទៀតផង។

២. គាត់ចេះអត់ធ្មត់ចំពោះអ្នក
ក្តីស្រឡាញ់ពេលខ្លះអាចនឹងមានការឈ្លោះប្រកែកគ្នាខ្លះដោយសារតែអារម្មណ៍ទាំងសងខាង ប៉ុន្តែបន្ទាប់ពីឈ្លោះគ្នាគាត់តែតែធ្វើជាអ្នកចាញ់ និងត្រឡប់មកសុំទោសអ្នកវិញ។ សំខាន់ជាងនេះគាត់មិនដែលទុកអ្នកចោល ឬ ប្រើពាក្យសម្តីខ្លាំងៗទៅកាន់អ្នកឡើយ ចុងបញ្ចប់គាត់នៅតែឲ្យអ្នកឈ្នះដើម្បីរក្សាស្នេហាដែលគាត់មានចំពោះអ្នក។
៣. គាត់ជឿជាក់លើអ្នក
ក្នុងទំនាក់ទំនងស្នេហា គាត់តែងតែជឿជាក់ចំពោះអ្នក មិនថារឿងតូចរឿងធំគាត់តែងតែជឿជាក់អ្នកជាងអ្នកដទៃហើយគាត់តែងតែសួរយោបល់ពីអ្នក និងគោរពតាមការសម្រេចចិត្តរបស់អ្នកក្នុងការធ្វើអ្វីមួយ។ ម្យ៉ាងទៀតគាត់តែងតែផ្តល់សេរីភាពទៅអ្នកគ្រប់គ្រាន់ និងមិនហួងហែងអ្នកលើសពីដែនកំណត់របស់គាត់ និងមិននិយាយអ្វីដែលធ្វើឲ្យអ្នកគ្មានអារម្មណ៍សុវត្ថិភាព។
៣. គាត់មិនដែលផ្លាស់ប្តូរអារម្មណ៍ចំពោះអ្នក
ទោះបីជាពេលវេលាដើរទៅមុខយ៉ាងណាក៏ដោយក៏ក្តីស្រឡាញ់គាត់ចំពោះអ្នកមិនដែលប្រែប្រួលទេ គាត់នៅតែផ្តល់នូវទំនុកចិត្ត ការអត់ធ្មត់ ការស្រលាញ់ និងការគោរពចំពោះអ្នកដូចថ្ងៃដំបូងដែលគាត់បានស្រឡាញ់អ្នក។ សំខាន់ជាងនេះគាត់តែងតែផ្តល់នូវអារម្មណ៍កក់ក្តៅឲ្យអ្នកគ្រប់ពេលដែលមានវត្តមានគាត់ និងមិនដែលរអ៊ូឬបង្ហាញពីភាពប្រងើយកន្តើយពេលនៅជាមួយអ្នកឡើយ។
៥. គាត់គោរពអ្នកជាងខ្លួនឯង
ចំណុចនេះគាត់ក៏ផ្តល់តម្លៃទៅលើរបៀបដែលអ្នករស់នៅក្នុងជីវិតរបស់អ្នកដោយអ្នកមិនបានទាមទារ គាត់មិនដែលទទូចចង់ដឹងពីរឿងផ្ទាល់ខ្លួនអ្នក ប៉ុន្តែគាត់តែងតែប្រាប់អ្នកថា បើមានអីអូនដោះស្រាយមិនបានប្រាប់បងមក។ លើសពីនេះគាត់តែងតែគោរពរឿងផ្ទាល់ខ្លួនរបស់អ្នកហើយអនុញ្ញាតឱ្យអ្នកធ្វើការសម្រេចចិត្តដោយខ្លួនឯង ព្រោះគាត់ជឿជាក់ថាអ្នកនិងសម្រេចចិត្តដោយហេតុផលត្រឹមត្រូវមួយសម្រាប់ខ្លួនឯង។

មនុស្សប្រុសមិនងាយបង្ហាញអារម្មណ៍ពិតចំពោះអ្នកនោះទេ ប៉ុន្តែទង្វើដែលគេផ្តល់ឲ្យអ្នកអាចចេញពីក្តីស្រឡាញ់ពិតប្រាកដដែលគេមានសម្រាប់អ្នក មនុស្សដែលស្រឡាញ់អ្នកពិតតែងតែនៅក្បែរអ្នក បាំងខ្យល់បាំងផ្លៀងឲ្យអ្នក ការពារអ្នក ផ្តល់ក្តីស្រឡាញ់ឲ្យអ្នកជារៀងរាល់ថ្ងៃ និងមិនព្យាយាមកែប្រែអ្នកឲ្យទៅជាមនុស្សម្នាក់ផ្សេង ប៉ុន្តែព្យាយាមកបំពេញនូវចំណុចខ្វះចាតដែលអ្នកមាន និងទទួលគ្រប់យ៉ាងរបស់អ្នក។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង